ជាតិ
« ការតម្រង់ទិសជម្រើសជំនាញសិក្សាថ្នាក់ឧត្តមសិក្សា» ជួយបំភ្លឺផ្លូវដល់សិស្សចប់បាក់ឌុប
01, Dec 2023 , 3:10 pm        
រូបភាព
ភ្នំពេញ៖ វិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន (CAM-ASEAN)  បានរៀបចំសិក្ខាសាលា ស្ដីពី ការតម្រង់ទិសជម្រើសជំនាញសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីបង្ហាញផ្លូវដល់សិស្សដែលទើបចប់បាក់ឌុបក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សាបន្ត។

​សិក្ខាសាលាតម្រង់ទិសជម្រើសជំនាញសិក្សាថ្នាក់ឧត្តមសិក្សា នៅថ្ងៃទី ១ ខែធ្នូ​នេះ មានការ​ចូលរួម​ពី​វាគ្មិន ​ចំនួន៧រូប ដែលមាន​សមត្ថភាព និង​ចំណេះ​ជំនាញ​ច្បាស់លាស់។ វាគ្មិនទាំងនោះ បានផ្ដល់​ជា​ចំណេះដឹង គន្លឹះ ​ ជាពិសេស​ការ​តម្រង់ទិស​ដ៏​ត្រឹមត្រូវ សម្រាប់​យុវជន​ដែល​ទើប​ប្រលង​ជាប់​ទី​១២​។​
  

លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន 

លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន ចាត់ទុក សិក្ខាសាលាតម្រង់ទិសនេះ ជាកម្មវិធីដ៏មានសារៈសំខាន់ សម្រាប់យុវជនក្នុងការជ្រើសរើសជំនាញសិក្សាក្រោយចប់ថ្នាក់មធ្យមសិក្សា។ 
 
ទន្ទឹមនេះ លោក ស៊ាង សុបញ្ញា ក៏បានណែនាំ ដល់សិស្សដែលចប់បាក់ឌុប គួរជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវទៅតាមចំណង់ចំណូលចិត្ត និងត្រូវខិតខំដុសខាត់ចំណេះ និងជំនាញអំឡុងពេលសិក្សាថ្នាក់ឧត្តមសិក្សានេះ។ 
 
នាយកវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន លោក សុបញ្ញា សង្កត់ធ្ងន់ដូច្នេះ៖ « ការតស៊ូខិតខំប្រឹងប្រែងនៅកម្រិតមហាវិទ្យាល័យនេះ គឺជាការកំណត់វាសនារបស់យើងពេលអនាគត»។ 
គួរជម្រាបថា នេះជាលើកទី៥ ដែលវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន បានរៀបចំសិក្ខាសាលា ស្ដីពី ការតម្រង់ទិសជម្រើសជំនាញសិក្សាថ្នាក់ឧត្តមសិក្សា។ សិក្ខាសាលានេះ ត្រូវបានរៀបចំ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នាវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន (CAM-ASEAN)  សាខាក្បាលថ្នល់៕ 

Tag:
 សិក្ខាសាលា
  ជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com