អន្តរជាតិ
តួកគី មិនព្រមផ្ដាច់ទំនាក់ទំនងជាមួយក្រុមហាម៉ាសតាមអាម៉េរិកចង់បាន
03, Dec 2023 , 2:01 pm        
រូបភាព
ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដីហ្កាន់ (Recep Tayyip Erdogan) បានច្រានចោលសម្ពាធពីអាម៉េរិកដែលចង់ឱ្យទីក្រុងអង់ការ៉ាកាត់ផ្តាច់ទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយក្រុមហាម៉ាស។

អំឡុងទស្សនកិច្ចនៅតួកគីក្នុងសប្ដាហ៍នេះ អនុរដ្ឋមន្រ្តីក្រសួងរតនាគាតអាម៉េរិកទទួលបន្ទុកហិរញ្ញប្បទានភេរវកម្ម Brian Nelson បានបង្ហាញពីក្ដីកង្វល់របស់ទីក្រុងវ៉ាស៊ីនតោនលើទំនាក់ទំនងរវាងទីក្រុងអង់ការ៉ាជាមួយក្រុមហាម៉ាស។ លោក Nelson និយាយថា ក្រុងវ៉ាស៊ីនតោនមិនបានរកឃើញលំហូរសាច់ប្រាក់ណាមួយឆ្លងកាត់តួកគីទៅហាម៉ាសឡើយ ចាប់តាំងពីសង្រ្គាមផ្ទុះកាលពីដើមខែតុលា ប៉ុន្តែបានរំឭកពីលំហូរលុយកាលអតីត ហើយចង់ឱ្យតួកគីចាត់វិធានការទប់ស្កាត់រឿងនេះទៅថ្ងៃមុខ។
 
យ៉ាងណាមិញ តួកគី មិនព្រមធ្វើតាមឡើយ។ ក្នុងសុន្ទរកថាមួយចេញផ្សាយដោយការិយាល័យប្រធានាធិបតីតួកគីនៅថ្ងៃទី២ ខែធ្នូ លោក រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ និយាយថា ក្រុងវ៉ាស៊ីនតោនបានដឹងច្បាស់ហើយថា តួកគីមិនចាត់ទុកក្រុមហាម៉ាសជាអង្គការភេរវករនោះទេ។
 
«រឿងមុនគេទាំងអស់ ហាម៉ាសជាការតថភាពរបស់ប៉ាឡេស្ទីន។ វាជាគណបក្សនយោបាយនៅទីនោះ ហើយវាបានចូលការបោះឆ្នោតជាគណបក្សនយោបាយ ហើយបានឈ្នះ។» លោក អ៊ែរដូហ្កាន់ បញ្ជាក់បែបនេះ។
 
ចំពោះជំហររតួកគីវិញ លោក អ៊ែរដូហ្កាន់ បញ្ជាក់ថា​ តួកគីបង្កើតគោលនយោបាយការបរទេសរបស់ខ្លួននៅអង់ការ៉ា និងទៅតាមផលប្រយោជន៍ ក៏ដូចជាការរំពឹងទុករបស់ប្រជាជនតួកគី។ លោកក៏រំពឹងថា អាម៉េរិកពេញចិត្តគោលនយោបាយការបរទេសដែលមានតុល្យភាពនៅក្នុងវិបត្តិមនុស្សធម៌ និងជម្លោះបច្ចុប្បន្នដែរ។
 
ប្រធានាធិបតីតួកគី តែងរិះគន់មិនសំចៃមាត់ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅកាហ្សា ក្រោយការវាយប្រហារថ្ងៃទី៧ ខែតុលា។​ ក្រោយយោធាអ៊ីស្រាអែលវាយលុយកាហ្សា លោកក៏ហៅអគ្គរដ្ឋទូតប្រចាំអ៊ីស្រាអែលចូលប្រទេសវិញ ហើយទាមទារឱ្យមានការកាត់ទោសមេបញ្ជាការ និងមេដឹកនាំនយោបាយរបស់អ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិថែមទៀត។
 
 
នៅកាហ្សាវិញ យោធាអ៊ីស្រាអែលបានបន្តសកម្មភាពរបស់ខ្លួនវិញ ក្រោយបទឈប់បាញ់អស់សុពលភាព។ អ៊ីស្រាអែល និងហាម៉ាស បានបរាជ័យក្នុងការបន្តបទឈប់បាញ់ដែលឈានដល់ការដោះលែងចំណាប់ខ្មាំងទៅអ៊ីស្រាអែលវិញ៨០នាក់ និងអ្នកទោសប៉ាឡេស្ទីន២៤០នាក់៕
 

Tag:
 តួកគី
  អ៊ីស្រាអែល
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com