ជាតិ
សៀវភៅមុខម្ហូបក្នុងវាំង«សោយ» ឈ្នះពានពិភពលោក Gourmand Award
01, Dec 2023 , 2:10 pm        
រូបភាព
 រូបពីហ្វេសប៊ុក Chef Nak
រូបពីហ្វេសប៊ុក Chef Nak
ភ្នំពេញ៖ សៀវភៅធ្វើម្ហូបក្នុងព្រះបរមរាជវាំងឈ្មោះ”សោយ” របស់​អ្នកនាង រស់ រតនៈ ដែល​គេស្គាល់ជាទូទៅថា Chef Nak បាន​ឈ្នះពាន “សៀវភៅ​ធ្វើម្ហូបល្អបំផុត នៅលើពិភពលោក” ពីពានរង្វាន់ Gourmand Award ពីទីក្រុងរីយ៉ាដ នៃប្រទេស អារ៉ាប៊ីសាអូឌីត។ “សោយ” បានយកឈ្នះប្រទេសជាង១០០ ដែលបានយកសៀវភៅមុខម្ហូបរបស់ខ្លួន ទៅដាក់ប្រកួត។

​នេះ​គឺ​ជាមោទកភាពមួយ ។ អ្នក​នាង រស់ រតនៈ បានប្រឹ​ង​ប្រែង​អស់៤ឆ្នាំហើយ ដើម្បី​បង្ហាញ​​ឱ្យ​ពិភពលោក បាន​ស្គាល់ពី​វប្បធម៌​ខ្មែរ តាមរយៈ​ម្ហូប​អាហារ​ និង​ចង់​ឱ្យ​ពិភពលោក​ទទួល​ស្គាល់ ពីគុណភាពម្ហូបខ្មែរផងដែរ​។


  រូបពីហ្វេសប៊ុក Chef Nak

សៀវភៅ​ដែល​ចំណាយ​ពេល​ចងក្រងរយៈពេល៤ឆ្នាំនេះ បាន​យក​ឈ្នះ​សៀវភៅ​មុខ​ម្ហូប​មក​ពី​ ប្រទេស​ជាង​១០០​ទៅទូទាំង​ពិភពលោក ​ក្រោយចម្រាញ់ចេញពី​២០៥ប្រទេស។ ពានរង្វាន់នេះ អ្នកនាង រស់ រតនៈ បានទទួលនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុង រីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត។ “សោយ” ដែល​បាន​​បោះពុម្ភក្នុងខែឧសភា ឆ្នាំ​២០២៣​នេះ មាន​មុខ​ម្ហូប​ចំនួន​៦០មុខ ដែល​សុទ្ធសឹង​ជា​មុខម្ហូប ត្រូវ​បាន​ចម្អិន​ក្នុង​ព្រះ​បរមរាជវាំង ចន្លោះឆ្នាំ១៩៥០ហើយនិងឆ្នាំ១៩៧០។ 
 
សៀវ​ភៅ​នេះ បាន​បង្ហាញអំពីគ្រឿងផ្សំនិងគ្រឿងទេស ដ៏សម្បូរបែប និង​ប្លែកៗ ពិសេសគ្រឿងផ្សំមួយចំនួន គឺជាឱសថព្យាបាល​ជំងឺ ដែលប្រជាជនខ្មែរ ប្រើប្រាស់ដល់សព្វថ្ងៃ។ សៀវភៅនេះ ក៏រួមបញ្ចូលសាច់រឿងជាច្រើន អំពីក្រុមគ្រួសារព្រះរាជវង្ស​ផង​ដែរ​។ ចំណែក​ឯការជ្រើសរើសមុខម្ហូប ដាក់ក្នុងសៀវភៅនេះវិញ បាន​សម្រិតសម្រាំងយ៉ាង​ខ្លាំង។ មុខ​ម្ហូប​ក្នុង​សៀវ​ភៅ មាន​​​ម្ហូបទឹក ចៀន បំពង ញាំ នំបញ្ចុក ស៊ុប និងបង្អែមជាដើម។
 
Chef Nak ពន្យល់បន្ថែម៖«ការប្រើប្រាស់គ្រឿងផ្សំក្នុងសៀវភៅនេះ គឺអស្ចារ្យណាស់។ មានការ​ប្រើប្រាស់​ផ្កា ជាគ្រឿងផ្សំក្នុងការធ្វើម្ហូប ដ៏ដូចជាការបន្ថែមរសជាតិ ហើយនឹងក្លិន។ ឧទាហរណ៍ថា នៅក្នុងបង្អែម ព្រះអង្គមិនប្រើប្រាស់ទឹកធម្មតា ដើម្បីលាយម្សៅទេ ប៉ុន្តែលោកយកផ្កាទៅចម្រាញ់ឱ្យទៅជាទឹក ដើម្បីយកទៅលាយជាមួយម្សៅ»។ 
  

  រូបពីហ្វេសប៊ុក Chef Nak

អ្នក​នាង រតនៈ ថា​ខ្លួន​ធ្វើ​សៀវភៅនេះឡើង ដើម្បីឧទ្ធិសទៅដល់ ព្រះរាជកន្និដ្ឋា នរោត្តមរស្មីសោភ័ណ ដែលព្រះអង្គបានបូជាកម្លាំងព្រះកាយ ព្រះទ័យ ក្នុង​ការលើកតម្កើងនិងលើកកម្ពស់ ការសិក្សានិង​ការអប់រំរបស់ស្ត្រី ក៏ដូចជាការលើកស្ទួយម្ហូបខ្មែរ។ ​បន្ថែមពីនោះ ចុងភៅដែលមានវ័យ៣៩ឆ្នាំរូបនេះ​ រៀប​រៀង​​សៀវភៅ​មុខម្ហូបនេះឡើង ក៏​ដើម្បី​រក្សា​វប្បធម៌ខ្មែរ រសជាតិម្ហូបខ្មែរ​ ហើយនឹងសាច់រឿងដែលពាក់ព័ន្ធនឹងម្ហូបខ្មែរផងដែរ។ 
 
តាមរយៈសៀវភៅមុខម្ហូប”សោយ” អ្នក​នាង រតនៈ ​ចង់ឱ្យ​ពិភពលោកទទួលស្គាល់ និង​មើលឃើញអំពីគុណភាព​ម្ហូប​ខ្មែរ។ នារីសម្បុរស ដែល​មុខ​មាន​ប្រជាប្រិយ​រូប​នេះ ចង់ប្រើប្រាស់ម្ហូបខ្មែរ ជាអំណាចដ៏ទន់ភ្លន់មួយ ដើម្បីប្រាប់រឿងរ៉ាវរបស់ប្រជាជនកម្ពុជា ទៅកាន់ពិភពលោក​។ ហើយតាមរយៈសៀវភៅនេះ អ្នក​នាង​សង្ឃឹមថាពិភពលោក ចាប់ផ្ដើមឃើញប្រទេសកម្ពុជា ជាប្រទេសអស្ចារ្យ និងមានវប្បធម៌សម្បូរបែប ​ដោយអ្នកនាងមិនចង់​ឱ្យ បរទេសស្គាល់កម្ពុជាតែពីសង្គ្រាម ឬតែពីអង្គរវត្ត​ឡើយ។
 
«ពួកយើង​បាន​ប្រឹងអស់លទ្ធភាព ដើម្បីឱ្យ​សៀវភៅនេះមានគុណភាពខ្ពស់បំផុត ដោយសារយើងចង់​ប្រើប្រាស់វា ក្នុងការផ្សព្វផ្សាយពីកម្ពុជា»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​ Chef Nak។
  

  រូបពីហ្វេសប៊ុក Chef Nak

ទោះជាយ៉ាងណា អ្នកនាង រស់ រតនៈ ថាដោយសារតែសង្គ្រាមប្រល័យពូជសាស្ត្រ បណ្ដាលឱ្យប្រជាជនខ្មែរ ឈប់ ឬមិនសូវប្រើគ្រឿងផ្សំមួយចំនួន ក្នុងម្ហូបអាហាររបស់ខ្លួន។ អ្នកនាងថា ពីដើមប្រជាជនខ្មែរ និយមប្រើប្រាស់ខ្ញីខ្មៅ និងដើមក្រវាញដើម្បីធ្វើជាម្ហូប។ ប៉ុន្តែបច្ចុប្បន្ន គ្រឿងផ្សំទាំងនេះ ប្រជាជនខ្មែរ មិនសូវយកទៅធ្វើម្ហូបឡើយ តែនៅប្រើសម្រាប់ធ្វើជាឱសថ។

ដើម្បីផ្សារភ្ជាប់ឱ្យមានការប្រើប្រាស់គ្រឿងផ្សំទាំងនោះក្នុងម្ហូបឡើងវិញ សៀវភៅធ្វើម្ហូប “សោយ” បានរំលេច​គ្រឿងផ្សំទាំងនោះ។ 
 
«បច្ចុប្បន្នប្រជាជនខ្មែរ ប្រើគ្រឿងផ្សំទាំងនោះ ដើម្បីព្យាបាលជំងឺផ្សេងៗ ប៉ុន្តែ​ពុំបានដឹងថា​គ្រឿង​ផ្សំទាំងនោះ អាច​យកធ្វើជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារ​ឡើយ​។ ពេលនេះ យើងស្រាវជ្រាវសម្រាប់ធ្វើមុខម្ហូបផង និង​សម្រាប់ថ្នាំព្យាបាលរោគផង»។ នេះជាការអះអាងរបស់អ្នកនាង រតនៈ។
 
ទម្រាំបានសៀវភៅមួយក្បាលនេះ ចុងភៅ នៈ ថាមានការលំបាកច្រើន។ ព្រោះឯកសារជាច្រើនបានបាត់បង់ក្នុងអំឡុងពេលសង្គ្រាម ដូច្នេះនៅសល់ឯកសារតិចតួចប៉ុណ្ណោះ ដែលអាចស្រាវជ្រាវបាន។ បន្ថែមលើឯកសារជាក្រដាស អ្នកនាងបានទៅជួបសួរមនុស្សមួយចំនួន ដែលធ្លាប់បាន​ចូលរួមធ្វើម្អូប និង​ធ្លាប់បានទទួលទាន ម្ហូបអាហារក្នុងព្រះបរមរាជវាំង។


  រូបពីហ្វេសប៊ុក Chef Nak

ទីមួយលោក ឯកអគ្គរាជទូត ជូលីអូ ដែលលោកបានសរសេរសៀវភៅជាច្រើន ទាក់ទងជាមួយនឹងព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង​សម្ដេចព្រះរាម បុប្ផាទេវី។ បន្ថែមពីនោះ Chef Nak បានសិក្សាស្វែងយល់ពីព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ដែលព្រះអង្គមានបទពិសោធក្នុង​ការចម្អិនម្ហូប នៅក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជបិតាក្មេក គឺព្រះបរមរតនកោដ្ឋ។ និងបានសួរព្រះអង្គម្ចាស់ ស៊ីសុវត្ថិតេសូ ផងដែរ។ លើសពីនោះ អ្នកនាង នៈ បាន​ចុះទៅទីតាំង​ផ្សេង​ៗ​គ្នាជាច្រើន ដើម្បី​សិក្សាស្វែង​យល់​ឱ្យបានស៊ីជម្រៅ អំពីម្ហូបអាហារ​នីមួយៗ ដែលត្រូវជ្រើសដាក់ក្នុងសៀវភៅ “សោយ”។ 
 
Chef Nak ថាម្ហូបខ្មែរគឺធំទូលំទូលាយ និង​មានភាពចម្រុះច្រើន ដូច្នេះនៅមាន​អ្វីៗជាច្រើនទៀត ដែល​អ្នកនាងត្រូវធ្វើ ដើម្បីផ្សព្វ​ផ្សាយ​ពីម្ហូបខ្មែរ និងពី​កម្ពុជា។ អ្នកនាងថា សៀវភៅ​មុខម្ហូបគ្រាន់តែជាផ្នែកមួយ ក្នុងចំណោមអ្វីដែលអ្នកនាងបាន​ធ្វើ​ជា​ច្រើ​ន​ទៀត ដើម្បីចងក្រង​ទុក​ជា​ឯកសារផង ដើម្បីបង្កើតជាប្រវត្តិសាស្ត្រផង និងដើម្បី​ផ្សព្វផ្សាយពីម្ហូបខ្មែរផង។ 
 
អ្វីដែលនារីរាងតូចស្ដើង រតនៈ បានធ្វើកន្លងមក គឺ​​អ្នក​នាង​បាន​ធ្វើដំណើរ ទៅកាន់ប្រទេសមួយចំនួន ដូចជាប្រទេសថៃ អាម៉េរិក ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងអារ៉ាប៊ីសាអូឌីតជាដើម ដើម្បី​ផ្សព្វ​ផ្សាយអំពី​ម្ហូប​ខ្មែរ​។ ក្នុងឱកាសផ្សេងៗ អ្នកនាងបានធ្វើម្ហូប និងជជែកអំពីម្ហូប ដើម្បីឱ្យជាតិដទៃមាន​ឱកាសភ្លក់ និងស្ដាប់សាច់រឿងពីកម្ពុជ។ ការណ៍នេះធ្វើឡើង ដើម្បីទាក់​ទាញជនបរទេស ឱ្យយល់ដឹងអំពីប្រទេសខ្មែរ និង​ដើម្បីឱ្យពួកគេចង់មកលេងកម្ពុជា។ ក្រៅពីនោះ Chef Nak បានធ្វើសកម្មភាពជាច្រើនទៀត ក្នុងការផ្សព្វផ្សាយពី​ម្ហូបខ្មែរ និងពីកម្ពុជា។
  

  រូបពីហ្វេសប៊ុក Chef Nak

សូម​បញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់ Gourmand Award ធ្វើជាប្រចាំឆ្នាំ ដោយធ្វើដំណើរទៅតាមប្រទេសផ្សេង​ៗ​ ហើយ​​​ឆ្នាំ​នេះ​ជាឆ្នាំ​ទី​​២៩​ហើយ។ ឆ្នាំដំបូងពាន​រង្វាន់​នេះ ធ្វើនៅប្រទេសបារាំង។ ហើយ​ឆ្នាំនេះធ្វើនៅក្នុងប្រទេស Saudi Arabia នៃ​ទីក្រុង Riyadh។ ឆ្នាំ​នេះ​មាន​ប្រទេស​២០៥ ដាក់សៀវភៅធ្វើម្ហូបរបស់ខ្លួន​ចូល​រួម​ប្រកួត​ ហើយ​មានតែ​​​ជាង១០០​ប្រទេសប៉ុណ្ណោះ ដែលត្រូវ​បាន​គណៈកម្មការ ជ្រើសរើស ដើម្បីដាក់ពិន្ទុលើផ្នែកផ្សេងៗគ្នា៕

Tag:
 ម្ហូប
  សៀវភៅ
  ពាន
  សៀវភៅមុខម្ហូប
  ពានរង្វាន់
 
© រក្សាសិទ្ធិដោយ thmeythmey.com