អន្តរជាតិ
ស៊្វីស បង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រហែល៨,៨ពាន់លានដុល្លារហើយ
03, Dec 2023 , 9:29 am        
រូបភាព
ក្រោមចំណាត់ការដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន រដ្ឋាភិបាលស្វីស ប្រកាសថា ខ្លួនបង្កកទ្រព្យធនហិរញ្ញវត្ថុ ដែលជាកម្មសិទ្ធិរបស់រុស្ស៊ីប្រមាណ៨,៨ ពាន់លានដុល្លារឯណោះ ។


ការបង្កកប្រាក់៨,៨ពាន់លានដុល្លារ គឺខ្ពស់ជាងចំនួនទឹកប្រាក់ ដែលបានប្រកាសកាលពីឆ្នាំមុនដែលមាន៨,៥ពាន់លានដុល្លារក្រោយពេលស្វ៊ីស សម្រេចអនុវត្តតាមទណ្ឌកម្មសហភាពអឺរ៉ុប (EU)។ លេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) ដែលជាទីភ្នាក់ងារត្រួតពិនិត្យលើការដាក់ទណ្ឌកម្មនេះ បញ្ជាក់ថា ចំនួនទឹកប្រាក់ខាងលើគឺជា កម្រិតប៉ាន់ស្មានប៉ុណ្ណោះ ដែលនឹងនៅអាចកែប្រែបាន។
 
លទ្ធភាពកែប្រែនៅមានបណ្ដាលកពីភាពពិបាកក្នុងការកំណត់តួលេខច្បាស់លាស់ដោយសារបុគ្គលថ្មីៗត្រូវបាន ដាក់បញ្ចូលបន្ថែម ឬត្រូវដកចេញពីបញ្ជី ព្រមទាំងការគិតគូរករណីច្បាប់លើការបង្កក ឬបញ្ចេញ ទ្រព្យធនបន្ថែមទៀត។ តួលេខច្បាស់លាស់រំពឹងនឹងកំណត់បានរួចរាល់ត្រឹមត្រីមាសទីពីរ ឆ្នាំ២០២៤ ដែលជាពេលដែលធនាគារស្វ៊ីសរាយការណ៍ទៅកាន់រដ្ឋាភិបាល។
យោងតាម SECO ចំនួនបុគ្គលដែលស្ថិតក្រោមការបង្កកនេះកើនដល់៣០០នាក់ ខណៈក្រុមហ៊ុន និងស្ថាប័នមានរហូតដល់ ១០០។ យ៉ាងណាមិញ SECO បដិសេធមិនបញ្ជាក់បន្ថែមពីបុគ្គល ដែលស្ថិតក្រោមទណ្ឌកម្មនេះឡើយ។
 
ទឹកប្រាក់បង្កកនេះបូករួមទាំងចំនួនប៉ាន់ស្មានពីប្រាក់ចំណេញពីប្រាក់បញ្ញើជាសាច់ប្រាក់ មូល​បត្របំណុល ភាគហ៊ុន ក៏ដូចជាអចលនទ្រព្យ និងរថយន្តប្រណីត។ ទន្ទឹមនេះទីក្រុងប៊ែនក៏បានបង្អាក់ទ្រព្យធនចំនួន៨,៤ពាន់លានដុល្លាររបស់រុស្ស៊ីដែលស្ថិតជាទ្រព្យធន ក្នុង​រូបិយប័ណ្ណ​បរទេសថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្កកនេះ មានចំណែកត្រឹមតែមួយ ចំណែកតែប៉ុណ្ណោះ ខណៈដែលធនាគារស្វ៊ីសកាន់កាប់ទ្រព្យធនរុស្ស៊ី សរុបរហូតដល់១៧១ពាន់លានដុល្លារ។ នេះតាមការប្រមើលមើលដោយសមាគមធនាគារស្វ៊ីស។
 
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនកាលពីខែមុន ប្រធានាធិបតី ស្វីសលោក Alain Berset បានសន្យាគាំទ្រអ៊ុយក្រែនបន្ថែមទៀត ហើយក៏បានពិភាក្សាអំពី ការប្រើប្រាស់ប្រាក់បានមកពីទ្យព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញ។
 
ស្របពេលនេះ គណៈកម្មការអឺរ៉ុបកំពុងធ្វើការលើសំណើដើម្បីប្រមូលប្រាក់ចំណេញមួយ ចំនួនដែលបានមកពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីដើម្បីជួយអ៊ុយក្រែននៅក្រោយសង្គ្រាម។ ​ស្វ៊ីសដែល​​ចូលរួម​ក្នុង​ការ​ពិភាក្សា ​​សម្រេច​មិនគាំទ្រសំណើនេះឡើយ ដោយសារស្វ៊ីសជាទូទៅនៅប្រកាន់យកច្បាប់អព្យាក្រឹត៕
 

Tag:
 ស៊្វីស
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com