RFI
សុខភាព
អន្តរជាតិ
មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគ HPV ដែរ
03, Dec 2023 , 7:59 am        
រូបភាព
វ៉ាក់សាំងប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារបង្កជំងឺមហារីកកស្បូនដ៏ចម្បងមួយ មិនមែនផលិតឡើងសម្រាប់តែចាក់លើក្មេងជំទង់ភេទស្រីទេ ដូចការគិតពីមុនទេ។ AP
វ៉ាក់សាំងប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារបង្កជំងឺមហារីកកស្បូនដ៏ចម្បងមួយ មិនមែនផលិតឡើងសម្រាប់តែចាក់លើក្មេងជំទង់ភេទស្រីទេ ដូចការគិតពីមុនទេ។ AP
ដោយ៖អៀង សុខម៉ិញ/RFI
មហារីកកស្បូន​៖ ក្មេង​ប្រុស​ជំទង់​ក៏​គួរ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​មេរោគ​HPVដែរ​ហេតុអ្វី​ក្មេង​ប្រុស​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ដែរ បើ​ពួកគេ​គ្មាន​សីររាង្គ​ស្បូន​ផងនោះ ?! វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​កស្បូនដ៏​ចម្បង​មួយ​ មិនមែន​ផលិត​ឡើង​សម្រាប់​តែ​ចាក់​​លើ​ក្មេង​ជំទង់​ភេទ​ស្រី​ទេ​ ដូច​ការ​គិត​ពី​មុន​ទេ។ ដើម្បី​អាច​ការពារ​ខ្លួន​ពី​ជំងឺ​មហារីកផ្សេងៗ និង​សង្ឃឹម​លុប​បំបាត់​ទាំង​ស្រុង​ជំងឺ​មហារីក​កស្បូន ក្មេង​ប្រុស​ក៏មាន​កាតព្វកិច្ច​​​ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស​ដែរ។ តើ​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស ឬ​HPV អាច​បង្ក​ជំងឺអ្វី​ខ្លះ? តើ​ក្មេង​ប្រុស​និង​ក្មេង​ស្រី​ត្រូវ​ចាក់​ថ្នាំ​បង្ការ​នេះ​នៅ​ពេល​ណា?

 
នៅ​ប្រទេស​បារាំង អាជ្ញាធរ​បាន​ផ្តល់​អនុសាសន៍​តាំងពី​ឆ្នាំ​២០០៧​មក ឱ្យ​ក្មេង​ស្រី​ជំទង់​អាយុ​១១​ទៅ​១៤​ឆ្នាំ (មិនទាន់​មាន​ទំនាក់ទំនង​ផ្លូវភេទ) ​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស HPV និង​​សម្រាប់​ក្មេង​ប្រុស​វ័យ​ជំទង់​ដូច​គ្នា ចាប់​ពី​ឆ្នាំ​២០២១​មក។
 
ក្នុង​មួយ​ឆ្នាំៗ មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​អ្នក​​ជំងឺ​មហារីក​ថ្មី​ចំនួន​៦ពាន់​ករណី​ថ្មី​ ភាគ​ច្រើន​ជា​មហារីក​កស្បូន ដោយ​សម្លាប់​ជីវិត​អស់១១០០នាក់​ នៅ​បារាំង និង​​បុរស​កើតមហារីក​​ប្រមាណ​៦៩៤០០នាក់ ក្នុង​កំរិត​ពិភពលោក​ នៅ​ឆ្នាំ​២០១៨។ នេះ​​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ។



 
តើ​ប៉ាពីឡូម៉ាវីរ៉ុស​ជា​មេរោគ​អ្វី​?
 
​Human papillomavirus ឬ​ហៅ​កាត់​ថា​ HPV ពពួក​មេរោគ​បង្ក​ជំងឺ​ឆ្លង​តាម​ផ្លូវ​ភេទ​​ដែល​រីក​រាលដាល​ខ្លាំង​​ជាង​គេ ជា​ចង្កោម​​គ្រួសារ​វីរ៉ុស​ដែល​មាន​សមត្ថភាព​ចម្លង​លើ​កោសិកា​ស្បែក និង​/ឬ​លើ​ភ្នាស។ អ្នក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ ​សម្គាល់​ឃើញវីរ៉ុស​នេះ​​មាន​ប្រមាណ​ជិត​២០០ប្រភេទ។
សែន​មហាឆ្លង​ វីរ៉ុស​អាច​ចម្លង​តាម​ការ​ប៉ះពាល់​គ្នា​ និង​ជា​ញឹកញយ​បំផុត​ តាម​រយៈ​ការរួម​រក្ស។ មាន​ស្ត្រីបុរស​ច្រើន​ខ្លាំង​ណាស់ (រហូត​ដល់​ប្រមាណ​៨០%) ដែល​​​ប្រឈម​នឹង​ការ​ឆ្លង​វីរ៉ុស​នេះ យ៉ាង​ហោច​ណាស់ក៏​​ម្តងដែរ​ ក្នុង​មួយ​​​ជីវិតពេល​មានសកម្មភ្លាមផ្លូវ​ភេទ។ ​ស្រោម​អនាម័យ​ដែល​ជា​មធ្យោបាយ​ការពារ​ជំងឺ​កាមរោគជា​ច្រើន​​ដ៏​ប្រពៃ​បំផុត​នោះ ក៏​មិន​អាច​ធានា​ការពារ​ការ​ចម្លង​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស​បាន​យ៉ាង​ប្រាកដ​ដែរ ព្រោះ​ក្រុម​មេរោគ​នេះ​អាច​ឆ្លង​ជា​រឿយៗ​ដែរ​តាម​ដៃ​និង​តាម​មាត់។ វីរ៉ុស​HPV អាច​ឆ្លង​នៅគ្រប់​កន្លែង​ មិនមែន​តែ​នៅ​ត្រង់​ប្រដាប់​បន្ត​ពូជ​ទេ។
 
ឆ្ល​ងប៉ាពីឡូម៉ាវីរ៉ុស​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ជា​ស្វ័យ​ប្រវត្តិ?
 
ឆ្លង​HPVចូល​ក្នុង​ខ្លួន មិន​ប្រាកដ​ថា​សុទ្ធ​តែ​នឹង​អាច​មាន​ជំងឺ​មហារីក​នៅ​ថ្ងៃ​មុខ​ទេ។ មិន​ផ្តល់​រោគ​សញ្ញា ​​មេរោគ​HPVភាគច្រើន អាច​ជាទៅ​វិញ​​​ដោយ​ឯងៗ នៅ​រវាង​៦​ទៅ​១៨​ខែ​ក្រោយ​ការ​ឆ្លង។ ក្នុង​ករណី​នេះ​ អ្នក​ផ្ទុក​មេរោគ គ្មាន​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​មហារីក​ទេ។​ មាន​តែ​ការ​បង្ក​រោគ​រ៉ាំរ៉ៃ នៃ​ប្រភេទ​វីរ៉ុស​HPVខ្លះ​ទេ​ដែល​អាច​នាំ​ដល់​ជំងឺ​មហារីក។ នៅក្នុង​ចង្កោម​​វីរ៉ុសនេះ មាន​១២​ប្រភេទ​អាចសំងំ​​ត្រាំត្រែង​ក្នុង​សរីរាង្គ​កាយ ​​និង​បង្ក​ឱ្យមាន​ដុំ​សាច់​ងាយ​ក្លាយ​​ជា​ជំងឺ​មហារីកបាន នៅ​ថ្ងៃ​អនាគត។
 
ការ​ឆ្លង​វីរ៉ុស​HPVញយៗ​និង​រ៉ាំរ៉ៃ​ ធ្វើ​ឱ្យ​កកើត​ជា​ដុំដំបៅងាយ​​​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​ ដែល​ហៅ​តាម​បែប​​បច្ចេកទេស​វេជ្ជសាស្ត្រ​ថា CIN (Néoplasie Intra-épithéliale)​។ នេះ​មិន​ទាន់​ហៅ​ថា​មហារីក​ទេ។ ក្នុង​ដំណាក់កាល​នេះ ទោះ​លេច​ទៅ​ជា​ដុំ​សាច់បែប​មហារីក​ក៏​ដោយ​ ក៏​​ សរីរាង្គ​កាយ​មនុស្ស​នៅ​តែ​ងអាច​កម្ចាត់មេរោគ​​ប៉ាពីឡូម៉ាវីរ៉ុស​បាន​ដែរ។
 
បើ​គ្មានកា​រព្យាបាល​ CIN អាច​វិវឌ្ឍ​ទៅ​ជា​មហារីក​កស្បូន​។ ហេតុដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​ជំនាញ​និង​អាជ្ញាធរ​សុខាភិបាល​តែង​ណែនាំ​ឱ្យ​ស្ត្រី​ក្នុង​វ័យ​២៥-៦៥​ឆ្នាំ​ អញ្ជើញ​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​ស្បូន​រក​មើល​រោគ​មហារីក​ ជាង​រាល់​បី​ឆ្នាំ​ម្តង បើ​គ្មាន​សញ្ញាសង្ស័យ។ ការ​វិវឌ្ឍ​ទៅ​ជំងឺ​មហារីក មាន​ដំណើរ​យឺត​ខ្លាំងណាស់​។ ការ​តាម​ដាន​សុខភាព​ស្បូន​ដោយ​ទៀង​ទាត់​អាច​បញ្ចៀស​មិន​ឱ្យ​មេរោគ​រាលដាល​ទៅ​ជា​មហារីក​បាន​ទាន់​ពេលវេលា។
 
ថ្វី​បើ​ស្ត្រី​ងា​យ​រងគ្រោះ​នឹង​មេរោគ​HPVខ្លាំង​ជាង​គេ​មែន ប៉ុន្តែ​បុរស​ក៏​មិនរួច​​ខ្លួន​ដែរ។ ជិត​មួយ​ភាគ​បី​នៃ​បុរស​ (៣១%) ទំនង​ជា​មាន​​ផ្ទុកប៉ាពីឡូម៉ា​វីរ៉ុស​HPV មួយ​ឬ​ច្រើន​ប្រភេទ​នៅក្នុង​ខ្លួន និង​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ឆ្លងប្រភេទ​​ប៉ាពីឡូម៉ាវីរ៉ុសដែល​មាន​ហានិភ័យ​មហារីក​ខ្ពស់។ នេះ​បើ​តាម​ការ​សិក្សា​ចំនួន​៦៥​ នៅ​រវាង​ពី​ឆ្នាំ​១៩៩៥-២០២២។
 
នៅលើ​ខ្លួន​ស្ត្រី​ ជំងឺ​មហារីក​កស្បូន​​ ស្ទើរ​ទាំងស្រុង (៩៩%) បង្កឡើង​​​ដោយមេរោគ​​ប៉ាពីឡូម៉ាវីរ៉ុស​​។ តែ​HPV ក៏​ជា​ភ្នាក់ងារ​នាំ​ឱ្យ​មានជំងឺ​​មហារីក​​​ផ្សេងៗ​ទៀត លើ​មនុស្សទូទៅ​​ ដូច​ជា មហារីក​ទ្វារធំ មហារីក​នៅប្រព័ន្ធ​ប្រចុះ​មាត់បំពង់ក អាមីដាល អណ្តាត ទ្វារមាស ឬ​លិង្គ។ ​វីរ៉ុស​HPVមាន​បង្កប់​ហានិភ័យ​មហារីក អាច​សំងំ​រីកលូត​លាស់​បង្កើត​​ដុំ​សាច់ រួច​ក្លាយ​ជា​ដុំ​មហារីក​ ដោយប្រើ​រយៈ​ពេល​​​ជា​ច្រើន​ឆ្នាំ ឬ​ដល់​រាប់​សិប​ឆ្នាំ​ក្រោយការ​ឆ្លង​​ឯណោះ។
 
តើ​គេ​អាច​ការពារ​កុំ​ឱ្យ​ឆ្លង​ប៉ាពីឡូម៉ាវីរ៉ុស​បានដែរឬទេ?
 
​ពាក្យ​ស្លោក “ការពារ​ប្រសើរ​ជាង​ព្យាបាល” មាន​តម្លៃ​ជានិច្ច។ គ្មានការព្យាបាល​ណា​​ប្រសើរ​ជាង​ការ​ពារ​ទេ។ ហើយការការពារ​ដ៏​ប្រពៃ​ជាង​គេ​បំផុត​ប្រឆាំង​នឹង​មេរោគ​កំណាច​ប៉ាពីឡូម៉ាវីរ៉ុស​ គ្មាន​អ្វី​ក្រៅ​អំពី​ការ​ចាក់​ថ្នាំ​បង្ការ មុន​ពេល​មាន​ការ​ចម្លង​មេរោគ​​ ឡើយ។
 
បើ​តាម​អ្នក​ជំនាញ ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាពខ្ពស់មែនទែន​ ប្រសិនបើ​​ចាក់​បានតាំងពី​​ពុំ​ធ្លាប់​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​សោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​ណែនាំ​ឱ្យ​ពលរដ្ឋ​នាំ​កូនទាំង​ស្រី​ទាំង​ប្រុស ​ទៅ​ចាក់​ថ្នាំប​ង្ការ​ប្រឆាំង​HPV ជា​ទូទៅ ចាប់​ពី​អាយុ​១១ឆ្នាំ​ឡើង​ទៅ និងអាច​យឺត​យ៉ាវ​​រហូត​ដល់​អាយុ​១៩​ឆ្នាំ​ ឬ​​ត្រឹម​​២៦​ឆ្នាំ​សម្រាប់​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា។
 
គ្មាន​សរីរាង្គ​ស្បូន​មែន តែ​ការ​​ផ្តល់​ថ្នាំ​បង្ការ​ដល់​ក្មេង​ប្រុស​មាន​សារៈប្រយោជន៍ខ្លាំងណាស់។ ទី​មួយ ថ្នាំបង្ការ​បំពេញ​កិច្ច​ការពារ​ដោយផ្ទាល់ ​មិន​ឱ្យ​មាន​ជំងឺ​មហារីក​ និង​ជំងឺ​ឬសកម​កើត​នៅ​លើ​ប្រដាប់​ភេទ​ និង​តំបន់​ជុំ​វិញ​ប្រដាប់​បន្តពូជ។ ប្រសិទ្ធភាពនៃ​ថ្នាំ​បង្ការ​ប្រឆាំង​HPV មាន​​បញ្ជាក់​យ៉ាងច្បាស់​លាស់។ ផលប្រយោជន៍ទីពីរ​ គឺ​ថ្នាំបង្ការ​ផ្តល់​ការពារ​មិន​ឱ្យ​ធ្លាក់​ខ្លួន​មាន​ជំងឺ​មហារីក​លើ​ប្រព័ន្ធ​ច្រមុះមាត់បំពង់ក ដែល​តែង​កើត​ឡើង​ជា​ញឹកញាប់​លើ​មនុស្ស​ប្រុស​ ដោយហេតុ​មាន​ផ្ទុក​​មេរោគ​ប៉ាពីឡូម៉ាវីរ៉ុស។ គុណប្រយោជន៍​ចុងក្រោយ​និងទីបី គឺ​វ៉ាក់សាំង​ជា​អាវុធ​ការពារ​និង​កាត់​បន្ថយ​ការ​ចម្លង​មេរោគ។ ក្មេង​ប្រុស​ ជា​អនាគត​ដៃគូ​ស្នេហា​ ជា​អនាគត​ស្វាមី ដូច្នេះ​ក្មេង​ប្រុស​ក៏​ត្រូវ​តែ​ចាក់​ថ្នាំបង្ការ​ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​វីរ៉ុស។

ក្មេង​ប្រុស​មាន​ផ្ទុក​HPV នឹង​ទៅ​ចម្លង​ក្មេង​ស្រី ហើយ​​ស្រីនៅ​ជាមួយ​ប្រុស ប្រុស​នៅជាមួយ​ស្រី ប្រុស​ឆ្លង​ពីប្រុស​ដូចគ្នា  ហើយ​ក៏​មាន​ស្រី​ឆ្លង​ពី​ស្រី​ដូចគ្នា មេរោគ​នឹង​ធ្វើ​ចរាចរណ៍​វិល​ទៅ​វិលមក​។ ដល់​ពេល​មួយ បើ​យើង​ចង់​បញ្ឈប់​សកម្មភាព​ចម្លង​របស់​មេរោគ​ គឺ​មាន​តែ​ទៅ​ចាក់​ថ្នាំ​បង្ការ​គ្រប់គ្នា។
 
អូស្ត្រាលី អាមេរិក បាន​បើក​យុទ្ធនាការ​​​ចាក់​ថ្នាំ​បង្ការ​លើ​ក្មេង​ស្រី​ជំទង់​តាំង​ពី​ឆ្នាំ​២០០៧ និង​២០១១-២០១៣​សម្រាប់​ក្មេងប្រុស​ជំទង់។ ជា​លទ្ធផល​ វីរ៉ុស​HPV បាត់​ខ្លួន​ស្ទើរ​​លែងមាន​​​ការ​ចម្លង​សោះ​ ករណី​លេច​ដុំ​សាច់​អាច​ក្លាយ​ជា​មហារីក​ក៏​រលុប​បាត់​ស្ទើរ​ទាំង​ស្រុង​ដែរ។ បើតាមទិន្នន័យ​ដំបូងរបស់​ប្រទេស​ស៊ុយអែត​​ ស្តីពី​សុខភាព​ក្មេង​អាយុ​​១០​ឆ្នាំ​ដល់​៣០ឆ្នាំ​ចំនួន​១លាន​៦សែន​នៅ ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៧ ចេញ​ផ្សាយ​នៅឆ្នាំ​២០២០ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អត្រាហានិភ័យ​មាន​ជំងឺ​មហារីក​កំណាច​លើ​ស្ត្រី​បាន​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​HPVមុន​អាយុ​១៧​ឆ្នាំ បាន​ធ្លាក់​ចុះ​អស់​៨៨%។ ការ​សិក្សា​ក្រោយ​មក​ទៀត​នៅ​អង់គ្លេស បាន​រក​ឃើញ​ថា ជំងឺ​មហារីក​កស្បូន​​បាន​ធ្លាក់​ចុះ​ជា​គំហុក​ ស្ទើរ​គ្មាន​ម្នាក់​សោះ តាំង​ពី​ប្រទេស​មាន​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​HPV​នៅឆ្នាំ​២០០០​មក។
 
ប៉ុន្តែ​ថ្នាំ​បង្ការ​មិន​អាច​រារាំង​មិន​ឱ្យ​កើត​ជំ​ងឺ​មហារីកបាន​ទាំង​ស្រុង​​ទេ។ សម្រាប់​ជំងឺ​មហារីក​កស្បូន ការ​ធ្វើតេស្ត​វិភាគ​រក​មើល​មេរោគ​មហារីក​នៅ​តែ​ចាំបាច់​ជា​និច្ច៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com