កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Ranking៖ អង់គ្លេសឡើងទៅលេខ៣ តែលោក Southgate ចង់បានចំណាត់ថ្នាក់កំពូលពិភពលោក
01, Dec 2023 , 11:20 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស វិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់លេខ៣ ពិភពកលោក នៅក្នុងតារាង FIFA Rankings បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតប្រជែងនៅវគ្គជម្រុះពានរង្វាន់ក្រុមកំពូលអឺរ៉ុប Euro 2024 បានយ៉ាងល្អ ហើយបានរុញក្រុមប្រេស៊ីលដែលកំពុងមានបញ្ហាទម្រង់លេងធ្លាក់ចេញពីចំណាត់ក្រុមកំពូលទាំង ៤។



តំណែងចំណាត់ថ្នាក់លេខ ៣ ជាតំណែងខ្ពស់បំផុតមួយដែលអង់គ្លេសធ្លាប់សម្រេចបានក្នុងតារាងចំណាត់ថ្នាក់ FIFA កាលពីមុនមក។ បន្ទាប់ពីបានវិលត្រឡប់ក្នុងតារាងចំណាត់ថ្នាក់កំពូលឡើងវិញ លោក Gareth Southgate គ្រូបង្វឹកក្រុមអង់គ្លេសថាលោកនឹងធ្វើឱ្យក្រុមឈានដល់កម្រិតកំពូលក្នុងតារាងចំណាត់ថ្នាក់ FIFA។
 
«យើងនៅមាន ២កម្រិតទៀតដែលជាទីកន្លែងដែលយើងត្រូវធ្វើឱ្យបាន។ តើខ្ញុំត្រូវជំរុញក្រុមឱ្យខ្លាំងបន្ថែមទៀតដើម្បីចំណាត់ថ្នាក់លេខ ១? ពិតប្រាកដណាស់ ព្រោះនៅទីខ្ពស់បំផុតអ្នកនឹងសម្រេចវាបានតាមរយៈទម្លាប់នៃការឈ្នះដ៏ជាប់លាប់។»។ លោក Southgate បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
បច្ចុប្បន្នក្រុមម្ចាស់ World Cup 2022 អាហ្សង់ទីនបន្តរក្សាចំណាត់ថ្នាក់លេខ ១ ចំណែកបារាំងនៅចំណាត់ថ្នាក់លេខ ២ ដដែល ហើយក្រុមបែលហ្ស៊ិកនៅចំណាត់ថ្នាក់លេខ ៤។ 
ក្រុមប្រេស៊ីលដែលរងបរាជ័យ ៣លើកចុងក្រោយជាប់ៗគ្នា ដោយចាញ់ក្រោមថ្វីជើងកូឡុំប៊ី អាហ្សង់ទីន និងអ៊ុយរូហ្កាយ បានធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ​ ៥។ 
 
ក្រុមដែលធ្លាក់ចំណាត់ថ្នាក់ខ្លាំងជាងគេបំផុតគឺជាស្វ៊ីសដែលបានធ្លាក់ពីចំណាត់ថ្នាក់លេខ ១៤ ទៅកាន់លេខ ១៨ ខណៈដែលក្រុមដែលត្រូវបានគេឃើញកើនឡើងចំណាត់ថ្នាក់ខ្លាំងបំផុតនោះគឺកោះកូម៉ូរ៉ូស ដែលកើនឡើង ៩ ចំណាត់ថ្នាក់ ពី ១២៨ មកកាន់លេខ ១១៩ ក្រោយពួកគេបានប្រកួតយកឈ្នះលើក្រុមសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងហ្គាណា៕

Tag:
 (FIFA
  អង់គ្លេស
  Gareth Southgate)
© រក្សាសិទ្ធិដោយ thmeythmey.com