អន្តរជាតិ
លោក ប្រាយុទ្ធ ត្រូវតែងតាំងជាទីប្រឹក្សាស្ដេចថៃ
01, Dec 2023 , 9:45 am        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
មហាក្សត្រថៃ មហា វ​ជិ​រាល​ង្ក​រណ៍ បានតែងតាំងលោកប្រាយុទ្ធ ចន្ទអូចា អតីតនាយករដ្ឋមន្រ្តីថៃ ជាសមាជិកក្រុមប្រឹក្សាស្ដេច។ នេះបើតាមព្រះរាជក្រឹត្យនៅថ្ងៃទី២៩ ខែវិច្ឆិកា។ ក្រុមប្រឹក្សានេះ មានតួនាទីក្នុងការផ្តល់យោបល់ដល់មហាក្សត្រ។

 
 
ចាប់តាំងពីឆ្នាំ១៩៣២ ក្នុងចំណោមនាយករដ្ឋមន្រ្តីថៃចំនួន៣០នាក់ មានតែនាយករដ្ឋមន្រ្តីចំនួន ៥នាក់ប៉ុណ្ណោះ ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាមហាក្សត្រថៃដែលមានតួនាទីក្នុងការផ្តល់យោបល់ទៅកាន់មហាក្សត្រ។ អតីតនាយករដ្ឋមន្ត្រីលោក Sanya Dharmasakti, លោក Prem Tinsulanonda, លោក Thanin Kraivichien, លោក Surayud Chulanont និងលោកប្រាយុទ្ធ ចន្ទអូចា ជាប់ឈ្មោះក្នុងបញ្ជីនេះ។ 
 
តាមសេចក្តីប្រកាសដែលធ្វើឡើងនៅថ្ងៃទី២១ ខែតុលា មហាក្សត្រថៃ មហា វ​ជិ​រាល​ង្ក​រណ៍ បានសម្រេចតែងតាំងលោក ប្រាយុទ្ធ ចន្ទអូចា អតីតនាយករដ្ឋមន្រ្តីថៃ ជាសមាជិកក្រុមប្រឹក្សាមហាក្សត្រ ដោយផ្អែកតាមរដ្ឋធម្មនុញ្ញថៃ។ ការតែងតាំងនេះ បានចូលជាធរមានភ្លាមៗ។ 
 
«ផ្អែកលើការប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញថៃ...មហាក្សត្របានតែងតាំងលោកប្រាយុទ្ធ ចន្ទអូចា ជាសមាជិកក្រុមប្រឹក្សាស្ដេចដោយចូលជាធរមានភ្លាមៗ»។ ព្រះរាជក្រឹត្យ ដែលចេញនៅថ្ងៃទី២៩ ខែវិច្ឆិកា បានបញ្ជាក់បែបនេះ។ 
 
តាមរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សានេះមានប្រធានម្នាក់ និងសមាជិកចំនួន ១៨នាក់។ ការតែងតាំងលោកប្រាយុទ្ធ បានធ្វើឱ្យក្រុមប្រឹក្សានេះមានសមាជិកពេញអង្គម្តងទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
លោក Surayud Chulanont ជាប្រធានក្រុមប្រឹក្សាចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មក ក្រោយពីលោក Prem Tinsulanonda ។ សមាជិកក្រុមប្រឹក្សានេះភាគច្រើនជាអតីតមេបញ្ជាការកម្លាំងប្រដាប់អាវុធថៃ និងនាយឧត្តមសេនីយ៍ដែលត្រូវផ្តល់ប្រឹក្សាពាក់ព័ន្ធនឹងតួនាទីរបស់មហាក្សត្រ។ 
 
លោកប្រាយុទ្ធ ជានាយករដ្ឋមន្រ្តីទី២៩ ដែលផុតអាណត្តិនៅក្នុងឆ្នាំ២០២៣ ហើយជាអតីតមេបញ្ជាការជើងគោក ដែលបានធ្វើរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០១៤ ដើម្បីទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់អតីតប្រមុខរដ្ឋាភិបាលថៃ។ កន្លងមក លោកប្រាយុទ្ធ បានប្រកាសដើរចេញពីនយោបាយ និងអំពាវនាវឱ្យសមាជិកបក្សជាតិថៃរួបរួម ការពារជាតិ សាសនា ព្រះមហាក្សត្រ៕

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com