ជាតិ
សង្គមជាតិ
លោក ស សុខា ណែនាំឱ្យបញ្ឈប់ការបិទស្ទីគ័រឬអក្សរ លើយានយន្ត
30, Nov 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យម្ចាស់យានយន្តគ្រប់ប្រភេទ ជាពិសេស កុងតឺន័រ បញ្ឈប់ការបិទស្ទីគ័រ ឬអក្សររញ៉េរញ៉ៃតទៅទៀត។ ការតុបតែងបន្ថែមទាំងនេះ អាចទាញអាម្មណ៍មនុស្សឱ្យងាកទៅអាន ឬប្លឹកមើល ដោយគ្មានការប្រុងប្រយ័ត្នក្នុងពេលកំពុងបើកបរ។



ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ វិច្ឆិកា លោក ស សុខា បានលើកឡើងថា មួយរយៈចុងក្រោយនេះ លោក កត់សង្កេតឃើញមានរថយន្តជាច្រើន ជាពិសេស កុងតឺន័រ បានបិទកញ្ចក់ខ្មៅ ស្ទីគ័រ វាំងនន និងអក្សរដែលមានពាក្យចម្លែកៗ ដើម្បីលម្អយានយន្តរបស់ពួកគេ។ 
 
ការតុបតែងបែបនេះ នឹងអាចបង្កគ្រោះថ្នាក់ដោយប្រយោលដល់អ្នកបើកបរខ្លួនឯង និងអ្នករួមផ្លូវជាមួយ ព្រោះថាស្ទីគ័រ ឬអក្សរប្លែកទាំងនេះ អាចទាញអាម្មណ៍មនុស្សមួយចំនួនឱ្យងាកទៅអាន ឬប្លឹកមើល ដោយគ្មានការប្រុងប្រយ័ត្នក្នុងពេលកំពុងបើកបរ។ ម្យ៉ាងទៀត វាក៏អាចបិទបាំងកញ្ចក់សម្រាប់មើលផ្លូវផងដែរ។ 
 
បញ្ហានេះ លោក ស សុខា ណែនាំឱ្យម្ចាស់យាន្តយន្តបញ្ឈប់សកម្មភាពតុបតែងឡាននេះតទៀត។ ជាមួយគ្នានេះ លោក ក៏ស្នើឱ្យស្នងការរាជធានី-ខេត្ត រឹតបន្តឹងឡើងវិញ ដើម្បីធានាសុវត្ថិភាពតាមដងផ្លូវ។ 
 
លោក ថ្លែងដូច្នេះថា៖«ខ្ញុំឃើញផ្ទាល់នៅប៉ុន្មានថ្ងៃមុននេះ មានឡានខ្លះបិទស្ទីគ័រ និងអក្សររញ៉េរញ៉ៃ ជាច្រើន ដែលទាំងអស់នេះ វានឹងធ្វើឱ្យមនុស្សយើងយកពេលវេលាទៅអាន ក្នុងពេលកំពុងបើកបរ។ ដូច្នេះ ប្រសិនបើ យើងពេលតែមួយវិនាទីទៅអាន ឬងាកមើល អាចក្លាយជាការធ្វេសប្រហែស ដែលប៉ះពាល់អាយុជីវិតទៀត។ ដូច្នេះ ខ្ញុំស្នើឱ្យមានការត្រួតពិនិត្យ និងណែនាំឱ្យបានត្រឹមត្រូវ»។  
 
រដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តអនុវត្តឱ្យបានសម្រេចតាមគោលដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកឱ្យបាន៥០ភាគរយ ស្របតាមផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលឆ្នាំ២០២១-២០៣០។
 
ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ត្រូវបានកសាង ស្របទៅនឹងការវិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជាអត្រាកំណើន ប្រជាជន អត្រាកំណើនសេដ្ឋកិច្ច អត្រាកំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក បទពិសោធល្អៗនៃវិធានការរឹតបន្តឹងអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ស្របតាមស្ថានភាព គ្រោះថ្នាក់ចរាចរណ៍។
 
នៅឆ្នាំ២០១៩ ជាឆ្នាំដែលមានកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ធ្វើឱ្យកម្ពុជាបានខាតបង់ថវិកាអស់ប្រមាណ ៤៦៦,៨លានដុល្លារ ស្មើ១,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ចំនួននេះមានការកើន ឡើង៨៨ភាគរយធៀបនឹងឆ្នាំ២០១០ មានត្រឹមតែប្រមាណ២៤៨លានដុល្លារប៉ុណ្ណោះ។ 
 
ដោយឡែក១១ខែ ឆ្នាំ២០២៣នេះ មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១៤៣១នាក់ ថយចុះ២៤៥នាក់ ធៀបឆ្នាំ២០២២ ដែលធ្វើឱ្យកម្ពុជាបានខាតបង់ថវិកាអស់៣៧៩លានដុល្លារ។
 
ការខាតបង់ថវិកានេះមិនទាន់គិតដល់ផលវិបាកសង្គម ដូចជា ការបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនមាន ពិការភាព និងទុរគតជន ដែលប៉ះពាល់ដល់កម្មវិធីនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕ 

Tag:
 ស សុខា
  ចរាចរណ៍
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com