ជាតិ
វៀតណាម ជាទីផ្សារនាំចេញស្វាយចន្ទីច្រើនជាងគេរបស់កម្ពុជា
03, Dec 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ ប្រទេសវៀតណាមជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំលំដាប់ទីមួយរបស់កម្ពុជា។ ក្រៅពីវៀតណាម កម្ពុជាក៏បាននាំចេញគ្រាប់ស្វាយចន្ទី ទៅចិន,ជប៉ុន,ឡាវ និងអារ៉ាប់។

 
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា៖ «សម្រាប់ទីផ្សារចន្ទីអត់ទាន់កែច្នៃ គឺយើងចេញទៅវៀតណាមច្រើនជាងគេគឺស្ទើរតែ៩០ភាគរយទៅហើយ។ អ្នកដែលមកពីវៀតណាមហ្នឹងមិនមែន មកទិញតែក្រុមហ៊ុនមួយនោះ ក្នុងនោះក៏មានក្រុមហ៊ុនអន្តរជាតិផងដែរ។»
 

លោក បានបន្ថែមថា សមាគមស្វាយចន្ទីកម្ពុជា កំពុងសហការជាមួយដៃគូ បង្កើតកន្លែងកសិឧស្សាហកម្មស្វាយចន្ទីមួយកន្លែង។ បច្ចុប្បន្ន ទីតាំង ក៏កំពុងកកើតឡើងដោយបានទាញវិនិយោគិនពីសិង្ហបុរី ដោយបោះទុកជំហានទីមួយ មានទឹកប្រាក់ប្រមាណ ១២លានដុល្លារ។ គម្រោងរោងចក្រកែច្នៃស្វាយចន្ទីពីសិង្ហបុរីនេះ គ្រោងផលិតស្វាយចន្ទីកែច្នៃ ៤០តោនក្នុងមួយថ្ងៃ នៅខេត្តកំពង់ធំ។
 
បើគិតរយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៦១ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម។ ការនាំចេញនេះបានថយចុះប្រមាណ១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
 
គ្រាប់ស្វាយចន្ទីអាចមានតម្លៃ ៧ ៥០០រៀល ក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដាំដុះស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា ក្នុងនោះខេត្តកំពង់ធំ ជាខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ មានផ្ទៃដាំដុះស្វាយចន្ទីជាង ១១ម៉ឺនហិកតា៕
 

Tag:
 កសិកម្ម
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com