ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ីង ប៊ុនហៀង ជាប្រធានក្រុមការងារទទួល និងដោះស្រាយបណ្ដឹងតវ៉ា នៅមុខភូមិគ្រឹះសម្ដេច ហ៊ុន ម៉ាណែត
01, Dec 2023 , 3:40 pm        
រូបភាព
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយរងខុទ្ធកាល័យសម្ដេច ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងារចម្រុះ មានភារកិច្ចទទួល និងដោះស្រាយបណ្ដឹងតវ៉ា គ្រប់មុខសញ្ញា នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងភរិយា នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ រូបពីហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយរងខុទ្ធកាល័យសម្ដេច ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងារចម្រុះ មានភារកិច្ចទទួល និងដោះស្រាយបណ្ដឹងតវ៉ា គ្រប់មុខសញ្ញា នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងភរិយា នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ រូបពីហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដើម្បីដោះស្រាយបញ្ហាតវ៉ានានា នៅជុំវិញភូមិគ្រឹះសម្ដេច នារាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រុមការងារចម្រុះនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានកងអង្គរក្ស។



ក្រុមការងារចម្រុះ ដែលនាយករដ្ឋមន្ត្រី បង្កើតឡើងនេះ មានភារកិច្ចទទួលពាក្យបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្ដេច ហ៊ុន ម៉ាណែត​ និងភរិយា ហើយបញ្ជូនបណ្ដឹងនោះ ទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធ ឬធ្វើរបាយការណ៍សុំគោលការណ៍ដឹកនាំ និងពិនិត្យសម្រេចពីនាយករដ្ឋមន្រ្តី។
 
បើតាមសេចក្តីសម្រេច កាលពីថ្ងៃទី២៧ កញ្ញា ដែលទើបផ្សព្វផ្សាយនាពេលនេះ ប្រមុខរដ្ឋាភិបាល ក៏បានណែនាំឱ្យក្រុមការងារចម្រុះនេះ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ទប់ស្កាត់ក្រុមអ្នកតវ៉ា ដែលមានគ្នាច្រើន ក្នុងគោលបំណងដាក់ពាក្យបណ្ដឹងជូនសម្ដេច ហ៊ុន ម៉ាណែត។ លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្រុមការងារចម្រុះ ត្រូវពន្យល់ពីនីតិវិធីជូនអ្នកតវ៉ា ឱ្យយល់អំពីច្បាប់ និងឯកសារពាក់ព័ន្ធផ្សេងៗ។
 
«ទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាស ដែលកេញចំណេញមកលើក្រុមអ្នកតវ៉ា»។ ជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា អនុប្រធាន និងសមាជិកក្រុមការងារចម្រុះ ត្រូវចូលរួមប្រជុំតាមការកោះហៅរបស់ប្រធានក្រុម។
 
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយរងខុទ្ធកាល័យសម្ដេច ហ៊ុន ម៉ាណែត ជាប្រធាន។ លោក ចៅ តុល នាយរងខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការរងកងអង្គរក្ស, លោក ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី ,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាល ជាអនុប្រធាន។
 
លោក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជាសេនាធិការកងអង្គរក្ស, លោក ឌៀន សារុន មេបញ្ជាការរងកងអង្គរក្ស, លោក ភោគ ចិន្តា មេបញ្ជាការរងកងអង្គរក្ស , លោក ណុប រ័ត្ននិមល មេបញ្ជាការរងកងអង្គរក្ស និងជាជំនួយការនាយករដ្ឋមន្រ្តី , លោក យ៉ាត ទូច មេបញ្ជាការរងកងអង្គរក្ស និងជាជំនួយការនាយករដ្ឋមន្រ្តី, លោក នៅ រ៉ា ជំនួយការនាយករដ្ឋមន្រ្តី , លោក គង់ ចំរើន ជំនួយការនាយករដ្ឋមន្រ្តី, លោក ស៊ុយ ឈុនហាក់ មេធាវីបញ្ជាការដ្ឋានអង្គរក្ស, លោក យិន ចាន់ធួន មេបញ្ជាការកងអន្តរាគមន៍ ៥៩៤ នៅភ្នំពេញ, លោក អ៊ិន សារិន មេបញ្ជាការរង កងអន្តរាគមន៍ទី៨ ប្រចាំការនៅក្រុងតាខ្មៅ និងជាមេប៉ុស្តិ៍ច្រកចេញចូល K12, ស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដា, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តកណ្ដាល រួមទាំងតំណាងពីក្រសួងយុត្តិធម៌, ក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងអធិការកិច្ច និងក្រសួងព័ត៌មាន គឺជាសមាជិក នៃក្រុមការងារចម្រុះនេះ៕

Tag:
 (ហ៊ុន ម៉ាណែត
  ហ៊ីង ប៊ុនហៀង
  នយោបាយ)
© រក្សាសិទ្ធិដោយ thmeythmey.com