កីឡាជាតិ
ជាតិ
គុនខ្មែរជើងឯកពិភពលោក លើកទី៥ នឹងរៀបចំកាន់តែធំ ហើយកក្រើកជាង ឆ្នាំ២០២៣
03, Dec 2023 , 9:59 am        
រូបភាព
ការប្រកួតគូនារី ក្នុងព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក
ការប្រកួតគូនារី ក្នុងព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក
ជាង៣ម៉ឺននាក់​ ចូលរួមទស្សនាការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ ដែលធ្វើនៅទឹកដីសៀមរាប ពីថ្ងៃទី២៦ដល់ ២៨ ខែវិច្ឆិកា។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយក្នុងនោះអ្នកទស្សនា ២០ភាគរយ ជាភ្ញៀវទេសចរអន្ដរជាតិ។ អគ្គលេខាធិការ NOCC បន្ថែមថា ព្រឹត្តិការណ៍គុនខ្មែរពិភពលោក លើកទី៥ ឆ្នាំក្រោយ នឹងរៀបចំឱ្យកក្រើកជាងនេះ។ លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ បានបញ្ជាក់ថា ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ នឹងត្រូវធ្វើនៅថ្ងៃទី៥, ៦ និង ៧ ខែធ្នូ ឆ្នាំ២០២៤ នៅទឹកដីសៀមរាប ដដែល។

 
លោក វ៉ាត់ ចំរើន បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា ភ្ញៀវទេសចរអន្ដរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ចង់មើលការប្រកួតគុនខ្មែរ ដែលជាក់ស្ដែង ក្នុងចំណោមអ្នកទស្សនា ៣ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ ស្របគ្នាជាមួយថ្ងៃ នៃពិធីបុណ្យអុំទូកនេះ មាន ២០ភាគរយ ជាភ្ញៀវអន្ដរជាតិ។ ដើម្បីអបអរសាទខួបលើកទី៥ នៃការរៀបចំប្រកួតគុនខ្មែរជើងឯកពិភពលោក អគ្គលេខាធិការរូបនេះ បន្ថែមថា ព្រឹត្តិការណ៍ នាឆ្នាំ២០២៤ នឹងត្រូវធ្វើធំ និងកក្រើកជាង ឆ្នាំ២០២៣នេះ។ 
  
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC

សម្រាប់ព្រឹត្តិការណ៍គុនខ្មែរពិភពលោក លើកទី៤ លោក វ៉ាត់ ចំរើន វាយតម្លៃខ្ពស់ ព្រោះទទួលបានជោគជ័យ សំខាន់ៗ ២យ៉ាង គឺទាំងក្នុងវិស័យកីឡាគុនខ្មែរ និងក្នុងវិស័យទេសចរណ៍។ ជោគជ័យទី១ គឺសហព័ន្ធគុនខ្មែរអន្ដរជាតិ បានពង្រឹងចំណងមិត្តភាព និងទំនបចិត្តពីប្រទេស ដែលជាសមាជិកគុនខ្មែរ ជាពិសេស ការបង្ហាញនូវ ភាពកក់ក្ដៅ និងមោនោសញ្ចេតនា ក្នុងការចូលរួមជាសមាជិកគុនខ្មែរអន្ដរជាតិ។
 
ចំណែកជោគជ័យទី២ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានមកទស្សនា យ៉ាងច្រើនកុះករ។ កម្ពុជា នឹងពង្រឹង ការរៀបចំឲ្យកាន់តែល្អ ទាំងបញ្ហាអនាម័យ សន្ដិសុខ និងសុវត្ថិភាព ដើម្បីឲ្យភ្ញៀវទេសចរទាំងអស់ពេញចិត្តចំពោះការរៀបចំ ហើយអ្នកទាំងនោះ អាចផ្សព្វផ្សាយបន្ថែមទៀត ជូនដល់កម្ពុជា។ នេះ ជាហេតុធ្វើឲ្យមានភ្ញៀវអន្ដរជាតិ ជាច្រើនចង់មកទស្សនា គុនខ្មែរ ជាពិសេស ការប្រកួតជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤។
 
«ជោគជ័យទី១ របស់យើង គឺ បានប្រមូលប្រទេសជាសមាជិករបស់យើង បានមកចូលរួមហើយ មានភាពកក់ក្ដៅ ហើយមានមនោសញ្ចេតនា ក្នុងការឯកភាពមួយ ក្នុងគុនខ្មែរ។ ចំណុច សំខាន់ទី២ គឺភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានមកក្នុងពិធីបុណ្យអុំទូកនេះ គឺបានមកចូលរួមទស្សនា យ៉ាងច្រើនកុះករ។»។ លោក វ៉ាត់ ចំរៀន បាននិយាយដូច្នេះ។ 
ក្នុងពិធីបិទការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៤ លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏បានបញ្ជាក់ច្បាស់ថា ការប្រកួតលើកទី៥ គឺនឹងត្រូវធ្វើនៅថ្ងៃទី៥, ៦ និង ៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងទឹកដីខេត្តសៀមរាប។
 
គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ប្រកួតរយៈពេល ៣ថ្ងៃនេះ កម្ពុជា ដណ្ដើមបានមេដាយសរុប២៣ ក្នុងនោះមាស១៤ ប្រាក់៨ និងសំរិទ្ធ១។ ចំណែកប្រទេសអ៊ីរ៉ង ដណ្ដើមបានមេដាយមាស២ ប្រាក់១ សំរិទ្ធ១  និងប្រទេសកាមេរូន មេដាយមាស១ ប្រាក់១ រីឯ ជប៉ុន មេដាយមាស១ ប្រាក់២។ ឥណ្ឌា ឈ្នះមេដាយសរុប៦ ក្នុងនោះ មាស៣ និងប្រាក់៣។ ក្រៅពីនោះ ប្រទេសចូលរួមផ្សេងទៀត ក៏ដណ្ដើមបានមេដាយ មាស ប្រាក់ និងសំរិទ្ធផងដែរ។ ព្រឹត្តិការណ៍នេះ មាន ១១ប្រទេសចូលរួម ក្នុងនោះមាន ម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌា, ហ្វីលីពីន, ជប៉ុន, អ៊ីរ៉ង, រុស្ស៊ី, កាមេរូន, ថៃ, ឡាវ, វៀតណាម និងម៉ូរីស៕
 

Tag:
 ប្រដាល់គុនខ្មែរ
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com