កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Legia Warsaw ត្រូវបានហាមចូលកីឡដ្ឋានក្នុងជំនួបទល់ Aston Villa ខណៈប៉ូលិស ៣នាក់របួស
01, Dec 2023 , 6:00 pm        
រូបភាព
ក្រុមអ្នកគាំទ្ររបស់ក្លិប Legia Warsaw របស់ប្រទេសប៉ូឡូញ ត្រូវបានហាមមិនឱ្យចូលទស្សនាការប្រកួតទល់នឹងក្រុម Aston Villa ជំនួបពានរង្វាន់ Europa Conference League នៅថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់ពីពួកគេ បានប៉ះទង្គិចគ្នាជាមួយនឹងក្រុមមន្ត្រីប៉ូលិសអង់គ្លេស ដែលបង្កឱ្យមន្ត្រីប៉ូលិស ៣នាក់រងរបួស។

ភាពចលាចលកើតឡើងមុនការប្រកួតជំនួបពានរង្វាន់ Europa Conference League ក្នុងកីឡដ្ឋាន Villa Park រវាងក្រុមម្ចាស់ផ្ទះ Aston Villa របស់លោក Unai Emery ស្វាគមន៍ក្រុម Legia Warsaw។ បន្ទាប់ពីអំពើហិង្សារវាងអ្នកគាំទ្រនិងមន្ត្រីប៉ូលិសរួច តំបន់កៅអីដែលត្រូវទុកសម្រាប់អ្នកគាំទ្ររបស់ក្រុមភ្ញៀវត្រូវបានប៉ូលិសបិទមិនឱ្យមានអ្នកចូលទស្សនាឡើយ។
 
« យើងមិនអាចអនុញ្ញាតឱ្យអ្នកគាំទ្រចូលទៅ Villa Park បន្ទាប់ពីមានភាពមិនប្រក្រតីនៅខាងក្រៅកីឡដ្ឋាន ដែលបានឃើញកាំជ្រួចភ្លើងគប់ទៅលើមន្ត្រីប៉ូលិស។ មន្ត្រីប៉ូលិស ៣នាក់បានរងរបួស ហើយប្រតិបត្តិការប៉ូលិសដ៏សំខាន់ក៏កំពុងតែបន្តដូចគ្នា។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីប៉ូលិសទីក្រុង Birmingham។
 
ទោះជាយ៉ាងណាក្លិប Legia Warsaw បានអះអាងថាក្លិប Aston Villa បានផ្តល់សំបុត្រឱ្យក្លិបមកពីប៉ូឡូញនូវការបែងចែកសំបុត្រតិចជាងចំនួនកំណត់ដែលបានផ្តល់សិទ្ធិស្របតាមបទប្បញ្ញត្តិរបស់ UEFA។ 
 
បើតាមសេចក្តីថ្លែងការណ៍របស់ក្លិបបន្ទាប់ពីចប់ការប្រកួតដូច្នេះថា ៖ «ជំនួសឱ្យការលុបបំបាត់ភាពតានតឹងមុនការប្រកួត វិធានការរឹតបន្តឹងរបស់ ​Aston Villa នៅពេលដែលក្លិបម្ចាស់ផ្ទះធ្វើឱ្យបរិយាកាសកាន់តែធ្ងន់ធ្ងរដោយមិនចាំបាច់។ តាមទស្សនៈរបស់យើង វិធានការបែបនេះគឺផ្ទុយនឹងផលិតផល និងគ្មានការធានាសម្រាប់យើង។»៕

Tag:
 (Aston Villa
  Europa Conference League)
© រក្សាសិទ្ធិដោយ thmeythmey.com