FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
AFC Cup៖ ក្រុមសិទ្ធិមនុស្សមីយ៉ាន់ម៉ា សាទរអូស្ត្រាលី​​ដែលមិន​ឱ្យក្រុម Shan United ប្រកួតនៅទឹកដីពួកគេ​
30, Nov 2023 , 4:11 pm        
រូបភាព
លោក Kun Naung Myint Wai (ស្តាំ) និងប្រមុខដឹកនាំមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង
លោក Kun Naung Myint Wai (ស្តាំ) និងប្រមុខដឹកនាំមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង
រដ្ឋាភិបាលអូស្ត្រាលីហាមក្លិបបាល់ទាត់ Shan United របស់មីយ៉ាន់ម៉ាមិនឱ្យធ្វើដំណើរទៅប្រទេសខ្លួន ដើម្បីប្រកួតពានរង្វាន់ AFC Cup ទល់នឹងក្រុមអូស្ត្រាលី Macarthur FC ក្នុងក្រុងស៊ីដនី ដោយត្រូវលេងនៅទឹកដីថៃវិញ។ ក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) អបអរការសម្រេចរបស់អូស្ត្រាលី ជុំវិញការបដិសេធទិដ្ឋាការកីឡាករ និងមន្ត្រីក្លិប Shan United ដែលជាកម្មសិទ្ធិរបស់លោក Kun Naung Myint Wai ដែលមានទំនាក់ទំនងស្អិតល្មួតជាមួយរបបយោធាមីយ៉ាន់ម៉ា។



ការបដិសេធទិដ្ឋាការ ធ្វើឡើងមុនការប្រកួតរវាង Macarthur FC និង Shan United ១សប្តាហ៍មុនការប្រកួតដែលធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្រាប់ជំនួបទី៥​ ក្នុងពូល F។ កាលពីជំនួបដំបូងរវាងក្រុមទាំងពីរ ធ្វើឡើងនៅកីឡដ្ឋាន Thuwunna ក្នុងក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីខែកញ្ញា។
 
ប្រធានក្លិប Macarthur FC លោក Sam Krslovic បានអះអាងថា នៅរយៈពេល៧ថ្ងៃមុនប្រកួត ខ្លួនបានទទួលដំណឹងថាសមាជិកក្រុម Shan United នឹងមិនត្រូវបានផ្តល់ទិដ្ឋាការចូលប្រទេសអូស្ត្រាលីឡើយ។ ការមិនផ្តល់ទិដ្ឋាការនេះ ដោយសារ​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្លិបមកពីលីគកំពូលមីយ៉ាន់ម៉ានេះ ព្រមទាំងពី Football Australia ផង។ ជំនួបរវាងក្រុមទាំងពី ​ត្រូវ​ផ្លាស់​ទៅប្រកួត​នៅ​ប្រទេស​ថៃ​ ក្នុងកីឡដ្ឋាន Leo ក្នុងក្រុងបាងកក។
  


ការបដិសេធផ្តល់ទិដ្ឋាការនេះ ដោយសារក្លិប Shan United ដែលជារបស់លោក Kun Naung Myint Wai មានទំនាក់ទំនងយ៉ាងខ្លាំងក្លា ជាមួយយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោក មីន អ៊ុងឡាំង។
 
បើតាមការចុះផ្សាយរបស់កាសែតអូស្ត្រាលី AAP មានការចោទលោក Kun Naung Myint Wai ថាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រសួងការពារជាតិរបស់យោធាមីយ៉ាន់ម៉ា និងទំនាក់ទំនងជាមួយក្រុមហ៊ុនសាជីវកម្មសេដ្ឋកិច្ច Myanma Economic។
 
កាលពីខែតុលាក្រុម Justice For Myanmar (JFM) និងបណ្តាញយុទ្ធនាការមីយ៉ាន់ម៉ា បានដាក់សំណើទៅរដ្ឋមន្ត្រីអន្តោប្រវេសន៍ និងក្រសួងការបរទេសអូស្ត្រាលី ដោយជំរុញឱ្យពួកគេបដិសេធទិដ្ឋាការសម្រាប់សមាជិក Shan United និងដាក់ទណ្ឌកម្មលោក Kun Naung Myint Wai ដែលជាប្រធាន និងជាម្ចាស់ក្លិបផង។ ក្រុមហ៊ុន Wa Minn Group of Companies របស់លោក Myint Wai ក៏ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយយោធាមីយ៉ាន់ម៉ាផងដែរ។
 
ការសម្រេចរបស់រដ្ឋាភិបាលអូស្ត្រាលីនេះ ទទួលបានការសារទរពេញទំហឹង ពីសំណាក់ក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) ជុំវិញការបដិសេធទិដ្ឋាការកីឡាករ និងមន្ត្រីក្លិប Shan United ដែលជាកម្មសិទ្ធិរបស់លោក Myint Wai។
 
Macarthur FC ឈរកំពូលតារាងពូល F បណ្តោះអាសន្ន មាន៩ពិន្ទុ​ ស្មើក្រុមលេខ២ ភ្នំពេញក្រោន ក្រោយប្រកួត៤លើកដូចគ្នា។ DH Cebu ឈរលេខ៣ មាន៤ពិន្ទុ ខណៈ Shan United ដែលអស់ឱកាសប្រជែងកៅអីទៅវគ្គបន្ត នៅបាតតារាងមាន១ពិន្ទុ៕

Tag:
 AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com