កីឡាអន្តរជាតិ
អន្តរជាតិ
Messi ថាមិនច្បាស់ពីអនាគតនៅក្រុមអាហ្សង់ទីន តែចង់ផ្តោតការពារពាន Copa America
02, Dec 2023 , 9:29 pm        
រូបភាព
Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនថា ខ្លួនមិនទាន់បានគិតអំពីអនាគត នៅក្នុងក្រុមជម្រើសជាតិឡើយ ប៉ុន្តែកីឡាករវ័យ ៣៦ឆ្នាំ អះអាងចង់ផ្តោតលើការការពារតំណែងជើងឯក Copa America នៅឆ្នាំ ២០២៤ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក។

កាលពីដើមឆ្នាំ ២០២៣ ​កីឡាករវ័យ ៣៦ឆ្នាំ ធ្លាប់បាននិយាយក្រោយឈ្នះពានរង្វាន់ World Cup 2022 ក្នុងប្រទេសកាតាថា ការជួយក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ពិភពលោកទី៣ នឹងក្លាយជាការប្រកួតចុងក្រោយរបស់គេ។ តែការប្រកួតបន្តបន្ទាប់ទាំងមិត្តភាព និងជម្រុះ World Cup 2026 កីឡាករក្រុម Inter Miami នៅតែមានវត្តមានជាមួយអាហ្សង់ទីន។
 
ក្រុមអាហ្សង់ទីនជាក្រុមស្ថិតនៅចំណាត់ថ្នាក់កំពូលតារាងក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)​ ​ហើយ​ Messi ក៏បានបញ្ជាក់ថា រូបគេរីករាយក្នុងការចំណាយពេលជាមួយនឹងក្រុមអាហ្សង់ទីន។
 
«ដរាបណាខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំនឹងអាចបន្តចែករំលែកបន្តបាន ខ្ញុំនឹងធ្វើឱ្យជាមួយនឹងក្រុមអាហ្សង់ទីន។ អ្វីដែលខ្ញុំគិតក្នុងថ្ងៃណេះគឺការទៅកាន់ពានរង្វាន់ Copa America ហើយខ្ញុំនៅតែអាចលេងបានល្អ ហើយបន្ទាប់មកជាពេលវេលានឹងប្រាប់ថាតើខ្ញុំនឹងលេងនៅ World Cup ឬអត់ ខ្ញុំនឹងមានអាយុ ៣៩ ដែលជាធម្មតាមិនអនុញ្ញាតឱ្យខ្ញុំលេងក្នុង World Cup បានឡើយ។»។ Messi បាននិយាយប្រាប់ទូរទស្សន៍ ESPN បែបនេះ។
 
ម្ចាស់ពាន Ballon d’Or ៨សម័យ បាននិយាយអះអាងបន្ថែមថា ចង់ចំណាយពេលវេលាលេងពេញលេញជាមួយនឹងក្រុមអាហ្សង់ទីន ដោយមិនគិតអំពីអនាគត ២ ឬ ៣ឆ្នាំ ខាងមុខទៀតនោះទេ។ 
 
ការប្រកួត Copa America ស្ថិតនៅក្នុងប្រទេសអាម៉េរិក គឺជាទីកន្លែងនៃការចងចាំដ៏អាក្រក់មួយ សម្រាប់អតីតខ្សែប្រយុទ្ធក្រុម Barcelona ដោយរូបគេតែងតែចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីនោះ។ កាលពីឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៩ អាហ្សង់ទីនដែលមាន Messi ជាប្រធានក្រុមតែងចាញ់វគ្គផ្តាច់ព្រ័ត្រ Copa America ដែលធ្វើនៅក្នុងប្រទេសអាម៉េរិក មុនពេលអាចគ្រង់តំណែងជើងឯកប្រចាំទ្វីបនៅក្នុងឆ្នាំ ២០២១។
 
បន្ទាប់ពីជួយក្រុមឈ្នះ Copa America ក្នុងឆ្នាំ ២០២១ Messi បានបន្តនាំក្រុមឈ្នះពានរង្វាន់ Finalissima ដោយយកឈ្នះលើអ៊ីតាលី មុនពេលទៅបំបាក់បារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រលើបារាងលទ្ធផល ៤-២ ក្រោយប្រកួត ១២០នាទីស្មើ ៣-៣ ដើម្បីលើពាន World Cup 2022។
 
Messi ក៏បានបង្ហាញក្តីរំពឹងថារូបគេនឹងក្រុមអាហ្សង់ទីនធ្វើបានល្អនៅ Copa America 2024។ កីឡាករវ័យ ៣៦ឆ្នាំបាននិយាយដូច្នេះ ៖ «ប្រហែលជាយើងនឹងធ្វើបានល្អនៅ Copa America ហើយអ្វីៗនឹងដំណើរការល្អសម្រាប់ខ្ញុំដើម្បីបន្ត ប្រហែលមិនពិបាកទេ។ ការក្លាយជាជើងឯកពិភពលោកបានផ្លាស់ប្តូរខ្ញុំដោយសន្តិភាពនៃចិត្តដោយដឹងថានៅក្នុងការងាររបស់ខ្ញុំ ខ្ញុំអាចសម្រេចបានអ្វីគ្រប់យ៉ាង។»។
 
ពានរង្វាន់ Copa America 2024 ជាការប្រកួតរវាងក្រុមមកពីតំបន់អាម៉េរិកខាងត្បូង (CONMEBOL) និងតំបន់អាម៉េរិកខាងជើង (CONCACAF) ហើយក្រុមចំនួន ៦ មកពីតំបន់អាម៉េរិកខាងជើងដែលរួមមានក្រុមអាម៉េរិក និង ម៉ិកស៊ិក ជាដើម។ ក្រុមអាហ្សង់ទីននឹងដឹងអំពីគូប្រកួតរបស់ខ្លួនបន្ទាប់ពីការចាប់ឆ្នោតនៅថ្ងៃទី៧ ខែធ្នូរួច៕
 
 

Tag:
 Lionel Messi
  Copa America
© រក្សាសិទ្ធិដោយ thmeythmey.com