ជាតិ
សប្ដាហ៍ថាមពលស្អាត៖ ពន្លឺព្រះអាទិត្យ និងខ្យល់ មានសក្តានុពលសម្រាប់កម្ពុជា ផលិតថាមពលស្អាត
02, Dec 2023 , 6:29 pm        
រូបភាព
យុវជន និងក្រុមអ្នកជំនាញវិស័យថាមពល ចូលរួមសប្ដាហ៍ថាមពលស្អាត។ រូបផ្ដល់ឱ្យ
យុវជន និងក្រុមអ្នកជំនាញវិស័យថាមពល ចូលរួមសប្ដាហ៍ថាមពលស្អាត។ រូបផ្ដល់ឱ្យ
ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា អង្គការអេននឺជីឡេប (EnergyLab Cambodia) អង្គការ UNDP រួមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀត បានរៀបចំសប្ដាហ៍ថាមពលស្អាត លើកទី៦ ដោយសង្ឈឹមថាកម្ពុជា ដើរទៅរកការផលិតថាមពលស្អាត ប្រកបដោយនិរន្តរភាព និងពង្រឹងសន្តិសុខថាមពល។



សប្ដាហ៍ថាមពលស្អាតរៀបចំឡើងចាប់ពីថ្ងៃទី១៦ដល់២៣វិច្ឆិកា ដោយមានកម្មវិធីចំនួន២២ មានថ្នាក់ដឹកនាំ អ្នកជំនាញ និងសហគ្រិន ក្នុងវិស័យថាមពលស្អាតចូលរួមស្វែងយល់អំពីប្រធានបទ របស់ព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាតកម្ពុជាឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»។ 
  



សប្តាហ៍ថាមពលស្អាតបានចាប់ផ្តើមឡើង ដោយផ្តោតលើតួនាទីរបស់ថាមពលស្អាត ត្រូវតែដើរតួក្នុងការផ្តល់សន្តិសុខថាមពលសម្រាប់កម្ពុជា។ ក្នុងនោះ អង្គការខាងលើ យល់ឃើញថា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់មានសក្តានុពលយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា និងអាចកាត់បន្ថយការនាំចូលឥន្ធនៈហ្វូស៊ីល និងអគ្គិសនីពីក្រៅប្រទេស។ ពួកគេមើលឃើញថា ការវិនិយោគថ្មីៗ លើថាមពលស្អាតក៏អាចជួយកាត់បន្ថយការបង្កើតថ្មីនូវឥន្ធនៈហ្វូស៊ីលថ្មីដែលមិនចាំបាច់ ដែលនឹងជំរុញឱ្យកម្ពុជា​ បន្តពឹងផ្អែកលើទីផ្សារឥន្ធនៈហ្វូស៊ីលអន្តរជាតិ សម្រាប់ទសវត្សរ៍ខាងមុខផងដែរ។
 
នៅសប្ដាហ៍ថាមពលស្អាត កម្មវិធីនីមួយៗបានជជែកពិភាក្សារកដំណោះស្រាយ សម្រាប់បញ្ហាសំខាន់ៗមួយចំនួនដូចជា ការកាត់បន្ថយកាបូនផ្នែកឧស្សាហកម្ម ការកំណត់អត្តសញ្ញាណបច្ចេកវិទ្យា ដែលចាំបាច់នៅពេលបរិមាណថាមពលស្អាតកើនឡើង និងការស្វែងយល់ពីរបៀប ដែលគំរូអាជីវកម្មថ្មីនឹងត្រូវបានបង្កើតឡើង ដើម្បីសម្រេចបាននូវគោលដៅប្រសិទ្ធភាពថាមពលរបស់កម្ពុជា។ ទន្ទឹមនឹងនេះ មេរៀនដែលរៀនពេញមួយសប្តាហ៍ ក៏នឹងត្រូវប្រើប្រាស់បន្ត ដើម្បីជំរុញដល់វឌ្ឍភាពថាមពលស្អាតនៅក្នុងប្រទេស។
 


ក្នុងសប្ដាហ៍ថាមពលស្អាត រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានលើកឡើងថា កម្ពុជាកំពុងទទួលយកថាមពលស្អាត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងពង្រឹងសន្តិសុខថាមពល។ «យើងកំពុងបញ្ចូលគោលការណ៍CARE ដែលដំណាងឲ្យ ថាមពលស្អាត(Clean) តម្លៃសមរម្យ(Affordable) ប្រកបដោយទំនុកចិត្ត(Reliable) និងដោយសមធម៌(Equitable) ទៅក្នុងយុទ្ធសាស្ត្ររបស់យើង»។ លោក កែវ រតនៈ លើកឡើងបែបនេះ ហើយលោកពន្យល់បន្ថែមថា វិធីសាស្រ្តនេះគឺជាគន្លឹះក្នុងការធានាបាននូវទិដ្ឋភាពថាមពលរួមមួយ ដែលជួយដល់ការអភិវឌ្ឍន៍ ការពារបរិស្ថាន និងលើកកំពស់ប្រជាជន។ 
  
ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក ចាសស្ទីន វ៉ាយអេត បានវាយតម្លៃថា មួយសប្តាហ៍នៃ ការរៀបចំសប្ដាហ៍ថាមពលស្អាត​ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញ ចែករំលែកចំណេះដឹង និងបទពិសោធន៍ចូលរួម។
 


  
រីឯ លោក ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ក៏យល់ឃើញថាព្រឹត្តិការណ៍នេះ ពិតជាប្រកបដោយថ្លែផ្កា និងជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹងទាក់ទងនឹងសន្តិសុខថាមពល និងមហិច្ឆតាថាមពលស្អាតក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោក ចូណាថាន់ ឃីងស៍ បានកត់សម្គាល់ឃើញបែបនេះ ៖«បញ្ហាប្រឈមសំខាន់មួយដែលត្រូវបានសម្គាល់គឺ ជំនាញរបស់កម្លាំងពលកម្មដែលកំពុងធ្វើការក្នុងវិស័យថាមពលនៅមានកម្រិតនៅឡើយ»។ យ៉ាងណា លោកបន្ថែមថា កម្មវិធីមួយរបស់សប្ដាហ៍ថាមពលស្អាតក្រោមប្រធានបទ ជំនាញសម្រាប់អន្តរកាលថាមពល បានបង្ហាញពីកាលានុវត្តភាពសម្រាប់កម្ពុជា ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យថាមពលនេះ។
 


លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជាបាននិយាយថា  សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ បានបញ្ជាក់ឡើងវិញថា អន្តរកាលថាមពល និងការអភិវឌ្ឍថាមពលគួរតែត្រូវបានចាត់ទុកជាអាទិភាព។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលយើងកំពុងប្រារព្ធព្រឹត្តិការណ៍ដ៏ជោគជ័យមួយនេះ យើងគួរចងចាំថា យើងត្រូវតែបន្តការខិតខំប្រឹងប្រែងក្នុងការបង្កើនល្បឿននៃអន្តរកាលថាមពលរបស់កម្ពុជា។ឱកាសមិនអាចកើតឡើងដោយឯកឯងនោះទេ គឺយើងជាអ្នកបង្កើតវា! ជាមួយគ្នា យើងអាចធានាបាននូវការអន្តរកាលថាមពលប្រកបដោយនិរន្តរភាព សមធម៌ និងយុត្តិធម៌សម្រាប់ទាំងអស់គ្នា។»
 



 លោកណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប (EnergyLab Cambodia) បានមានប្រសាសន៍ថា ៖«យើងគួរតែចាប់យកសក្តានុពលរបស់ថាមពលពន្លឺព្រះអាទិត្យឲ្យបានពេញលេញមុននឹងយឺតពេល។ កម្ពុជាមានលទ្ធភាព និងឱកាសដ៏ច្រើនក្នុងការកាត់បន្ថយកាបូនពីបណ្ដាញអគ្គិសនីរបស់ខ្លួន ព្រមទាំងសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងជំរុញឲ្យសន្តិសុខថាមពលរបស់ប្រទេសកាន់តែប្រសើរឡើង។»
 



សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយ អង្គការអេននឺជីឡេប (EnergyLab Cambodia) ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយនឹងសហស្ថាបនិករួមមាន រដ្ឋាភិបាលអូស្ត្រាលី និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទទួលបានមូលនិធិពីអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យដែលទទួលបានមូលនិធិពីសហភាពអ៊ឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA)៕ 
 

Tag:
 ថាមពលស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com