អន្តរជាតិ
កូរ៉េខាងត្បូង ជោគជ័យបង្ហោះផ្កាយរណបចារកម្មទី១ មួយសប្ដាហ៍ក្រោយកូរ៉េខាងជើង
02, Dec 2023 , 10:59 am        
រូបភាព
កូរ៉េខាងត្បូង នៅថ្ងៃទី១ ខែធ្នូ បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាផលិតក្នុងស្រុកជាលើកដំបូងដោយជោគជ័យ ចំពេលការគំរាមកំហែងពីកូរ៉េខាងជើងកើនឡើង។ផ្កាយរណបនេះ នឹងជួយទីក្រុងសេអ៊ូលពង្រឹងសមត្ថភាពតាមដានទីក្រុងព្យុងយ៉ាងដែលទើបបាញ់ផ្កាយរណបយោធាជោគជ័យដូចគ្នាកាលពីសប្ដាហ៍មុន ប៉ុន្តែវាទំនងជារុញច្រានឧបទ្វីបកូរ៉េទៅក្នុងការប្រជែងនៅទីលំហផងដែរ។

 
ផ្កាយរណបចារកម្មកូរ៉េខាងត្បូង ត្រូវបានបាញ់ចេញពីមូលដ្ឋានយោធាអាមេរិក Vandenberg ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា ផ្កាយរណបនេះត្រូវបានដាក់ក្នុងគន្លងតារាវិថីប្រហែល៤នាទីបន្ទាប់ពីការបាញ់បង្ហោះនៅម៉ោង១០ និង១៩នាទីព្រឹក ហើយបានជោគជ័យក្នុងការទំនាក់ទំនងជាមួយស្ថានីយ៍នៅផ្ទៃដីនៅម៉ោង១១ និង៣៧នាទីព្រឹក ដែលនេះមានន័យថា វាដំណើរការធម្មតា។
 
ជាមួយជោគជ័យនេះ កូរ៉េខាងត្បូងកំពុងស្ថិតលើផ្លូវដែលមានប្រព័ន្ធផ្កាយរណបស៊ើបការណ៍ផ្ទាល់ខ្លួន។ កន្លងមក កូរ៉េខាងត្បូងបានពឹងផ្អែកលើផ្កាយរណបពាណិជ្ជកម្ម និងយោធារបស់អាម៉េរិកសម្រាប់ការទទួលបានរូបភាពដែលមានគុណភាពបង្ហាញខ្ពស់ពីទីលំហ។ បច្ចុប្បន្ន ទីក្រុងសេអ៊ូល កំពុងជំរុញឱ្យមានបណ្តាញផ្កាយរណបយោធាឯករាជ្យមួយ ដើម្បីប្រមូលព័ត៌មានអំពីកូរ៉េខាងជើងដោយខ្លួនឯងតែម្ដង។
 
ផ្តើមពីផ្កាយរណបអេឡិចត្រូនិច និងអ៊ីនហ្វ្រារ៉េដ (EO/IR) កូរ៉េខាងត្បូងគ្រោងបញ្ជូនផ្កាយរណបរ៉ាដាដែលមានជំរៅសំយោគ (SAR) ចំនួន៤បន្ថែមទៀតទៅកាន់ទីអវកាសនៅឆ្នាំ២០២៥ ដើម្បីតាមដានកូរ៉េខាងជើងឱ្យកាន់តែប្រសើរឡើង។ ផ្កាយរណប EO/IR មានសមត្ថភាពចាប់យករូបភាពលម្អិតនៃផ្ទៃផែនដី ប៉ុន្តែមិនអាចជ្រាបចូលទៅក្នុងពពកដ៏ក្រាស់បានឡើយ ខណៈផ្កាយរណប SAR អាចប្រមូលទិន្នន័យដោយមិនបារម្ភពីកត្តាអាកាសធាតុឡើយជាមយយដោយប្រព័ន្ធចាប់សញ្ញាពីចម្ងាយ។
 
ការប្រកួតប្រជែងអាវុធអវកាសរវាងកូរ៉េទាំងពីរ ទំនងកើតឡើងចៀសមិនរួចឡើយ ខណៈដែលកូរ៉េខាងជើងបានបញ្ជូនផ្កាយរណបចារកម្មដំបូងរបស់ខ្លួននៅក្នុងគន្លងអវកាសកាលពីថ្ងៃទី២១ ខែវិច្ឆិកា បន្ទាប់ពីបរាជ័យ២លើកកាលពីដើមឆ្នាំនេះ។ ទីក្រុងព្យុងយ៉ាង ក៏បានប្តេជ្ញាបាញ់បង្ហោះបន្ថែមទៀតក្នុងរយៈពេលដ៏ខ្លី។
 
សម្រាប់កូរ៉េខាងត្បូង ផ្កាយរណបនេះ នឹងក្លាយជាភ្នែកក្នុងប្រព័ន្ធវាយប្រហារមុន Kill Chain ព្រោះផ្កាយរណបនេះ នឹងផ្ដល់សញ្ញាភ្លាមៗ ឬការព្រមានទុកមុនក្នុងករណីដែលកូរ៉េខាងជើងប្រុងវាយប្រហារនោះ។ ប្រព័ន្ធ Kill Chain យុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្ត៣របស់យោធាកូរ៉េខាងត្បូងក្នុងការធ្វើប្រតិបត្តិការប្រឆាំងកូរ៉េខាងជើង៕
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com