ជាតិ
កម្ពុជាត្រូវការចំណាយ២០០លានដុល្លារក្នុង១ឆ្នាំ ដើម្បីធានាបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់
02, Dec 2023 , 3:29 pm        
រូបភាព
ស្រ្តីចំណាស់ម្នាក់កំពុងដងទឹកចេញពីត្រពាំង ដើម្បីយកទៅប្រើប្រាស់។ រូបភាព៖ WaterAid Cambodia
ស្រ្តីចំណាស់ម្នាក់កំពុងដងទឹកចេញពីត្រពាំង ដើម្បីយកទៅប្រើប្រាស់។ រូបភាព៖ WaterAid Cambodia
ភ្នំពេញ៖ កម្ពុជាត្រូវការចំណាយថវិកាប្រមាណ២០០លានដុល្លារក្នុង១ឆ្នាំ ដើម្បីជួយឱ្យពលរដ្ឋទូទាំងប្រទេសមានអនាម័យ និងទឹកស្អាត សម្រាប់ប្រើប្រាស់គ្រប់គ្រាន់។ នេះជាការវាយតម្លៃរបស់ លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា។

ការងារនេះ ទាមទារឱ្យមានការចូលរួមពីវិស័យឯកជនបន្ថែមទៀត ដើម្បីសម្រេចតាមផែនការដែលរដ្ឋាភិបាលកំណត់យកឆ្នាំ២០២៥ ពលរដ្ឋត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ១០០ភាគរយ។ 
 
នៅក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌សម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាត រវាងក្រុមហ៊ុនធានារ៉ាប់រង អេទីកា (Etiqa) និងអង្គការវតធឺអេតកម្ពុជា (WaterAid) នាព្រឹកថ្ងៃទី១ ធ្នូ លោក ឆាត់ សុភាព បានលើកឡើងថា រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឱ្យបាន១០០ភាគរយ នៅឆ្នាំ២០២៥។ ទស្សនវិស័យនេះល្អ ប៉ុន្តែ​លោកថា កម្ពុជាទំនងមិនទាន់អាចសម្រចតាមផែនការនោះទេ ដោយសារក្នុងវិស័យនេះនៅខ្វះខាតថវិកាគាំទ្រច្រើន។
 
តាមការវាយតម្លៃរបស់លោក សុភាព កម្ពុជានៅខ្វះខាតថវិកាប្រមាណ១៨០លានដុល្លារក្នុងមួយឆ្នាំៗ។ ដូច្នេះហើយ ការងារនេះ ទាមទារឱ្យមានការចូលរួមគាំទ្រពីវិស័យឯកជនបន្ថែមទៀត ដើម្បីធានាថា ពលរដ្ឋទូទាំងប្រទេសមានអនាម័យ និងទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់។ 
  

លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា (កណ្ដាល) ជាមួយតំណាងក្រុមហ៊ុនធានារ៉ាប់រង អេទីកា (Etiqa)។  រូបភាព៖ ផ្ដល់ដោយ លោក ម៉ៅ សំណាង

លោក ថ្លែងដូច្នេះថា៖«លុយដែលខ្វះនៅក្នុងវិស័យទឹកស្អាត និងអនាម័យនេះច្រើនណាស់ ក្នុងមួយឆ្នាំៗប្រហែល១៨០លានដុល្លារ។ ខ្ញុំដឹងថា ក្នុងវិស័យនេះសំខាន់ ប៉ុន្តែយើងសម្លឹងទៅមើលធនធាន គឺយើងនៅខ្វះខាត ដូច្នេះវាធ្វើឱ្យការអនុវត្តយឺត។ បើសួថា តើគោលដៅឆ្នាំ២០៣០នេះ​សម្រេចបានឬអត់? ខ្ញុំគិតថា វាអាចនឹងលំបាក។ ​ហេតុនេះហើយ យើងត្រូវការវិស័យឯកជន ជួយជាកម្លាំងចលករ»។ 
 
ពាក់ព័ន្ធនឹងវិស័យឯកជននេះដែរ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានជួយគាំទ្រថវិកា ៥ម៉ឺនដុល្លារ ដល់អង្គការវ័តធឺអេត សម្រាប់សកម្មភាពលើកកម្ពស់វិស័យទឹកស្អាតជនបទនៅកម្ពុជា ក្រោមគម្រោង«ពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ នៅខេត្តកណ្តាល» ដែលរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋប្រមាណ២ពាន់នាក់។ 
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនអត្រាទឹកស្អាត និងអនាម័យមានការកើនឡើងគួរឲ្យកត់សំគាល់ ដោយពលរដ្ឋរស់នៅតាមជនបទភាគច្រើនមានបង្គន់ និងទឹកស្អាតប្រើប្រាស់នៅតាមផ្ទះ។ ទោះជាយ៉ាងនេះក្តី ការបន្តលើកកម្ពស់សេវាអនាម័យ និងទឹកស្អាត នៅតែជាកិច្ចការចាំបាច់ដែលរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ព្រោះថានៅពលរដ្ឋពលរដ្ឋប្រមាណ២០ភាគរយទៀត មិនទាន់មានបង្គន់សមរម្យ និងទឹកស្អាតប្រើប្រាស់នៅផ្ទះនៅឡើយ ជាពិសេស គ្រួសារក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាល តំបន់លិចទឹក និងតំបន់ប្រឈម។ 
 
កាលពីឆ្នាំ២០១៤ ពលរដ្ឋទទួលបានសេវាទឹកស្អាត និងអនាម័យ ត្រឹមតែ៤០ភាគរយប៉ុណ្ណោះ ប៉ុន្តែ រហូតមកទល់ឆ្នាំ២០១៩ ការទទួលបានសេវាទាំងនេះកើនដល់៨០ភាគរយ។ ២០ភាគរយ នៃអ្នកពុំទាន់ទទួលបានសេវាទឹកស្អាត និងអនាម័យ គឺភាគច្រើនស្ថិតនៅតំបន់ភូមិភាគភូមិភាគឦសាន និងជាយដែន ដូចជាឧត្ដរមានជ័យ និងបន្ទាយមានជ័យ ជាដើម៕ 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 WaterAid
  ឆាត់ សុភាព
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com