ជាតិ
សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក
01, Dec 2023 , 5:30 pm        
រូបភាព
 រូបពីហ្វេសប៊ុក ក្រសួងការបរទេស Ministry of Foreign Affairs and International Cooperation
រូបពីហ្វេសប៊ុក ក្រសួងការបរទេស Ministry of Foreign Affairs and International Cooperation
ភ្នំពេញ៖ សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និងបោះពុម្ពផ្សាយ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួង បានទទួលជយលាភីជាថ្មីម្ដងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារ ល្អដាច់គេលើពិភពលោក» (Best Television Awards in the World) នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក ប្រចាំឆ្នាំ២០២៣នេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការទទួលបានពានរង្វាន់ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារ ល្អដាច់គេលើពិភពលោក» (Best Television Awards in the World) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
 
ក្រសួងបានបញ្ជាក់ថា ការឈ្នះជយលាភី ​«ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» បានឆ្លុះបញ្ចាំងអំពីនយោបាយការបរទេស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការលើកស្ទួយម្ហូបអាហារខ្មែរ ដ៏ពិតប្រាកដទៅដល់ពិភពលោក។
 
ក្រសួងបន្ថែមថា ការទទួលបានជយលាភីនេះ ពិតជាមោទនភាព និងកិត្តិយសសម្រាប់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយឱ្យពិភពលោកស្គាល់ និងផ្ដល់តម្លៃចំពោះមរតកដ៏មហិមានៃម្ហូបខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។
 
The Gourmand World Cookbook Awards បានប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ហើយកម្មវិធីនេះ ត្រូវ​បាន​រៀបចំឡើងព្រមគ្នា នៅក្នុងពិធីបុណ្យអាហារសាអូឌីត (Saudi Feast Food Festival)។
 
«ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» សម្រាប់ឆ្នាំ២០២៣ បានផ្ដល់មកឱ្យកម្ពុជា ទៅលើវីដេអូឃ្លីប ដែលបង្ហាញអំពីការចម្អិនម្ហូបខ្មែរ ចំនួន៧មុខ និងបង្អែមចំនួន២មុខ ដកស្រង់ចេញពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ»។ 
 
វីដេអូឃ្លីបទាំងនោះ ត្រូវបានរៀបចំផលិតដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ(NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងបានថត និងចងក្រងចេញពីវគ្គបណ្ដុះបណ្ដាលការទូតអាហារ សម្រាប់មន្ត្រីការទូត និងសហព័ន្ធមន្ត្រីការទូត។
 
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ជាជំនួយដល់ស្ថានបេសកកម្មការទូតកម្ពុជានៅបរទេស ស្វែងយល់ឱ្យកាន់តែច្បាស់ពីសិល្បៈ នៃការចម្អិនម្ហូបខ្មែរ និងបង្កើនសមត្ថភាពពន្យល់ អំពីប្រវត្តិម្ហូបខ្មែរដល់បរទេស។ ជាពិសេសការចូលរួម ប្រកបដោយបុរេសកម្ម នៃវិស័យការទូតក្នុងការផ្សព្វផ្សាយ ពីមុខម្ហូប និងវប្បធម៌ខ្មែរ ទាក់ទាញភ្ញៀវទេសចរបរទេស ការវិនិយោគ និងការពង្រីកការនាំចេញ ផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស។
 
ការទូតអាហារ គឺជាផ្នែកមួយដ៏សំខាន់ នៃអភិក្រមយុទ្ធសាស្ត្រ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការអនុវត្តយុទ្ធសាស្ត្រ ការទូតសេដ្ឋកិច្ចរបស់ក្រសួង ដែលបានដាក់ចេញកាលពីឆ្នាំ២០២១។ គោលបំណងនៃយុទ្ធសាស្ត្រនេះ គឺដើម្បីលើកស្ទួយកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ឈានទៅសម្រេចនូវចក្ខុវិស័យរបស់កម្ពុជា ប្រែក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
 
សូមរំលឹកថា កាលពីឆ្នាំ២០២១និងឆ្នាំ២០២២ កន្លងទៅ សៀភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» បានទទួលជយលាភី ជាសៀវភៅមុខម្ហូបអាស៊ី ដែលល្អផ្ដាច់គេ (The Best Asian Cookbook) និង​ពានរង្វាន់សៀវភៅមុខម្ហូបសម្រាប់ប្រមុខរដ្ឋ (Best Heads of State/Food) នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក។
 
សូមបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយជនជាតិបារាំង លោក Edouard Cointreau ក្នុងគោលបំណងគាំទ្រប្រពៃណីចម្អិនអាហារ ពីគ្រប់ទិសទីនៃពិភពលោក៕

Tag:
 វប្បធម៌
  ម្ហូបអាហារ
  ពានរង្វាន់
 
© រក្សាសិទ្ធិដោយ thmeythmey.com