សេដ្ឋកិច្ច
អន្តរជាតិ
វៀតណាម នឹងអនុវត្តពន្ធអប្បបរមាលើក្រុមហ៊ុនធំៗចាប់ពីឆ្នាំ២០២៤
02, Dec 2023 , 8:19 pm        
រូបភាព
រដ្ឋសភាវៀតណាម ។ រូបភាព ៖ VNA
រដ្ឋសភាវៀតណាម ។ រូបភាព ៖ VNA
វៀតណាមនឹងយកពន្ធអប្បបរមាសកលចំនួន ១៥ភាគរយលើក្រុមហ៊ុនធំៗដែលមានប្រាក់ចំណូលចាប់ពី៨០០លានដុល្លារឡើង។   

តំណាងរាស្រ្តចំនួន ៤៦២រូប (៩៣.៥២ភាគរយ) នៃរដ្ឋសភាវៀតណាម កាលពីចុងខែវិច្ឆិកា បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចមួយស្តីពីការអនុវត្តពន្ធលើប្រាក់ចំណូលសាជីវកម្មបន្ថែមតាមបទប្បញ្ញត្តិស្តីពីការយកពន្ធអប្បបរមាសកល ។
 
ពន្ធអប្បបរមាសកល ជាកិច្ចព្រមព្រៀងដែលប្រទេសអភិវឌ្ឍទាំង៧ (G7) សម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់សាជីវកម្មចម្រុះជាតិសាសន៍ធំៗដែលទទួលបានប្រាក់ចំណេញច្រើនតែមិនចង់បង់ពន្ធនៅប្រទេសដែលយកពន្ធលើប្រាក់ចំណេញខ្ពស់ តាមរយៈការដាក់ទីស្នាក់ការនៅប្រទេសយកពន្ធលើប្រាក់ចំណេញទាប។
 
បើតាមសេចក្តីសម្រេចខាងលើ វៀតណាមនឹងដាក់ពន្ធអប្បបរមាសកលចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។ អត្រាពន្ធដែលអាចអនុវត្តចាប់ពី ១៥ភាគរយសម្រាប់សហគ្រាសពហុជាតិដែលមានប្រាក់ចំណូលសរុបចំនួន ៧៥០លានអឺរ៉ូ (ប្រហែល៨០០ លានដុល្លារ) ឬច្រើនជាងនេះក្នុងរយៈពេលពីរឆ្នាំ។ វិនិយោគិនដែលត្រូវបង់ពន្ធនឹងត្រូវបង្ខំឱ្យបង់ពន្ធអប្បបរមជាសកលនៅវៀតណាម។​ 
 
ថវិកាដែលព្យាករថានឹងប្រមូលបានមានជាង ១៤៦០០ពាន់លានដុង(៦០០លានដុល្លារ) នៅពេលដែលសាជីវកម្មវិនិយោគបរទេសចំនួន១២២ នៅវៀតណាមបានបង់ពន្ធនេះ។ នេះបើតាមសារព័ត៌មាន VnExpress ដកស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដារ។
 
យ៉ាងណាមិញ ការដាក់ពន្ធអប្បបរមាជាសកលនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើអត្ថប្រយោជន៍នៃសហគ្រាសវិនិយោគបរទេសក្នុងអំឡុងពេលនៃការលើកលែង និងកាត់បន្ថយពន្ធ ជាមួយនឹងអត្រាពន្ធមានប្រសិទ្ធភាពទាបជាង ១៥ភាគរយ។ នោះមានន័យថា ការលើកទឹកចិត្តពន្ធរបស់វៀតណាមសម្រាប់អាជីវកម្មបរទេសនឹងលែងមានប្រសិទ្ធភាពទៀតហើយ ដូច្នេះវាអាចប៉ះពាល់ដល់បរិយាកាសវិនិយោគ។
 
តំណាងរាស្រ្តវៀតណាមមួយចំនួនបានស្នើឲ្យរដ្ឋាភិបាលគួរមានដំណោះស្រាយលើកទឹកចិត្តវិនិយោគសមស្របណាបន្ថែមទៀត ដោយបញ្ជាក់ពីរបបលើកទឹកចិត្តពន្ធសម្រាប់អ្នកវិនិយោគថ្មីដែលចូលមកវិនិយោគនៅវៀតណាម។ 
 
គូរបញ្ជាក់ថា អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបត្រូវបានរំពឹងថានឹងដាក់ពន្ធអប្បបរមាជាសកលនៅឆ្នាំ ២០២៤៕ 
 

Tag:
 ពន្ធ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com