ជាតិ
កូនស្រីកវី យ៉ង់ ឈៀង នឹងជួបផ្ទាល់ជាមួយអ្នកចម្លងស្នាដៃចម្រៀងរបស់ឪពុកខ្លួន នៅថ្ងៃទី៣ ធ្នូ
× ភ្នំពេញ៖ អ្នកស្រី យ៉ង់ឈៀង ភិរម្យ ដែលត្រូវជាកូនស្រីរបស់កវី យ៉ង់ ឈៀង នឹងជួបជាមួយខាងភាគី ដែលបាននិពន្ធបទចម្រៀង “ម៉ែក្រឡាភ្លើង” ដែលអ្នកស្រី ភិរម្យ ថាបទនេះបានចម្លងរបៀបច្រៀង ចេញពីបទ “វិញ្ញាណព្រាយក្រឡាភ្លើង” ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយលោក យ៉ង់ ឈៀង ហៅ សំនៀងឫទ្ធី។
អ្នកស្រី យ៉ង់ឈៀង ភិរម្យ បានប្រាប់សារព័ត៌មានថ្មីៗថា ខាងភាគី ដែលបាននិពន្ធបទ “ម៉ែក្រឡាភ្លើង” បានទាក់ទងមកអ្នកស្រី តាមតេលេក្រាម ដើម្បីសុំណាត់ជួបគ្នា និងបកស្រាយអំពីការនិពន្ធបទចម្រៀងខាងលើ។ ជំនួបនោះ នឹងធ្វើឡើង នៅថ្ងៃទី៣ ខែធ្នូ នៅគេហដ្ឋានរបស់អ្នកស្រី យ៉ង់ឈៀង ភិរម្យ ។
ដើម្បីជ្រាបបន្ថែម សូមអស់លោក លោកស្រី ស្ដាប់ការសម្ភាសរបស់កញ្ញា ប៉ូ សាគុន ជាមួយអ្នកស្រី យ៉ង់ឈៀង ភិរម្យ ខាងក្រោម៖
«គាត់ផ្ញើសារមកតាមតេលេក្រាម គាត់ថាចង់បកស្រាយពីរឿងបទចម្រៀងហ្នឹងណា!»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី ភិរម្យ។
យ៉ាងណាក៏ដោយ អ្នកស្រី ភិរម្យ ដែលជាដំណក់ឈាមតែម្នាក់គត់ របស់លោក យ៉ង់ ឈៀង ហៅ សំនៀងឫទ្ធី ដែលនៅរស់រានមានជីវិតថា អ្នកស្រីពុំបានខឹងអ្នកចម្លងស្នាដៃរបស់ឪពុកអ្នកស្រីឡើយ ប៉ុន្តែអ្នកស្រីគ្រាន់តែចង់ឱ្យក្មេងជំនាន់ក្រោយ គោរពស្នាដៃរៀមច្បង ដោយដាក់ឈ្មោះម្ចាស់ស្នាដៃដើមប៉ុណ្ណោះ។ អ្នកស្រីថា ការគោរពស្នាដៃម្ចាស់ដើម បង្ហាញពីភាពថ្លៃថ្នូរ និងជាគំរូល្អក្នុងសង្គម៕
Tag:
សិល្បៈ
ចម្រៀង
មរតកដើម
មរតកបទចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com