ជាតិ
សង្គមជាតិ
សមត្ថកិច្ចព្រះសីហនុ ចាប់ជនសង្ស័យ៧នាក់ ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់
30, Nov 2023 , 5:29 pm        
រូបភាព
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន។ រូបពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន។ រូបពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ សមត្ដកិច្ច បានស្រាវជ្រាវ និងចុះបង្ក្រាបជនស្ស័យ៧នាក់ ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់នៅខេត្តព្រះសីហនុ។ ជនសង្ស័យទាំង៧នាក់នោះ មានចិន២នាក់ និងខ្មែរ៥នាក់។ នេះបើតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

 
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះ១នាក់ ដើរតាមផ្លូវ ស្រាប់តែមានជនសង្ស័យមួយក្រុម ចាប់បុរសជនជាតិចិននោះ ដាក់ចូលក្នុងរថយន្ត នៅចំណុចផ្លូវម្លប់តាប៉ាង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ វិច្ឆិកា។ ក្រុមជនសង្ស័យទាំងនោះ ជិះរថយន្ត២គ្រឿង និងមានអាវុធខ្លីគ្រប់ដៃ ។ 
 
បន្ទាប់ពីទទួលបានព័ត៌មានហើយ កម្លាំងជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ វិច្ឆិកា ទើបមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះ នៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមមន្ត្រីជំនាញ ដៃជនរងគ្រោះ មានជាប់ខ្នោះទៅខាងក្រោយ និងមានរបួសស្នាមជាច្រើនកន្លែងនៅលើដៃ ជើង និងដងខ្លួន។ 
 
សមត្ថកិច្ចក៏បញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្ត។ បន្ទាប់មកសមត្ថកិច្ច បានបន្តការស្រាវជ្រាវ រហូតដល់២៤ វិច្ឆិកា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន៧នាក់។ 
 
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ច ចាប់បានវត្ថុតាង អាវុធខ្លី៣ដើម គ្រាប់កាំភ្លើងចម្រុះសរុបចំនួន ៨៩គ្រាប់ ខ្នោះដៃ២គូរ និងរថយន្ត៣គ្រឿង។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបន្តនីតិវិធី និងស្រាវជ្រាវស្វែងរកជនសង្ស័យ ដែលនៅសេសសល់បន្ថែមទៀត៕

Tag:
 បង្ខាំងមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com