កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ត្រូវអ្នកគាំទ្រស្រែកចំអកដោយប្រើពាក្យ«Messi» ​ក្នុងការប្រកួតចាញ់ Al Hilal
02, Dec 2023 , 3:59 pm        
រូបភាព
Cristiano Ronaldo ដើរចាកចេញពីទីលានប្រកួតស្របពេលអ្នកគាំទ្រក្រុម Al Hilal ស្រែកចំអកដាក់រូបគេដោយប្រើឈ្មោះរបស់ខ្សែប្រយុទ្ធ Lionel Messi ថា «Messi, Messi, Messi» ឮពេញៗត្រចៀក បន្ទាប់ពីក្រុម Al Nassr របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ប្រកួតចាញ់ក្រុម Al Hilal ដោយលទ្ធផល ៣-០ ក្នុងជំនួបទីក្រុងតែមួយ Riyadh Derby នាថ្ងៃទី២ ខែធ្នូ។

កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យគួរតែអាចបញ្ចប់ការប្រកួតដោយអាចរកបានគ្រាប់បាល់ក្នុងការប្រកួត ប៉ុន្តែយ៉ាងណាបញ្ហាមួយចំនួនពីការត្រួតពិនិត្យលើប្រព័ន្ធ VAR បានបដិសេគ្រាប់បាល់មួយចំនួនដែល Al Nassr រកបាន ព្រោះតែស្ថិតនៅជំហរ Offside។ ៣គ្រាប់របស់ Al Hilal ធ្វើបានដោយកីឡាករ Sergej Milinkovic Savic នាទី៦៤ និង Aleksandar Mitrovic នាទី៨៩ និង ៩០+២។
 
អំឡុងការហ្វឹកហាត់កម្តៅសាច់ដុំមុនការប្រកួត ​​កីឡាករវ័យ ៣៨ឆ្នាំ ទទួលបានអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រក្លិប Al Nassr រាប់រយនាក់ក្នុងកីឡដ្ឋាន ដោយភាគច្រើនពួកគេបានលើកបង្ហាញអាវលេខ ៧ របស់ Ronaldo ប៉ុន្តែសម្រាប់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Al Hilal វិញពួកគេសើចចំអកលើប្រធានក្រុមសញ្ជាតិព័រទុយហ្កាល់។
  


ក្រោយចប់ការប្រកួតទៀតសោត ប្រធានក្រុម Al Nassr បានដើរសំដៅចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ អមដោយការស្រែងកញ្រ្ចៀវឮពេញត្រចៀករបស់គេដោយពាក្យថា Messi, Messi, Messi ដែលជាកីឡាករគូប្រជែងរបស់គេអំឡុងពេលស្ថិតនៅក្នុងក្របខណ្ឌ La Liga។ កាលពីដើមឆ្នាំទៀតសោត ​Lionel Messi ក៏ត្រូវបានគេគិតថានឹងចូលរួមជាមួយនឹងក្លិប Al Hilal ដែលជាក្លិបគូប្រជែងជាមួយនឹងក្រុម Al Nassr។
 
ការប្រកួត ១៤លើកកន្លងទៅនៅក្នុង Saudi Pro League អតីតកីឡាករ Real Madrid និង Manchester United រកបានគ្រាប់បាល់ចំនួន ១៥គ្រាប់ និងជាកីឡាករដែលឈរនៅកំពូលតារាងក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ និងបានជួយក្រុម Al Nassr យ៉ាងខ្លាំងក្នុងការប្រជែងពាន។ ក្រុម Al Nassr ជោគជ័យក្នុងការប្រកួតច្រើនលើកជាប់ៗគ្នាចុងក្រោយ ដោយមានការរួមចំណែកពីសំណាក់កីឡាករ Sadio Mane, Marcelo Brozovic និង Alex Telles។
 
ក្នុងការប្រកួត Ronaldo បានព្យាយាមគ្រប់យ៉ាង ដោយគេព្យាយាមបង្កើតឱកាសជាច្រើនដើម្បីស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទី ។ ប៉ុន្តែយ៉ាងណាការប្រកួតនោះ រូបគេមិនមានសំណាងដូចការប្រកួតកន្លងមកឡើយ។ 
 
ចាញ់ការប្រកួតទីក្រុងតែមួយ ធ្វើឱ្យក្រុម Al Nassr មានគម្លាត ៧ពិន្ទុ ឈរពីក្រោមកំពូលតារាង Al Hilal បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១៥ប្រកួតរួចមក៕ 
 
 

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com