ជាតិ
អាកាសធាតុ៖ ខេត្តកែប និងខេត្តកំពត អាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ
03, Dec 2023 , 11:59 am        
រូបភាព
ទិដ្ឋភាពខេត្តកំពត
ទិដ្ឋភាពខេត្តកំពត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ឃើញថា ខេត្តកែប និងខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្ដប់លើផ្ទៃខេត្តនោះប្រមាណ ៤០ទៅ៥០ភាគរយ នៅក្នុងថ្ងៃទី៣ ធ្នូ។

ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ធ្នូ នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាឬទាបបំផុតពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាឬខ្ពស់បំផុតពី៣៣-៣៥°C។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ធនធានទឹក និងឧតុនិយម។ 
 
រីឯ តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ ក្នុងមួយវិនាទី។ ដូច្នេះ នៅថ្ងៃទី៣ធ្នូនេះ នៅខេត្តកែប និងខេត្តកំពត មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃ ដីពី៤០-៥០ភាគរយ។ ជាមួយគ្នាដែរ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។
យោងតាមការព្យាករណ៍របស់ក្រសួង ខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រក្នុងមួយវិនាទី។ ដូច្នេះ នៅថ្ងៃទី៣ធ្នូ នៅរាធានីភ្នំពេញ និងបណ្តាខេត្តនៅប៉ែកខាងត្បូង អាចមានភ្លៀងធ្លាក់ខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០-៣០ភាគរយ។ 
 
ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាឬទាបបំផុតពី២២-២៤°C និងសីតុណ្ហភាពអតិបរមាឬខ្ពស់បំផុតពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ ក្នុងមួយវិនាទី៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com