ជាតិ
ក្រសួងអប់រំ ប្ដេជ្ញារៀបចំសាលារៀនគំរូចន្លោះពី៥០០ ទៅ១០០០សាលា ដោយប្រើពេល២ឆ្នាំ
02, Dec 2023 , 10:29 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ រូបភាពពី ក្រសួងអប់រំ
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ រូបភាពពី ក្រសួងអប់រំ
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡារ បានដាក់ផែនការរៀបចំសាលារៀនគំរូចន្លោះពី៥០០ ទៅ១០០០សាលា ក្នុងរយៈពេល២ឆ្នាំ ដើម្បីលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ជាពិសេសវិធីសាស្ត្របង្រៀនថ្មី និងការប្រើប្រាស់បច្ចេកវិទ្យាបង្រៀនផងដែរ។

ក្រសួងអប់រំ ប្ដេជ្ញារៀបចំសាលារៀនគំរូ  ឱ្យបាន៥០ ទៅ១០០សាលា នៅខែមេសា ឆ្នាំ២០២៤ខាងមុខ។ ដោយឡែក ផែនការរៀបចំសាលាគំរូចន្លោះពី៥០០ ទៅ១០០០នេះ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤។ 
 
ជាមួយគ្នានេះ ក្រសួងអប់រំ នឹងពង្រឹងអភិបាលកិច្ចសាលារៀន  ក៏ដូចជាកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។  យ៉ាងណាមិញ ផែនការនេះ ក្រសួងបានដាក់ចេញនូវកម្មវិធីកំណែទម្រង់សាលារៀន ឱ្យមានស្វ័យភាព តាមរយៈការអនុវត្តសាលារៀនមានប្រសិទ្ធភាព ការសិក្សាក្រៅម៉ោង ដែលផ្តោតលើការអភិវឌ្ឍន៍យុវជន ការងារស្ម័គ្រចិត្ត ការងារសហគមន៍ និងការអប់រំសីលធម៌។
 
យោងតាមរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំនេះ សម្តេច ហ៊ុន ម៉ាណែត បានបន្តលើកទឹកចិត្តដល់ក្រសួងអប់រំ  ឱ្យកំណត់អាទិភាព និងសកម្មភាពជាក់ស្តែងឱ្យបានច្បាស់លាស់ ដោយផ្តោតសំខាន់លើធនធានមនុស្ស, កម្មវិធី សម្ភារៈ ផែនការសកម្មភាព និងពេលវេលាត្រូវអនុវត្ត។ 
 
ក្រៅពីនេះ សាលារៀនត្រូវអនុវត្ត ដោយការទទួលខុសត្រូវខ្ពស់លើការបង្រៀន និងការរៀន ផ្អែកលើលទ្ធផលសិក្សារបស់សិស្ស ដើម្បីកែលម្អការបង្រៀន និងសិស្សរៀនយឺត ដោយផ្តល់ព័ត៌មានដល់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ឱ្យចូលរួមគាំទ្របន្ថែម៕
 
   
 

Tag:
 ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com