RFI
សុខភាព
អន្តរជាតិ
ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាលកូន​ជា​ជំងឺ​?
02, Dec 2023 , 6:59 pm        
រូបភាព
Xu Jingfang អង្គុយក្បែរកូនទើបនឹងកើត នៅមជ្ឈមណ្ឌល Malaren International Postpartum Care Center in Shanghai AFP
Xu Jingfang អង្គុយក្បែរកូនទើបនឹងកើត នៅមជ្ឈមណ្ឌល Malaren International Postpartum Care Center in Shanghai AFP
 ដោយ៖អៀង សុខម៉ិញ/RFI
អាជ្ញាធរអាមេរិក​ទើបបាន​ចេញ​សេចក្តីអនុញ្ញាត​ជា​លើក​ទីមួយ ឱ្យ​ប្រើប្រាស់​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាល​កូន​។ ដូច​ឈ្មោះដែល​ហៅ ​ជំងឺធ្លាក់ទឹក​ចិត្ត​ក្រោយ​កា​រសម្រាល​កូន កើត​លើ​ស្ត្រី​ប្រមាណពី​១០-២០% ក្រោយ​ឆ្លង​ទន្លេរួច។​ តើ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាលកូនជា​អ្វី ? ជំងឺ​នេះ​មាន​រោគ​សញ្ញាយ៉ាងណា? អ្វី​ជា​ដើម​ហេតុ​នាំ​ឱ្យ​កើត​ជំងឺនេះ?

 
ភ្នាក់ងារ​ឱសថ​អាមេរិក​បានប្រកាស​​អនុញ្ញាត​ជា​លើក​ទីមួយ នៅថ្ងៃ​ទី ៤​សីហា​ ឱ្យ​ប្រើប្រាស់​ថ្នាំគ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​លើ​រូប​ស្រ្តី​សរសៃ​ខ្ចី។ Zurzuvae ជាថ្នាំដែល​ផ្សំ​ឡើង​ដោយសារធាតុសកម្ម​ឈ្មោះ​ zuranolone។ អាជ្ញាធរ​បាន​ណែនាំ​ឱ្យស្ត្រី​លេប​ថ្នាំ​លេខ​៥០មីល្លីក្រាម​នេះ​ចំនួន​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​ល្ងាច​រយៈពេល​១៤​ថ្ងៃ​។ ការ​សិក្សា​ពីរបាន​បង្ហាញអំពី​ប្រសិទ្ធភាព​ថ្នាំ​ថារោគសញ្ញា​​ជំងឺហាក់​បាន​​​ធូរ​ស្បើយ​​ប្រសើរ​ឡើង​ភ្លាមក្រោយ​ពី​បាន​ទទួល​ទាន​ថ្នាំ​ តែ​ប្រមាណ​បី​ថ្ងៃ។ ថ្នាំមាន​ប្រសិទ្ធភាព​​យ៉ាង​លឿន​រហ័សហើយ រយៈពេល​នៃ​ការ​ព្យាបាល​ខ្លី​ជាង​វិធីព្យាបាល​មុនៗទៀត។ 
 
ជាង​នេះទៅ​ទៀត ថ្នាំ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្រោយ​ការ​សម្រាលកូន​ដែល​មាន​ធ្វើ​ចរាចរណ៍​លើ​ផ្សារ​កន្លង​មក​ ឧទាហរណ៍​brexanolone មាន​ទម្រង់​ជា​ថ្នាំ​ចាក់​ និង​ត្រូវ​ស្ថិត​ក្រោម​​តាមដាន​វេជ្ជសាស្ត្រ​រយៈពេល​៦០​ម៉ោងនៅពេល​ប្រើ​ ហើយ​តម្លៃ​ក៏ថ្លៃខ្លាំង​ទៀត។ ចំណែក​ថ្នាំ​ព្យាបាល​ជំងឺធ្លាក់​ទឹក​ចិត្ត​ក្រោយការ​សម្រាលកូន​រួច​ Zurzuvaeវិញ​មាន​ទម្រង់​សាមញ្ញ​ងាយ​ប្រើ​ខ្លាំង​ព្រោះ​ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប។
 
ដូចម្តេច​ដែល​ហៅ​ថា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការសម្រាលកូន​?

ផ្តល់កំណើត​កូន​ជាដំណឹង​ល្អ​ណាស់​សម្រាប់​គូស្វាមី​ភរិយា​ជា​ទូទៅ និង​ជា​ប្រភពនាំ​ឱ្យ​មាន​​អារម្មណ៍ពុះ​កញ្ជ្រោល​ ៖ រំភើប​​​រីករាយ ក្តី​ស្រលាញ់ពេញ​ចិត្ត លាយលំ​ដោយ​ការ​ខកចិត្តឬ​ថប់បារម្ភ។ ក្នុង​រវាង​ប៉ុន្មាន​សប្តាហ៍​និង​ខែ​ដំបូង​ក្រោយ​កំណើត​កូន ​ស្ត្រី​ជា​ម្តាយ​តែង​តែ​មាន​អារម្មណ៍​​ចម្រុះ រំជើបរំជួល ជា​​ធម្មតា ​ម្តង​ឡើង​ម្តង​ចុះ​ ច្របូក​​ច្របល់​​នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍ថ្មី ដែល​បាន​ប្តូរផ្លាស់ទាំង​​រូបរាងកាយ​និង​ទឹក​ចិត្ត​ជា​ម្តាយ។ សម្រាប់​ម្តាយ​ឪពុកថ្មីថ្មោង​​ភាគ​ច្រើន ភាព​រីករាយ​ស្រលាញ់​កូន​ដ៏​លើសលប់​ បាន​មក​គ្រប​ដណ្តប់ បាំង​បាត់​ក្តី នឿយហត់ ​ព្រួយ​បារម្ភ​ ខ្វល់ខ្វាយ​ឬ​ការ​បាក់ទឹក​ចិត្ត​ជិតឈឹង។​ ប៉ុន្តែសម្រាប់​​​អ្នក​ជា​ម្តាយខ្លះទៀត​ កូនទើប​កើត​បាន​ប៉ុន្មាន​​ថ្ងៃ​សោះ ស្រាប់​តែ​​មាន​​អារម្មណ៍បាក់​ទឹក​ចិត្ត​ព្រួយ​​​ថា​មិន​អាច​ទទួល​ខុស​ត្រូវ​មើល​កូន​ អស់​កម្លាំង​ចិត្ត​-កម្លាំងកាយ​ លែង​ចង់​ថ្នាក់ថ្នម​ស្រលាញ់កូន​។ នៅ​ប្រទេស​បារាំង មានស្ត្រី​​ទើប​ឆ្លង​ទន្លេ​រួច​ប្រមាណពី១០ទៅ​២០%ធ្លាក់​ខ្លួន​មានអាការៈ​បែប​នេះ។ នោះគឺ​ជំងឺ​បាក់​ទឹក​ចិត្តក្រោយ​សម្រាលកូន​រួច។
 
​​​គ្មាននរណា​សូវ​លើក​មក​និយាយ​ បាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាលកូន​រួច ជា​ជំងឺរោគ​ចិត្ត​​មួយ​ដ៏​ពិតៗ ដែល​តម្រូវ​ឱ្យ​មានការ​ព្យាបាល​និង​តាមដានសុខភាពម្តាយ​យ៉ាង​ត្រឹម​ត្រូវ។ ជំងឺ​នេះ​អាច​លេច​ឡើង​នៅប៉ុន្មាន​ថ្ងៃ​ក្រោយ​​សម្រាល​កូន​រួច និង​រហូត​ដល់កូន​មាន​អាយុ​ជាង​មួយ​ខួប។ គ្រាន់​តែ​រយៈ​ពេល​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត គឺ​នៅពេលកូនខ្ចី​​អាយុ​បាន​​៦ទៅ​៨អាទិត្យ និង​បន្ទាប់មក​​ពេល​កូន​មានអាយុ​៩ទៅ​១៥ខែ។
 
បន្ទាប់​​ពី​សម្រាលកូន​រួច​ នៅម្តុំ​ថ្ងៃ​ទី​​បី ស្ត្រី​ជា​ម្តាយ​ថ្មីថ្មោង​ហាក់​មាន​អារម្មណ៍​អាប់​អួរ កើត​ទុក្ខ​ ចង់​យំ​ដោយ​ឥត​មូលហេតុ​។ អាការៈ​បែប​នេះ​មាន​លេច​ឡើងពីរបី​ម៉ោង​ ជួន​ដល់​ពីរបីថ្ងៃ រួច​ក៏​បាត់​ទៅ​វិញ​ដោយ​ឯងៗ ដោយ​គ្មាន​ត្រូវ​ការ​ការ​ព្យាបាល​អ្វីទាំង​អស់ (វត្តមាន​និង​ទឹក​ចិត្ត​យោគយល់​​របស់​ក្រុមគ្រួសារ​ គ្រប់​គ្រាន់​នឹង​ជួយ​ស្ត្រី​សរសៃ​ខ្ចី​នេះ​បាន​ហើយ)។​ នេះ​ជាបាតុភូតខ្លី​ ធម្មតា ហៅ​តាម​ភាសាបច្ចេកទេស​ថា​ ​Baby Blues ដែលបណ្តាល​មក​ពី​ការ​អស់​កម្លាំងពេល​ប្រឹង​បង្កើត​កូន​ និងការ​​ធ្លាក់ចុះ​​ជា​គំហុកនៃ​អ័រមូន​ Œstrogèneនិង​ Progestérone​ពី​​ក្នុង​​សរីរាង្គកាយ​។ កាល​នៅ​ពរ​ពោះ​ស្ត្រី​មាន​អ័រមូន​ទាំងពីរ​នេះ​ច្រើន​ខ្លាំង​ណាស់។
 
​ស្ត្រី​ប្រមាណ​ពី​៥០ទៅ​៨០%​តែងជួបបាតុភូត ​Baby blues ក្រោយ​ពី​ឆ្លង​ទន្លេ​រួច​បាន​ពីរបី​ថ្ងៃ ប៉ុន្តែ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន​ អាច​បណ្តាល​មក​ពី​​​មូលហេតុ​ផ្សេង​ ដែល​មិន​មែន​ជា​​បញ្ហា​សរីរវិទ្យាសោះ។ ​ធ្លាក់​ទឹក​ចិត្ត​​ក្រោយ​សម្រាលកូន ជា​ជំងឺដែល​ធ្ងន់ធ្ងរ អាច​អូស​បន្លាយ​យូរ ប្រសិនបើ​គ្មានការ​ព្យាបាល​ត្រឹមត្រូវ។



 
​ជំងឺធ្លាក់ទឹកចិត្ត​ក្រោយពេល​សម្រាលកូន​មាន​រោគសញ្ញាដូចម្តេចខ្លះ?
 
ជា​ញឹកញាប់​បំផុត ស្ត្រី​មានអាការៈនឿយហត់​អស់​កម្លាំង​ខ្លាំង​ស្ទើរ​រលីង​តែម្តង ពេល​​ឆ្លង​ទន្លេរួច។ ​ភាព​ជា​​ម្តាយក្នុង​ពេល​ដំបូងៗ​ភ្លាម​​​ តែង​អស់​កម្លាំង​ខ្លាំង​ជា​ធម្មតា តែក្នុង​ករណី​មាន​ជំងឺធ្លាក់​ទឹក​ចិត្ត​ ស្ត្រី​មាន​អាការៈអស់​កម្លាំង​ខ្លាំង​ចម្លែក​ ខុស​គេ​ឯង និង​យ៉ាង​ហួស​ហេតុ។ ផ្ទុយ​ទៅ​វិញ ស្ត្រីជា​ជន​​រងគ្រោះនៃ​ជំងឺធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូនខ្លះ​​​អាចភាព​​ រវើកសកម្មខុស​ទំនង​ទៅវិញ។ ហើយ​ទន្ទឹម​គ្នា​នោះ ស្រ្តី​មាន​បញ្ហា​ដំណេក សំរាន្ត​មិន​លក់​ ឬ​ដេក​មិន​ចង់​ភ្ញាក់។ មាន​អារម្មណ៍​ចង់​តែ​យំ​ ហើយ​លាក់​មិន​ឱ្យ​គេ​ដឹង។ ទទួល​ទាន​មិន​ចូល។ មាន​​អាក្បកិរិយា​ឆេវឆាវ​ ឆាប់​ខឹង​ ខឹង​មិន​ទំនង កើត​ទុក្ខ មាន​កង្វល់​ មិន​រីក​រាយ​ស្វាគមន៍​នឹង​អ្វី​ដែលធ្លាប់​នាំ​សប្បាយ​ពី​មុន។​​ ​មាន​អារម្មណ៍​ថាអសមត្ថភាព​ក្នុង​ការ​មើល​ថែ និង​​ស្រលាញ់​កូន​។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​ ស្ត្រី​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត​តែ​ម្តងផង។
 
គ្រប់​ស្ត្រី​រងគ្រោះ​មិន​សុទ្ធ​តែ​មាន​អាការៈ​ដូច​រៀប​រាប់​ខាង​លើ​ទាំងអស់​ទេ។ ខ្លះ​ក៏​មាន​អាការៈ​ច្បាស់​លាស់​​ខ្លាំង ខ្លះ​ក៏​ពិបាក​ដឹង​។ ដោយ​ហេតុ​ថា​ជា​ទូទៅ ស្ត្រី​មាន​ជំងឺ​នេះ​ច្រើន​តែ​ចង់​លាក់​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លាំង​នៅ​ពេល​ឃើញ​អ្នកទើប​ឆ្លង​ទន្លេ​រួច​ប្តូរ​ផ្លាស់​ឥរិយាបថ​និង​ទម្លាប់។
 
តើ​មាន​កត្តា​ហានិភ័យ​អ្វី​ខ្លះ​ដែល​​នាំ​ឱ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ការ​សម្រាលកូន?
 
មូលហេតុ​ដែល​គេ​ជួប​ប្រទះ​ជា​ញឹក​ញយ​ជាង​គេ គឺ មាន​ព្រឹត្តិការ​ណ៍​ជីវិត​បែប​ស្ត្រេសខ្លាំង មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង មាន​ជីវិត​ឯកា​ មាន​បញ្ហា​ក្នុង​ជីវិតគូ​ប្តីប្រពន្ធ​ ការ​ប្តូរ​ផ្លាស់​សរីរាង្គកាយ​ខ្លាំង​និង​នឿយហត់​ជ្រុល​ពេក​ក្នុង​ពេលបាន​សមាជិក​ថ្មី។ ស្ត្រេស​​ពេ​ល​សម្រាលកូន លំបាកខ្លាំង ក៏​អាច​ដើរ​តួ​សំខាន់​នាំ​ឱ្យ​ងាយ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ។ ភាព​ក្រីក្រ ជីវភាព​ទ័ល​ខ្លាំង​គ្មាន​ទស្សនវិស័យ​សម្រាប់​អនាគត រស់​តែ​ម្នាក់​ឯង គ្មាន​ញាតិ គ្មាន​មិត្ត​ចាំ​ជួយ​ចាំ​ស្តាប់​ទុក្ខលំបាក ធ្លាប់​ឆ្លង​កាត់​កុមារភាព​លំបាក​លំបិន មានទំនាក់ទំនង​មិន​ល្អ​ជាមួយ​ឪពុកម្តាយ​ ឬ​ធ្លាប់​មាន​ករណី​បាក់ទឹក​ចិត្ត​ក្នុង​កំណើត​កូនមុនៗ​សុទ្ធ​សឹង​ជា​ហានិភ័យ​នាំ​ឱ្យ​មាន​គ្រោះ​លេច​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ទន្លេ​ជា​ថ្មី។
 
តើ​មាន​មធ្យោបាយ​ការពារ​មិន​ឱ្យ​កើត​ជំងឺ​បាក់ទឹក​ចិត្ត​ក្រោយ​សម្រាលកូន​ដែរឬទេ?

មាន! ការ​​អប់រំ​ចិត្តសាស្ត្រ ឱ្យ​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ជីវិត​ថ្មី ចេះ​ចាត់​ចែង​ស្ត្រេស និងមាន​​​បណ្តាញ​​ទំនាក់ទំនង​ សម្រាប់​ផ្តល់​​​​កម្លាំង​ចិត្ត​និង​កម្លាំងកាយ​ ជា​មធ្យោបាយ​សំខាន់​បំផុត​ក្នុង​ការ​ការពារ​មិន​ឱ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ ចូររៀប​ចំ​និង​ស្វែង​រក​ជំនួយ​និង​ការ​គាំទ្រ​ ផ្លូវកាយ​ផ្លូវ​ចិត្តពី​សំណាក់​ក្រុមគ្រួសារសាច់​ញាតិ ឬ​មិត្ត​ភក្តិ​ក្នុង​រយៈ​ពេល​សម្រាក​មាតុភាព។
​ម្យ៉ាង​ទៀត ​អឺរ៉ុប​កំពុង​សំលឹង​មើល​ប្រពៃណី​​ ​ថែទាំស្ត្រី​ទើប​ឆ្លង​ទន្លេ របស់​បណ្តា​ជននៅអាស៊ី​។ ផ្ទុយពី​ស្ត្រី​នៅប្រទេស​បារាំង ឬ​នៅអឺរ៉ុប​ជាទូទៅ ដែល​ក្រោយ​ពី​​ឆ្លង​ទន្លេ​ហើយ​សម្រាក​នៅមន្ទីរ​សម្ភព​តែ​ពីរបី​ថ្ងៃ​ នឹង​ចេញ​មក​ផ្ទះ​និង​មើល​ថែ​កូន​ដោយ​ខ្លួន​ឯង ​ស្រ្តី​អាស៊ី​​សរសៃ​ខ្ចី ខ្លះ​តម​​មិនធ្វើ​ការ​ធ្ងន់​​រយៈ​ពេល​មួយ​ខែ និង​អាច​ពឹង​ពាក់​លើ​ក្រុមគ្រួសារបាន​ស្ទើរ​តែ​ទាំង​ស្រុង ដោយ​​បាន​ទទួល​ការថ្នម​ថែ​ពី​ក្រុមគ្រួសារយ៉ាង​ពិសេស។ ​
 
ដោយភាព​ជឿន​លឿន​នា​បច្ចុប្បន្ន​នេះ តែ​មិន​បោះបង់​ប្រពៃណី​យក​ចិត្ត​ទុក​ដាក់​លើ​ស្ត្រី​សរសៃ​ខ្ចី​ ប្រទេស​កូរ៉េខាង​ត្បូង​មាន​រចនា​សម្ព័ន្ធ​ថែ​ទាំ​ស្ត្រី​ទើប​ទន្លេ​រួច​និង​កូន​ខ្ចី​ ទំនើប​ប្លែក​ពីគេ​ គឺ​មាន​ជា​សណ្ឋាគារ​កូនខ្ចី ឬសេវា​អ្នក​មើល​ថែកូនងារ និង​គិលានុបដ្ឋាក​ប្រកប​ដោយ​បទ​ពិសោធន៍​ខ្ពស់​ច្រើន​ឆ្នាំ​មក​មើល​ថែមុជ​ទឹកផ្តេក​ទារក​​ ដាំបាយ​ដាំ​ទឹក ជា​រៀង​រាល់​ដើម្បី​ឱ្យ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​រួច​មាន​ពេល​វេលា​សម្រាក​គ្រប់គ្រាន់ មាន​កម្លាំងពលំ​ពេញ​លេញ​ឡើង​វិញ និងបាន​ជា​ស្នាម​ថ្នេរបួស​ពេល​កើត​កូន​ លែង​សូវ​មាន​ឈាម​ធ្លាក់​ឈាម។ ​នៅប្រទេស​ចិន តាមទម្លាប់​បូរាណ​ស្ត្រី​ឆ្លង​ទន្លេ​ហើយ​ត្រូវ​សំងំ​សម្រាក​នៅផ្ទះ​ពេញ​មួយ​ខែ  ហើយ​ក៏​មាន​រចនា​សម្ព័ន្ធ​ជឿន​លឿន​សេវា​ខ្ពស់​ ទៅ​តាម​តម្រូវការ​និង​ជីវភាព​មាន​បាន​របស់​មនុស្សម្នាក់ៗ។ មជ្ឈមណ្ឌល​ថែទាំ​ស្ត្រី​ឆ្លង​ទន្លេ​រួច​ខ្លះ​មានចំណាត់​ថ្នាក់​​ផ្កាយ​៥ ដូច​សណ្ឋាគារ​ប្រណិតៗ​ដែរ៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com