ជាតិ
លោក ស សុខា បញ្ជាឱ្យដាក់ពិន័យធ្ងន់ធ្ងរលើអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
30, Nov 2023 , 3:46 pm        
រូបភាព
លោក ស សុខា ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ វិច្ឆិកា។ រូបភាព៖ ក្រសួងមហាផ្ទៃ
លោក ស សុខា ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ វិច្ឆិកា។ រូបភាព៖ ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ស្របពេលការផ្សព្វផ្សាយផលិតផលស្រាកាន់តែទូលំទូលាយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឱ្យស្នងការរាជធានី-ខេត្ត រឹតបន្តឹង និងដាក់ពិន័យធ្ងន់ធ្ងរលើអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។



ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ វិច្ឆិកា លោក ស សុខា បានអះអាងថា នាពេលបច្ចុប្បន្នការប្រើប្រាស់គ្រឿងស្រវឹង ពីសំណាក់ពលរដ្ឋកម្ពុជាកាន់តែទូលំទូលាយ ខណៈការផ្សព្វផ្សាយក៏កាន់តែច្រើន។ លោក សុខា មើលឃើញចំណុចទាំងនេះ គឺជាបញ្ហាប្រឈមដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងទាមទារឱ្យរដ្ឋាភិបាលដោះស្រាយ ខណៈក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ខ្ទង់ពាន់នាក់។ 
 
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះដែរ បានឱ្យកម្ពុជាខាតបង់ថវិកាអស់ជាច្រើនលានដុល្លារ ជាពិសេសបាត់បង់ធនធានមនុស្ស។ លោក ស សុខា បញ្ជាឱ្យស្នងការរាជធានី-ខេត្ត និងមន្រ្តីចរាចរណ៍ពាក់ព័ន្ធ រឹតបន្តឹង និងដាក់ពិន័យធ្ងន់ធ្ងរទៅលើអ្នកបើកបរដោយប្រើប្រាស់គ្រឿងស្រវឹង ដើម្បីឈានទៅរកការកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០។ 
 
លោក ថ្លែងដូច្នេះថា៖«យើងមើលឃើញបញ្ហាប្រឈម ដោយសារតែឥឡូវ ការទទួលទានគ្រឿងស្រវឹងគឺមានភាពទូលំទូលាយ ហើយការផ្សព្វផ្សាយក៏កាន់តែច្រើនថែមទៀត។ ហេតុនេះ ខ្ញុំសុំស្នើឱ្យ​មានការពិនិត្យ និងដាក់ពិន័យឱ្យធ្ងន់ធ្ងរបន្តិចដល់អ្នកប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។ 
 
នៅកម្ពុជា ៨០ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយគ្រឿងស្រវឹង។ ទន្ទឹមនេះ រដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តអនុវត្តឱ្យបានសម្រេចតាមគោលដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកឱ្យបាន៥០ភាគរយ ស្របតាមផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលឆ្នាំ២០២១-២០៣០ របស់អង្គការសុខភាពពិភពលោក និងសេចក្តីប្រកាសក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីពិភពលោកលើកទី៣ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីក្រុងស្តុកខម ប្រទេសស៊ុយអែត កាលពីខែកុម្ភៈ ឆ្នាំ២០២០។ 
 
ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ត្រូវបានរៀបចំឡើង ស្របទៅនឹងការវិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជាអត្រាកំណើនប្រជាជន អត្រាកំណើនសេដ្ឋកិច្ច អត្រាកំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក បទពិសោធល្អៗនៃវិធានការរឹតបន្តឹងអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ស្របតាមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍។
 
នៅឆ្នាំ២០១៩ ជាឆ្នាំដែលមានកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ដែលធ្វើឱ្យកម្ពុជាបានខាតបង់ថវិកាអស់ ៤៦៦,៨លានដុល្លារ ស្មើ១,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ចំនួននេះមានការកើន ឡើង៨៨ភាគរយ ធៀបនឹងឆ្នាំ២០១០ មានត្រឹមតែ២៤៨លានដុល្លារសហរដ្ឋអាម៉េរិកប៉ុណ្ណោះ។ 
 
ដោយឡែក ១១ខែ ឆ្នាំ២០២៣នេះ មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១៤៣១នាក់ ថយចុះ២៤៥នាក់ ធៀបឆ្នាំ២០២២ ដែលធ្វើឱ្យកម្ពុជាបានខាតបង់ថវិកាអស់៣៧៩លានដុល្លារ។
 
ការខាតបង់ថវិកានេះ មិនទាន់គិតដល់ផលវិបាកសង្គម ដូចជា ការបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនមាន ពិការភាព និងទុរគតជន ដែលប៉ះពាល់ដល់កម្មវិធីនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា៕ 

Tag:
 ស សុខា
  គ្រឿងស្រវឹង
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com