ជាតិ
ខួប៨ឆ្នាំ​ ដែល «​ទាញព្រ័ត្រ​» ចូលក្នុង​បញ្ជី​យូណេស្កូ​
02, Dec 2023 , 9:46 am        
រូបភាព
ការប្រកួតទាញព្រ័ត្រ ដណ្ដើមជ័យលាភី ដែលរៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រ កន្លងមក។
ការប្រកួតទាញព្រ័ត្រ ដណ្ដើមជ័យលាភី ដែលរៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រ កន្លងមក។
 
ថ្ងៃនេះ ជាខួប៨ឆ្នាំហើយ ដែល «​ទាញព្រ័ត្រ​» ចូលក្នុង​បញ្ជី​យូណេស្កូ​។ «​ទាញព្រ័ត្រ​» (Tug-of-War) ដែលជា​ប្រភេទ​កីឡា និង​ល្បែង​ចម្រុះ​ជាតិ​សាសន៍​ត្រូវបាន​ចុះទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ក្រោម​ឈ្មោះ «Tugging Rituals and Games» នា​កិច្ចប្រជុំ​លើក​ទី​១០​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​ទីក្រុង Windhoek ប្រទេស​ណា​មី​ប៊ី កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ។

​ការចុះបញ្ជី​ល្បែង «​ទាញព្រ័ត្រ​» ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ កើតចេញពី​ការប្រឹងប្រែង​រួមគ្នា របស់​កម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និង​វៀតណាម​។ សម្រាប់​កម្ពុជា ទាញព្រ័ត្រ គឺជា​ល្បែង​ដ៏​ពេញនិយម ដែលមាន​នៅក្នុង​រឿងព្រេង និង​នៅតាម​ជញ្ជាំង​ប្រាសាទ រួមទាំង​យក្ស​ទាញព្រ័ត្រ​នៅ​ច្រកចូល​អង្គរធំ​។​
​ល្បែង​ទាញព្រ័ត្រ ជា​ប្រភេទ​ល្បែង​មួយបែប  ដែល​យុវជន​ខ្មែ​ទាំង​បុរស ទាំង​ស្ដ្រី តែង​លេង​កំសាន្ដ​សប្បាយ ។​ល្បែង​ទាញព្រ័ត្រ គេ​លេង​ដោយ​ប្រើ​កម្លាំងកាយ ហើយ​គេ​លេង​តែ ក្នុង​រដូវចូលឆ្នាំ​ខ្មែរ ប៉ុណ្ណោះ​។ ល្បែង​នេះ បង្ហាញ​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​យកឈ្នះ​គូបដិបក្ខ​។​
 
សមាសភាព​នៃ​អ្នកចូលរួម​លេងល្បែង​ទាញព្រ័ត្រ ចែកចេញជា​២​ក្រុម​។ មុនដំបូង​គេ​ជ្រើសរើស​បុរស​ម្នាក់ និង​ស្រី្ត​ម្នាក់ ដែលមាន​មាឌធំ​មាំ ឲ្យ​ធ្វើជា​អ្នក​ឈរ​កាន់​ចុង​ព្រ័ត្រ​។ បុរស​និង​ស្ត្រី​នោះ ត្រូវ​កាន់ ចុង​ម្ខាង​ម្នាក់  ហើយ​ឲ្យ​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់ទៀត ដែលមាន​មាឌធំ ឈរ​កណ្ដាល​ព្រ័ត្រ ត្រង់​កន្លែង​ដែល​ពួក​ទាំងពីរ​ឈរ សម្រាប់​នាំ​ពួកខ្លួន​ឲ្យ​ខំ​ទាញ​រៀងៗ​ខ្លួន​។ ចំណែកឯ​អ្នក​ដែលមាន​មាឌតូចៗ ស្គមៗ ក​ម្លាំ​អ​ខ្សោយៗ គេ​ឲ្យ​ឈរ​កណ្ដាល​។
 
​លុះ​រៀបចំ​រួចហើយ គេ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​កាន់​សំភោរ ឬ​គង ឬក៏​រគាំង​ឈរ​ត្រង់​កណ្ដាល​ទីជិត​អ្នក​ទាំងពីរ​ដែល​កាន់​ខ្សែ​ឈរ​ប្រទល់​មុខ​គ្នា​នោះ ផ្ដើម​ស្រែក​ឡើង​ព្រម​គ្នា​ថា យក្ស​អរ​(១) !.!  ឮ​យ៉ាងខ្លាំងៗ ធ្វើ​សំឡេង​វែងៗ រលាក់រលែក​យ៉ាង​គ្រលួច​។ រីឯ អ្នក​ប្រុង​ទាញព្រ័ត្រ​ទាំង​ប៉ុន្មាន ជួយ​ស្រែក​ទទួល​ឡើង​ព្រម​គ្នា​ថា ហ៊ោ​វ៉ឺយៗ ៣​ដង ទើប​នាំគ្នា​ទាញ​យកជ័យ​ជ​ម្នះ​​រៀងខ្លួន​។
 
​​ដើម្បី​ទទួលបាន​ជ័យជម្នះ ភាគី​នីមួយៗ ត្រូវ​រួម​កម្លាំង​គ្នា ដោយ​ឥត​រាថយ​។ ពួកគេ​ត្រូវ​សាម​គ្គឺ​គ្នា និង​ប្រើ​កម្លាំង​រួមគ្នា ព្រមទាំង​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់ពី​ក្នុង​ខ្លួន ដើម្បី​យកឈ្នះ​លើ​ដៃគូ​ប្រកួត​របស់ខ្លួន​៕
 
 

Tag:
 ល្បែងទាញព្រ័ត្រ
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com