ជាតិ
ឱកាសអាហារូបករណ៍សិក្សានៅប្រទេសចិន មានក្នុងពិព័រណ៍អប់រំ នៅផ្សារទំនើបអូឡាំព្យា
01, Dec 2023 , 7:40 pm        
រូបភាព
មានយ៉ាងហោចណាស់គ្រឹះស្ថានអប់រំចំនួន៤០នៅប្រទេសចិន បានសហការជាមួយភាគីកម្ពុជារៀបចំ «ពិព័រណ៍អប់រំអាស៊ាន-ចិន ASEAN-CHINA Education Expo»  ដើម្បីផ្សព្វផ្សាយពីឱកាសបន្តការសិក្សានៅប្រទេសចិន។​ ពិព័រណ៍អប់រំលើកដំបូងនៅកម្ពុជានេះ ត្រូវបានរៀបចំឡើងនៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ ពីថ្ងៃទី១ដល់២ធ្នូ ឆ្នាំ២០២៣។

 
 
លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិន បានបញ្ជាក់ថា ពិព័រណ៍អប់រំចិន-អាស៊ានប្រចាំឆ្នាំ២០២៣នេះ មានគោលដៅលើកកម្ពស់ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រួមទាំងកសាងវេទិកាសម្រាប់ការសិក្សារវាងប្រទេសចិននិងបណ្ដាប្រទេសសមាជិកអាស៊ាន ជាពិសេសជាមួយកម្ពុជា។ ក្នុងពិព័រណ៍អប់រំនេះ មានសាកលវិទ្យាល័យ មហាវិទ្យាល័យ សាលាអន្តរជាតិ ស្ថាប័នអប់រំប្រមាណ៤០ទីតាំង មកពី១១ខេត្ត/ក្រុងនៃប្រទេសចិន​ បានចូលរួមក្នុងការប្រឹក្សាយោបល់ដល់សិស្ស-និស្សិតកម្ពុជា​ដែលមានបំណង​ទៅបន្តការសិក្សានៅប្រទេសចិន។​
 


លោក កាវ ជាន បន្តរៀបរាប់ថា គ្រឹះស្ថានអប់រំដែលចូលរួមក្នុងពិព័រណ៍នេះមានមកពីរដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ខេត្តស៊ីឈួន ខេត្តក្វាងទុង និងតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងមកពីប្រទេសសមាជិកអាស៊ានផ្សេងទៀត ផងដែរ។ លោក បានអះអាងថា៖ «គ្រឹះស្ថានអប់រំទាំងនេះ គឺសុទ្ធតែជាជម្រើសដ៏ល្អសម្រាប់សិស្ស-និស្សិតកម្ពុជា ថៃ ក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត»។
 
ជាមួយគ្នានេះ លោក លី ជីងជុន នាយកដ្ឋានផ្លាស់ប្ដូរនិងសហប្រតិបត្តិការ នៃមន្ទីរអប់រំខេត្តក្វាងទុង បានចាត់ទុកពិព័រណ៍អប់រំនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន ពិសេសលើវិស័យអប់រំ និងសិក្សាធិការ។ លោក សង្ឃឹមថា សិស្ស-និស្សិតកម្ពុជា នឹងទទួលបានអាហារូបករណ៍កាន់តែច្រើនពីសាលានានានៅខេត្តក្វាងទុង និងខេត្ត/ក្រុងផ្សេងទៀតនៃប្រទេសចិន ដោយបានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជា ឱ្យចូលសួរព័ត៌មាននៃកម្មវិធីសិក្សានានានៅតាមស្ដង់ពិព័រណ៍ក្នុងរយៈពេល២ថ្ងៃនេះ។
 


ពិព័រណ៍អប់រំអាស៊ាន-ចិនលើកដំបូងនៅកម្ពុជានេះ ត្រូវបាន លោក​ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច គាំទ្រយ៉ាងពេញទំហឹងនៃការផ្ដល់ឱកាសកាន់តែសម្បូរបែបដល់សិស្ស-និស្សិតកម្ពុជាក្នុងការបន្តការសិក្សាទាំងថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត (PHD)។ លោកបន្តលើកឡើងថា ពិពិរណ៍អប់រំនេះ បានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ ទឹក អគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។
 


លោក ចាប សុថារិទ្ធ បានបន្ថែមយ៉ាងដូច្នេះ៖ «បច្ចុប្បន្នកម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ វិស័យអប់រំក៏ត្រូវបានពង្រឹង និងពង្រីកកាន់តែជិតស្និទ្ធនឹងគ្នា ផងដែរ»៕
 

Tag:
 អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com