កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអេឡិចត្រូនិក៖ ក្រុម See You Soon តំណាងកម្ពុជានឹងចាប់ផ្តើមប្រកួតពាន M5 ទល់ Bigetron Sons របស់ប្រេស៊ីល
03, Dec 2023 , 8:29 am        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក See You Soon លើប្រភេទវិញ្ញាសារកីឡាលើទូរសព្ទដៃ Mobile Legends BangBang នឹងចាប់ផ្តើមដំណើរបេសកកកម្មការប្រកួតក្នុងពានរង្វាន់លំដាប់ថ្នាក់ពិភពលោក M5 World Championship នៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី៣ ខែធ្នូ ដោយត្រូវជួបក្រុម Bigetron Sons មកពីប្រទេសប្រេស៊ីល​ ក្នុងពូល A។

បន្ទាប់ពីគ្រងជើងឯកក្នុងការប្រកួតពានរង្វាន់ក្នុងប្រទេសកម្ពុជា MPL Cambodia Autume Splits រដូវកាលទី៥ រួចមក កាលពីខែតុលា ក្រុម See You Soon ក្លាយជាក្រុមតំណាងឱ្យកម្ពុជាក្នុងការប្រកួតពានរង្វាន់លំដាប់អន្តរជាតិនានាលើវិញ្ញាសា Mobile Legends នាចុងឆ្នាំ ២០២៣។ See You Soon បានឆ្លងកាត់ការប្រកួតពានរង្វាន់ Mobile Legends Professional League Invitational ដោយបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៥ មុនការប្រកួតព្រិត្តិការណ៍លំដាប់ថ្នាក់ពិភពលោកមកដល់។ ​
 
M5 World Championship ជាពានរង្វាន់ពិភពលោកដែលប្រមូលផ្តុំក្រុមជើងឯកកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends ខ្លាំងៗតាមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងក្រុមជើងឯកមកពីទ្វីបនានាជុំវិញពិភពលោកដើម្បីប្រកួតប្រជែងស្វែងរកក្រុមដែលខ្លាំងជាងគេបង្អស់សម្រាប់តំណែងម្ចាស់ពានពិភពលោក M5។ ១៦ក្រុមមកពីជុំវិញពិភពលោកនឹងត្រូវប្រជែងគ្នាដណ្តើមពានរង្វាន់ M5 World Championship ហើយក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ ពីប្រាក់រង្វាន់សរុបក្នុងការប្រកួតទាំងមូល ៩០ម៉ឺនដុល្លារ។
  


ក្រុមចំនួន ១៦ រួមមាន ONIC Esports និង Geek Fam របស់ឥណ្ឌូណេស៊ី, ក្រុម AP Bren និង Blacklist International របស់ហ្វីលីន, See You Soon តំណាងកម្ពុជា, HOMEBOIS តំណាងម៉ាឡេស៊ី, Team Flash តំណាងសិង្ហបុរី, Burmese Ghouls តំណាងមីយ៉ាន់ម៉ា, RRQ Akira និង BIGETRON Sons តំណាងប្រេស៊ីល, DEUSVULT មកពីរុស្ស៊ី, Fire Flux Esports មកពីតួកគី, Tripple Esports មកពីអារ៉ាប៊ីសាអូឌីត, The Ohio Brothers មកពីអាម៉េរិក, ក្រុម SMG របស់ម៉ាឡេស៊ី និងក្រុម Team Lilgun។
 
ការប្រកួតសម្រាប់វគ្គចែកពូលនឹងត្រូវប្រកួតក្នុងទម្រង់សន្សំពិន្ទុក្នុងពូល ដោយក្រុមទាំងអស់ត្រូវឆ្លងកាត់ការប្រកួតប្រកួត ១លើក ចំនួន ៣វគ្គ (Best of 3) ប៉ះគ្នាវិលជុំ។ ក្រុមចំណាត់ថ្នាក់កំពូលទាំង ២ នឹងត្រូវបន្តដំណើរទៅកាន់វគ្គ Play-Offs ដែលជាការប្រកួតជម្រុះ Double Eliminations ដោយត្រូវលេងក្នុងទម្រង់ជម្រុះ Upper Bracket និង Lower Bracket។ វគ្គ Play-Offs ក្រុមនីមួយៗនឹងត្រូវប្រកួត ១លើក ៥វគ្គ (Best of 5) ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវកាត់សេចក្តីដោយការប្រកួតចំនួន ៧វគ្គ (Best of 7) ស្វែងរកជើងឯក។
  


សម្រាប់ការប្រកួតប្រជែងក្រុមម្ចាស់ជើងឯក MPL Cambodia ២សម័យកាល See You Soon ត្រូវបានចាប់ចូលក្នុងពូល A ដែលរួមមានក្រុមជើងខ្លាំងដូចជា ONIC Esports របស់ឥណ្ឌូណេស៊ីដែលឈ្នះជើងឯក MSC 2023 ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងក្រុម Tripple Esports ក្រុមជើងឯកលីគ MPL Mena Fall មកពីអារ៉ាប៊ីសាអូឌីត និងក្រុម Bigetron Sons ក្រុមលេខ ២ លីគ Liga Latam 2023 មកពីប្រទេសប្រេស៊ីល។
 
ONIC Esports ប៉ះក្រុម Tripple Esports ជាក្រុមត្រូវប្រកួតបើកឆាក់សម្រាប់ជំនួបក្នុងពូល A វេលាម៉ោង ៨យប់នៅថ្ងៃទី២ ខែធ្នូ មុនការប្រកួតរវាងក្រុម See You Soon ប៉ះក្រុម Bigetron Sons នៅវេលាម៉ោង ៦​ល្ងាច ថ្ងៃទី៣ ខែធ្នូ។ ថ្ងៃទី៤ ខែធ្នូ See You Soon ត្រូវបន្តដំណើរការប្រកួតក្នុងពូល A របស់ខ្លួនទល់នឹងក្រុម Tripple Esports មុនទៅប៉ះ ONIC Esports នៅ ២ថ្ងៃបន្ទាប់។ 
  


ក្រុមដែលនឹងចាប់ផ្តើមការប្រកួតបើកឆាកដំបូងគេបង្អស់ក្នុងព្រឹត្តិការណ៍ M5 World Championship គឺជាក្រុម ​AP Bren ជើងឯកលីគ MPL Ph របស់ហ្វីលីពីន ​ត្រូវប៉ះក្រុម Burmese Ghouls របស់មីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែធ្នូ វេលាម៉ោង ២រសៀល៕
 
 

Tag:
 See You Soon
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com