ជាតិ
សង្គមជាតិ
ក្រសួងរកឃើញ អាហារបំប៉ននិងថ្នាំក្លែងក្លាយ៦មុខ ដែលមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ
01, Dec 2023 , 9:30 pm        
រូបភាព
ថ្នាំក្លែងក្លាយដែលក្រសួងរកឃើញ។ រូបពី ក្រសួងសុខាភិបាល
ថ្នាំក្លែងក្លាយដែលក្រសួងរកឃើញ។ រូបពី ក្រសួងសុខាភិបាល
ភ្នំពេញ៖ មន្ត្រីជំនាញនាយដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញមួយ នៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម រកឃើញឧបករណ៍សម្រាប់វេចខ្ចប់ និងឱសថក្លែងក្លាយចំនួន៦មុខ ដែលមានសារធាតុសកម្មមិនត្រឹមត្រូវ តាមឱសថដើមឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

 
ថ្នាំក្លែងក្លាយទាំង៦មុននោះ មាន NUTRIENT CALCLUM Tablet, NUTRIENT CALCIUM Capsule, NUTRIENT ANTACID Tablets, SYMPTOMS, CONSTIPAION និងថ្នាំបន្តក់ភ្នែក EYE PLUS។ 
 
តាមការពិនិត្យរបស់ក្រុមមន្ត្រីជំនាញ រកឃើញថាប្រភេទថ្នាំ NUTRIENT CALCLUM Tablet មានផ្ទុកសារធាតុសកម្ម Diclofenac Sodium ហើយ NUTRIENT CALCIUM Capsule មានផ្ទុកសារធាតុ Betamethasone ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់ជីវិត បើអ្នកប្រើប្រាស់រយៈពេលច្រើនខែ។ 
 
ជុំវិញករណីចុះបង្ក្រាបខាងលើ មន្ត្រីជំនាញបានបញ្ជូនជនសង្ស័យ ដែលជាអ្នកវេចខ្ចប់ និងលក់ថ្នាំក្លែងក្លាយ ទៅសាលាដំបូងកំពង់ចាម ដើម្បីបន្តនីតិវិធីច្បាប់។
 
«សូមសាធារណជនបញ្ឈប់ការទិញឱសថខាងលើ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពគ្រប់ប្រភេទ តាមបណ្ដាញទំនាក់ទំនងសង្គម…ព្រោះឱសថ និងផលិតផលទាំងនេះ ពុំអាចធានាបាននូវគុណភាពនិងសុវត្ថិភាពឡើយ»។ ក្រសួងសុខាភិបាលអំពាវនាវបែបនេះ ហើយណែនាំឱ្យពលរដ្ឋរកទិញឱសថ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពណា ដែលមានលេខទិដ្ឋាការ និងបញ្ជិកាពីក្រសួងសុខាភិបាលត្រឹមត្រូវ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com