ជាតិ
សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យលើកទឹកចិត្តជនពិការភាព ចូលរួមក្នុងការងារសង្គម
03, Dec 2023 , 2:29 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
ភ្នំពេញ៖ ដើម្បីធានាថាជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិសេរីភាពសុខុមាលភាព និងការចូលយ៉ាងពេញលេញប្រកបដោយបរិយាបន្ន គឺត្រូវរៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មធ្យោបាយធ្វើដំណើរ និងមធ្យោបាយទំនាក់ទំនង។ នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសារលិខិត នាឱកាសទិវាជនមានពិការភាព។

ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ រដ្ឋាភិបាលកម្ពុជារៀបចំឡើង ក្រោមប្រធានបទ «ដំដោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» នៅថ្ងៃទី៣ធ្នូនេះ។ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌ សម្ដេច ហ៊ុន ម៉ាណែត ពន្យល់ថាត្រូវរៀបចំជម្រាល ធ្នាក់ដៃ ចំណត និងភាសាសញ្ញានៅតាមស្ថានីយទូរទស្សន៍ កម្មវិធី ឬព្រឹត្តិការនានា សម្រាប់ជនមានពិការភាពអាចទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។ 
 
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការសម្របសម្រួល ការរៀបចំគោលនយោបាយ និងគំនិតផ្ដួចផ្ដើម ដើម្បីធានាថា អាចស្ដារនិងងើបចេញពីវិបត្តិពិភពលោក សម្រាប់ជនមានពិការភាពកម្ពុជា។ ហេតុនេះ ដើម្បីអបអរសាទរ ទិវាជនមានពិការភាពនៅឆ្នាំនេះ នាយករដ្ឋមន្ត្រី អំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។ 
ជាមួយគ្នាដែរ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។
 
 
ប្រមុខរដ្ឋាភិបាល ជំរុញឱ្យគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។
បន្ថែមពីនេះ សម្ដេច​ឱ្យគ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។ ទន្ទឹមនឹងនេះ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។
 
 
ចំណែក ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត។​ នេះជាការណែនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត៕ 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ពិការភាព
© រក្សាសិទ្ធិដោយ thmeythmey.com