សេដ្ឋកិច្ច
អន្តរជាតិ
តើអ្នកណាចំណេញ ឬខាតនៅពេលប្រាក់ដុល្លារធ្លាក់ថ្លៃ ?
02, Dec 2023 , 9:29 am        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
 
 នៅខែវិច្ឆិកា ប្រាក់ដុល្លារបានបាត់បង់តម្លៃ ៣,៧ភាគរយបើធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗ ។​ ប្រាក់ដុល្លារទន់ខ្សោយនឹងធ្វើឲ្យប្រទេសនាំចូលទំនិញដោយទូទាត់ជាលុយដុល្លារ ទទួលបានផលចំណេញច្រើន។ ផ្ទុយទៅវិញវានឹងដាក់សម្ពាធដល់ប្រជាជនអាម៉េរិក ជាពិសេសនឹងនាំអតិផរណាកើនឡើងសារជាថ្មី។ 

 
ប្រាក់ដុល្លារធ្លាក់ថ្លៃជាដំណឹងល្អសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចូលទំនិញតាមរយៈការទទូតដោយប្រើលុយនេះ ព្រោះភាគច្រើនទំនិញទាំងនោះត្រូវបានចុះបញ្ជីជាប្រាក់ដុល្លារ ក៏ដូចជាប្រទេសដែលត្រូវសងបំណុលជារូបិយប័ណ្ណនេះផងដែរ។ ប៉ុន្តែសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅអាម៉េរិកនឹងត្រូវចំណាយកាន់តែច្រើនក្នុងការទិញទំនិញនានា។
 
តាមពិតទៅ សន្ទស្សន៍ប្រាក់ដុល្លារបានកើនឡើងខ្លាំងចាប់ពីខែកក្កដាដល់ខែតុលាដែលមានច្រើនជាង ៧ភាគរយដោយសារសេដ្ឋកិច្ចអាម៉េរិកមានកំណើនឡើងវិញ ហើយធនាគារកណ្តាល (Fed) អាចនឹងរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់។ អត្រាការប្រាក់ខ្ពស់នឹងទាញតម្លៃប្រាក់ដុល្លារឲ្យឡើងថ្លៃ។ 
 
យ៉ាងណាមិញ សេដ្ឋកិច្ចអាម៉េរិកបានបង្ហាញពីសញ្ញានៃការថមថយក្នុងខែវិច្ឆិកា ដែលធ្វើឱ្យមានការរំពឹងថា  Fed នឹងបញ្ចប់ដំណើរការដំឡើងអត្រាការប្រាក់ និងកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ។
 
នៅខែវិច្ឆិកាឆ្នាំ ២០២៣  ប្រាក់ដុល្លារបានបាត់បង់តម្លៃ ៣,៧ភាគរយធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ។ លោក Ulrich Leuchtmann នាយកស្រាវជ្រាវរូបិយប័ណ្ណបរទេសនៅធនាគារ Commerzbank បានប្រាប់ទូរទស្សន៍ CNN ថា ប្រាក់ដុល្លារនឹងធ្លាក់ចុះនៅ២ត្រីមាសខាងមុខ ប្រសិនបើមានភស្តុតាងច្បាស់លាស់បន្ថែមទៀតថា Fed នឹងកាត់បន្ថយអត្រាការប្រាក់នោះ។
 
ចំណែកលោក Cameron Willard សមាជិកនៃក្រុមស្រាវជ្រាវទីផ្សារមូលធនស៊ុយអែតនៅ Handelsbanken បានព្យាករថា ប្រាក់ដុល្លារនឹងបន្តធ្លាក់ចុះនៅឆមាសទី១ឆ្នាំក្រោយរហូតដល់ការបោះឆ្នោតខែវិច្ឆិកា។ 
 
«ខ្ញុំគិតថា ប្រាក់ដុល្លារនឹងមិនបាត់បង់តម្លៃក្នុងរយៈពេលវែងនោះទេ។ បើវាអាចកើតឡើងមែននុះ លុះត្រាតែមានរូបិយប័ណ្ណផ្សេងមកជំនួសហើយអាចទុកចិត្តបាន។ ប៉ុន្តែបច្ចុប្បន្ន ប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក និងជារូបិយប័ណ្ណដែលមានសុវត្ថិភាពបំផុត»។ លោក Willard បានអះអាងបែបនេះនៅក្នុងបទសម្ភាសជាមួយ CNN។
 
អ្នកណាចំណេញ អ្នកណាខាត ពេលប្រាក់ដុល្លារធ្លាក់ថ្លៃ? 
 
សម្រាប់​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ការ​នាំ​ចូលទំនិញ ប្រាក់​ដុល្លារ​ចុះថោក​មាន​ន័យ​ថា ​ពួកគេ​ត្រូវ​ចំណាយ​តិច​សម្រាប់​ផលិតផល​សំខាន់ៗ​ដូចជា​ស្រូវសាលី និង​ប្រេងឆៅ។ ការណ៍នេះនឹងជួយឱ្យអតិផរណាធ្លាក់ចុះមកកម្រិតទាបនៅក្នុងសេដ្ឋកិច្ចប្រទសទាំងនោះ។
 
ឧទាហរណ៍ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងបណ្តាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូជាច្រើនដែលពឹងផ្អែកលើទំនិញនាំចូលនឹងទទួលបានផលចំណេញច្រើន។ នេះបើតាមលោក Mark McCormick នាយកទីផ្សារប្តូរប្រាក់បរទេសនៅក្រុមហ៊ុនហិរញ្ញវត្ថុ TD Securities ។
 
ក្រុមហ៊ុននាំចេញនៅអាម៉េរិកក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ពីព្រោះតម្លៃផលិតផលរបស់ពួកគេនឹងមានតម្លៃថោកជាងនៅពេលប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត។ ដូច្នេះទំនិញមានការប្រកួតប្រជែងជាងនៅបរទេស។
 
ទន្ទឹមនេះ ទំនិញដែលនាំចូលទៅអាម៉េរិកនឹងមានតម្លៃថ្លៃជាងមុន ដែលជួយឱ្យអាជីវកម្មអាម៉េរិកលក់ទំនិញក្នុងស្រុកប្រជែងបានប្រសើរជាងដៃគូបរទេស។ នេះបើតាមលោក Ulrich Leuchtmann ។ 
 
លើសពីនេះ នៅពេលប្រាក់ដុល្លារធ្លាក់ថ្លៃវាក៏ជាដំណឹងល្អសម្រាប់ទីផ្សារប្រទេសកំពុងរីកចម្រើន។ ប្រទេសជាច្រើននាពេលបច្ចុប្បន្នបានខ្ចីបំណុលជាប្រាក់ដុល្លារ ដូច្នេះនៅពេលដែលរូបិយប័ណ្ណនេះខ្សោយ វានឹងជួយឱ្យពួកគេសងបំណុលបានកាន់តែងាយស្រួល។ បន្ថែមពីនេះ ប្រាក់ដុល្លារចុះខ្សោយ នឹងបង្កើនឱកាសវិនិយោគនៅតាមបណ្តាប្រទេសនានានាកាន់តែច្រើន។
 
យ៉ាងណាមិញ អ្នកប្រើប្រាស់អាម៉េរិកនឹងមិនសប្បាយចិត្តទេជុំវិញព័ត៌មាននៃការធ្លាក់ថ្លៃប្រាក់ដុល្លារនេះ ដោយសារតែពួកគេនឹងត្រូវចំណាយកាន់តែច្រើនសម្រាប់ទំនិញនាំចូល ដូចជាស្រាបារាំង ឬរបស់របរនាំចូលពីចិន និងការធ្វើដំណើរទៅក្រៅប្រទេស។
 
លោក Leuchtmann បានលើកឡើងថា ជាទូទៅប្រាក់ដុល្លារទន់ខ្សោយនឹងធ្វើឱ្យប្រជាជនអាម៉េរិកកាន់តែក្រីក្របន្តិច ដោយសារពួកគេត្រូវចំណាយកាន់តែច្រើនសម្រាប់ការនាំចូល និងនាំចេញទំនិញបានតិចជាង។ ប្រសិនបើមិនមានការប្រែប្រួលទេនោះ ប្រាក់ដុល្លារធ្លាក់ថ្លៃនឹងធ្វើឱ្យអតិផរណានៅអាម៉េរិកកើនឡើង។ ប៉ុន្តែអតិផរណាវាអាស្រ័យលើកត្តាច្រើនទៀត។ 
 
ចំពោះការឡើងថ្លៃនៃវិស័យអចលនទ្រព្យដូចជាលំនៅឋាន និងទីផ្សារការងារដែលមានស្ថិរភាពនៅអាម៉េរិកបច្ចុប្បន្ន អាចជួយទប់ស្កាត់សម្ពាធអតិផរណាបានខ្លះ ទោះបីជាមានកំណើននៃការនាំចូលក៏ដោយ។ លោក Willard បាននិយាយថា ៖« ខ្ញុំគិតថា Fed មិនព្រួយបារម្ភពេកទេ ជុំវិញការធ្លាក់ថ្លៃប្រាក់ដុល្លារនេះ» ៕ 
 

Tag:
 ប្រាក់ដុល្លារ
  អាម៉េរិក
  Fed
© រក្សាសិទ្ធិដោយ thmeythmey.com