កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd រងការស៊ើប​អង្កេត​ជុំវិញការប្រើអាហារឆៅ ដែលធ្វើឱ្យអ្នកទស្សនាការប្រកួតឈឺ
02, Dec 2023 , 5:59 pm        
រូបភាព
បញ្ហាកើតឡើងបន្ថែមសម្រាប់ក្លិប Manchester United បន្ទាប់ពីក្រុមមួយនេះ កំពុងតែស្ថិតក្រោមសម្ពាធដ៏ខ្លាំងនៃទម្រង់លេងមិនល្អ ព្រមទាំងបញ្ហាកីឡាករសំខាន់ៗរងរបួស ប្រឈមមុខធ្លាក់ចេញពីពានរង្វាន់អឺរ៉ុបផ្សេងៗ។ ពេលនេះក្រុមបិសាចក្រហម កំពុងស្ថិតក្រោមការស៊ើប​អង្កេត​លើការប្រើប្រាស់សាច់មាន់ឆៅ អំឡុងការប្រកួតក្នុងទឹកដី Old Trafford បណ្តាលឱ្យអ្នកទស្សនាការប្រកួតមួយចំនួនឈឺ។

បើតាមការផ្សាយរបស់កាសែត The Athletic ក្លិបបិសាចក្រហមកំពុងស្ថិតក្រោមការស៊ើប​អង្កេត​ដោយក្រុមប្រឹក្សារបស់កីឡដ្ឋាន Old Trafford បន្ទាប់ពីមានមនុស្សច្រើន អ្នកអះអាងថា ពួកគេបានឈឺ បន្ទាប់ពីទទួលទានសាច់មាន់ឆៅ ដែលត្រូវបានបម្រើនៅក្នុងការប្រកួតមួយក្នុងកីឡដ្ឋាន Old Trafford។
 
ក្លិប Man United បានបដិសេធមិនបកស្រាយលើបញ្ហានេះ ប៉ុន្តែក្លិបស្ថិតក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នឹងស៊ើប​អង្កេត​ផ្ទៃក្នុងទាក់ទងនឹងបញ្ហាដែលបានកើតឡើង។ ទាំងក្រុមប្រឹក្សារបស់កីឡដ្ឋាន Old Trafford និងក្លិបក៏នឹងមានបំណងកំណត់លើរោគសញ្ញា ដែលកើតឡើងលើបុគ្គល ថាតើពួកគេបានបរិភោគក្នុងកីឡដ្ឋានពិតប្រាកដឬយ៉ាងណា?
 
បើតាមរបាយការណ៍ចំណីអាហារក្លិប United ទទួលបានចំណាត់ថ្នាក់លេខ ៥ ផ្នែកអនាម័យអាហារ ។ ក្នុងប្រទេសអង់គ្លេស អាជីវកម្មណាមួយដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ទាប ត្រូវតែមានការផ្លាស់ប្តូរភ្លាមៗ ហើយទាមទារសំខាន់បំផុត ចំពោះអនាម័យកន្លែងផ្តល់សេវាអាហារទាំងនោះ ។ មិនតែប៉ុណ្ណោះ អាចប្រឈមមុខនឹងការបិទទ្វាររហូតផងដែរ។ ការប៉ះពាល់ផ្នែកចំណីអាហារ ក៏អាចផ្តល់ហានិភ័យចំពោះប្រាក់ចំណូលរបស់ក្លិបទៀតផង។
 
រឿងរ៉ាវមិនល្អបន្តកើតមានក្នុងក្លិប Man United បន្ទាប់ពីក្លិបមួយនេះ កំពុងបន្តជួបបញ្ហាទម្រង់លេងមិនល្អ ទាំងនៅក្នុងក្របខណ្ឌ Premier League និងនៅ Champions League ។ ពេលថ្មីៗនេះពួកគេបានខកចិត្តចំពោះលទ្ធផលការប្រកួតស្មើ ៣-៣ ជាមួយនឹងក្រុម Galatasaray។ ក្រុមបិសាចក្រហមនឹងត្រូវធ្វើការងារធ្ងន់បន្ថែមទៀតទល់នឹងក្រុម Newcastle United នៅថ្ងៃទី២ ខែធ្នូ វេលាម៉ោង ៣យប់ សម្រាប់ជំនួបក្របខណ្ឌ Premier League ។ ក្រុមទាំងពីរនេះ ត្រូវការស្វែងរកពិន្ទុ ដើម្បីបន្តប្រជែងតំណែងក្រុមកំពូលទាំង ៤ ក្នុងលីគ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com