កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024 ៖ ម្ចាស់ផ្ទះអាល្លឺម៉ង់ ទទួលស្កុតឡែនថ្ងៃបើកឆាក
03, Dec 2023 , 11:01 am        
រូបភាព
ព្រឹត្តិការណ៍ពានរង្វាន់ក្រុមកំពូលអឺរ៉ុប Euro 2024 បានចាប់ពូលរកឃើញក្រុមដែលត្រូវប្រកួតគ្នាហើយ ថ្ងៃទី២ ខែធ្នូ ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ស្ថិតនៅក្នុងពូល A នឹងត្រូវប្រកួតថ្ងៃបើកឆាកព្រឹត្តិការណ៍ ជាមួយក្រុមស្កុតឡែន។ ចំណែកក្រុមអ៊ីតាលី ត្រូវបានចាប់ចូលក្នុងពូល B ដែលមានក្រុមខ្លាំងដូចជាអេស្ប៉ាញ, អាល់ប៉ានី និងក្រូអាស៊ី។

 
អាល្លឺម៉ង់ម្ចាស់ជើងឯក ៣សម័យកាល នឹងត្រូវចាប់ផ្តើមការប្រកួត Euro 2024 ដោយប៉ះក្រុមស្កុតឡែន សម្រាប់ជំនួបពូល A មុនទៅប៉ះក្រុមក្នុងពូលផ្សេងទៀតរួមមានហុងគ្រី និងស្វ៊ីស។ ព្រឹត្តិការណ៍ Euro 2024 ធ្វើឡើងរយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី១៤ ខែមិថុនា​ ហើយដែលការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ២០២៤​ នៅកីឡដ្ឋាន Berlin Olympic ដែលជាទីតាំងត្រូវកាត់សេចក្តីស្វែងរកក្រុមជើងខ្លាំង ប្រចាំទ្វីបអឺរ៉ុប។
  


ស្ថិតក្នុងពូល A ក្នុងនាមជាក្រុមម្ចាស់ផ្ទះ លោក Julian Nagelsmann ដែលជាគ្រូបង្វឹកក្រុម បានចាត់ទុកថា ជាពូលមិនសូវមានក្រុមខ្លាំង ដែលអាចប្រជែងជាមួយនឹងអាល្លឺម៉ង់ប៉ុន្មានឡើយ។ លោក Nagelsmann បាននិយាយដូច្នេះថា ៖ «វាមិនមែនជាពូលមរណៈឡើយ ប៉ុន្តែក៏ជាពូលដ៏ខ្លាំងមួយផងដែរ ហើយយើងសម្លឹងមើលការឆ្ពោះទៅមុខបន្ថែមទៀត។»។ 
លោក Nagelsmann បានចូលកាន់កាប់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីខែសីហា បន្ទាប់ពីក្រុមអាល្លឺម៉ង់បានចែកផ្លូវជាមួយនឹងលោក Hansi Flick ក្រោយប្រកួតចាញ់ជប៉ុនលទ្ធផល ៤-១ ក្នុងទឹកដី ដែលជាការប្រកួតចាញ់លើកទី៥ ជាប់ៗគ្នា។ ដឹកនាំអាល្លឺម៉ង់ ៣ប្រកួត លោក Nagelsmann ក៏បានយកឈ្នះការប្រកួត ១លើកលើក្រុមអាម៉េរិក ប៉ុន្តែចាញ់ក្រុមតួកគី និងអូទ្រីស។
 
ក្រឡែកទៅកាន់ពូល B ដែលអាចនិយាយបានថាជាពូលមរណៈ ដោយអ៊ីតាលី, អេស្ប៉ាញ, ក្រូអាស៊ី និងអាល់ប៉ានី ស្ថិតក្នុងពូលតែមួយ។ អេស្ប៉ាញត្រូវបានគេមើលឃើញថា ជាក្រុមខ្លាំងជាងគេស្ថិតក្នុងពូល B នេះ ប៉ុន្តែក្រុមចំណាត់ថ្នាក់លេខ ៣ នៅពានរង្វាន់ World Cup 2022 ក្រូអាស៊ី ក៏មិនមែនជាក្រុម ដែលងាយស្រួលយកឈ្នះផងដែរ។ 
 
អ៊ីតាលី ប៉ះ អេស្ប៉ាញ នឹងក្លាយជាជំនួបសងសឹករវាងក្រុមទាំងពីរ ។ អ៊ីតាលី បានយកឈ្នះលើក្រុមអេស្ប៉ាញ ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីរកបានដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងឈ្នះពាន Euro 2020។ កាលឆ្នាំ ២០១២ អ៊ីតាលី ចាញ់ក្រុមអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៤-០ ហើយអេស្ប៉ាញលើកពាន។ 
 
ព័រទុយហ្កាលដែលជាក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពីវគ្គជម្រុះ ដោយមានលទ្ធផលឈ្នះ ១០០ភាគរយ ត្រូវបានចាប់ចូលពូល F ដោយមានក្រុមកំពុងឡើងជើងដូចជាតួកគី, សាធារណៈរដ្ឋឆែក និងក្រុមពីពូល C ឈ្នះកៅអីវគ្គ Playoffs។ អង់គ្លេសក៏ត្រូវបានចាប់ចូលពូលដែលមានក្រុមងាយស្រួលផងដែរ ដោយចាប់ចូលក្នុងពូល C ដែលមានក្រុមស្លូវ៉េនី, ដាណឺម៉ាក និងស៊ែប៊ី៕

ខាងក្រោមនេះជាការចាប់ពូលរបស់ក្រុមដទៃផ្សេងទៀតសម្រាប់វគ្គចែកពូល Euro 2024 ៖ 
ពូល D
ក្រុមក្នុងពូល A ឈ្នះកៅអីវគ្គជម្រុះ Playoffs, ហូឡង់, អូទ្រីស និងបារាំង
 
ពូល E
បែលហ្ស៊ិក, ស្លូវ៉ាគី, រ៉ូម៉ានី និងក្រុមក្នុងពូល B ឈ្នះកៅអីវគ្គជម្រុះ Playoffs
 
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com