ជាតិ
សង្គមជាតិ
តើ​កម្ពុជា​ត្រូវការ​ពេល​ប៉ុន្មាន​ឆ្នាំ​ ទើប​មាន​រោងចក្រ​កែច្នៃ​ចន្ទី​បាន​ពេញ​លេញ?
02, Dec 2023 , 4:29 pm        
រូបភាព
ផ្ទៃដីដែល​អាច​ដាំដុះ​ស្វាយចន្ទី​នៅ​កម្ពុជា​ មាន​ជិត​ ៧០ម៉ឺនហិកតា​ និង​បាន​ផ្ដល់​ផល​ចន្លោះពី​១លានតោននៅក្នុង​១ឆ្នាំ។ ក្នុង​ចំណោម​ទិន្នផល​ទាំងនេះ​ ត្រូវបាន​នាំចេញ​ទៅ​វៀតណាម​ស្ទើរ​តែ៩០ភាគរយ។ សំណួរ​សួរថា​ តើកម្ពុជា​ខ្វះកន្លែង​កែច្នៃឬយ៉ាងណា? ពិតណាស់​ កម្ពុជា​ មិនទាន់មាន​រោងចក្រ​កែច្នៃស្វាយចន្ទីបាន​ពេញលេញឡើយ​ ដែល​បង្ខំចិត្ត​ឱ្យកសិករជាច្រើន​នាំ​ចេញស្វាយចន្ទីស្រស់​ និង​ឆៅ​ទៅ​វៀតណាម។

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

https://www.facebook.com/share/v/DJpWQyzmwLQmCUnt/?mibextid=qi2Omg
 
ទាក់ទិន​នឹង​បញ្ហានេះ​ កញ្ញា​​ អ៊ឹម​ រចនា​ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​ បញ្ជាក់បែបនេះ៖«យើង​ដឹង​ថា​ ទាំងអស់នេះ​ ជាបញ្ហា​ ហើយ​ក្រសួង​បានធ្វើការ​យ៉ាងប្រុងប្រយ័ត្ន​ តាមរយៈ​ការវិភាគ​សិក្សា​គ្រប់​ជ្រុងជ្រោយ​។ យើង​បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ដ៏សំខាន់ក្នុង​អាណត្តិ​នេះ​ គឺ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប​ ដើម្បី​ឱ្យការដាំដុះស្វាយចន្ទីទាំងកសិករ​ ទាំង​អ្នកប្រមូលទិញផ្សារភ្ជាប់គ្នា»។ 
 
បើ​តាម​អនុ​រដ្ឋ​លេខាធិការ​រូបនេះ​ ក្រសួង​កសិកម្ម​ ក្រសួង​ពាណិជ្ជកម្ម​ និង​ភាគី​ពាក់ព័ន្ធ​ កំពុង​បន្តទាក់​ទាញ​វិនិយោគិនឱ្យមក​ដាក់​ទុន​វិនិយោគ​នៅកម្ពុជា។ តាមរយៈ​សក្ដានុពល​ស្វាយ​ចន្ទីរបស់កម្ពុជា​ កញ្ញា​ សង្ឃឹម​ថា​ អ្នកវិនិយោគពី​ក្រៅប្រទេស​ នឹងមិន​រារែក​ក្នុងការ​ដាក់ទុននោះទេ។ 
 
«អ្វីដែលយើងចង់បាន​ គឺ​ធ្វើ​យ៉ាងណា​ជំរុញការកែច្នៃ​ និង​ធ្វើម៉េចឱ្យ​ទីផ្សារស្វាយចន្ទី​ ស្ថិតនៅក្នុង​ស្រុកយើងទាំងស្រុង។ យើង​ផលិតនៅក្នុង​ស្រុក១លានតោន​ យើងកែច្នៃក្នុងស្រុក១លានតោន​ ឬបើល្អជាងនេះ​ យើង​ទិញពីគេមក​កែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស»។ នេះជា​លើកឡើងបន្ថែមរបស់​កញ្ញា​ អ៊ឹម​ រចនា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ឈ្វេងយល់​ខ្សែ​ច្រវាក់​តម្លៃ​ផលិត​កម្ម​គ្រាប់​ស្វាយ​ចន្ទី​ នៅ​ខេត្ត​កំពង់ធំ​ កាលពីថ្ងៃទី៣០​ វិច្ឆិកា​។ 
 
កត្តាសំខាន់បំផុតដែល​អាច​ធ្វើឱ្យកម្ពុជា​ ក្លាយជា​អធិរាជ​ស្វាយ​ចន្ទី​ គឺ​បង្កើន​សហគ្រាស​ ឬរោងចក្រកែច្នៃ​នៅក្នុងស្រុក​ ដើម្បីអាច​ផ្គត់ផ្គង់​ និង​នាំចេញ​ទៅ​ទីផ្សារក្រៅប្រទេសបាន​ទូលំទូលាយ​។​ កម្ពុជា មានគោលដៅក្លាយជា «អធិរាជគ្រាប់ស្វាយចន្ទី»។  កាលពីខែមីនា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងចេញខេត្តពោធិ៍សាត់  ដូច្នេះ៖ «ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី។ ឥឡូវ ស្វាយចន្ទី បានផលិតច្រើនជាងគេទាំងអស់។ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។»
 
សូមបញ្ជាក់ថា ក្នុងខែមិថុនាកន្លងទៅ រដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាតិស្តីពី«ស្វាយចន្ទី» ដែលមានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ៕
 

Tag:
 កសិឧស្សាហកម្ម
 ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com