កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal បន្តឈរកំពូលតារាង ចំណែកបិសាចក្រហមបន្តជួបរឿងខកចិត្តចាញ់ Newcastle United
03, Dec 2023 , 2:59 pm        
រូបភាព
Arsenal ឈរចំណាត់ថ្នាក់កំពូលតារាងក្របខណ្ឌ Premier League លើស៤ពិន្ទុ លើក្រុម Manchester City ក្រោយពួកគេបានប្រកួតយកឈ្នះលើក្រុម Wolverhampton Wanderers ដោយលទ្ធផល ២-១ នាការប្រកួតលីគកំពូលអង់គ្លេសថ្ងៃទី២ ខែធ្នូ។ រីឯក្រុម Manchester United បន្តជួបរឿងខកចិត្តដោយប្រកួតចាញ់ក្រុម Newcastle United លទ្ធផល ១-០ បន្ទាប់ពីស្មើនៅក្នុងពានរង្វាន់ UEFA Champions League រួចមក។

ចាប់ផ្តើមការប្រកួតយ៉ាងល្អ និងលឿនបំផុត ក្រុមកាំភ្លើងធំរកបានគ្រាប់បាល់ ២គ្រាប់ នៅត្រឹម ១៣នាទីដំបូង ដោយគ្រាប់ទី១ ធ្វើបានដោយកីឡាករ Bukayo Saka នាទី៦ និង Martin Odegaard ស៊ុតគ្រាប់ទី២ នៅនាទី១៣។ ចំណែកគ្រាប់បាល់របស់ក្រុម Wolver រកបានដោយកីឡាករ Matheus Cunha នៅនាទី៨៦។
 
Arsenal រកបាន ៣៣ពិន្ទុ ពីការប្រកួតចំនួន ១៤លើក ដោយមានគម្លាត ៤ពិន្ទុ ពីក្រុមការពារជើងឯក Man City ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២ មាន ២៩ពិន្ទុ ហើយក្រុម Liverpool ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ២៨ពិន្ទុ ស្មើនឹងក្រុមលេខ ៤ Aston Villa ដែលមាន ២៨ពិន្ទុដូចគ្នា។ 
 
ជាមួយជ័យជម្នះលោក Mikel Arteta រីករាយចំពោះលទ្ធផល និងទម្រង់លេងរបស់កូនក្រុម ដែលអាចរុញច្រានក្រុមឈរកំពូលតារាង។
  


«បាល់ទាត់មិនល្អគ្រប់យ៉ាងនោះទេ ប៉ុន្តែខ្ញុំពិតជារីករាយនៅអ្វីដែលយើងបានលេងនៅថ្ងៃនេះ។ វាគួរតែជាតារាងពិន្ទុដ៏ធំជាងនេះ យើងបានធ្វើខុស ហើយពួកគេឆ្លៀតឱកាស ហើយវាជាការប្រកួតនៅ Premier League។ យើងមានឱកាស ហើយយើងមិនបណ្តែតបណ្តោយឱ្យរបូតវាឡើយ។»។ លោក Arteta បាននិយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
កាលពីរដូវកាលមុន Arsenal ក៏ជាក្រុមស្ថិតនៅកំពូលតារាងដូចគ្នានេះ ដោយតាំងពីដើមរដូវកាល ។ តែជិតចុងរដូវកាល ក្រុមរហស្សនាមកាំភ្លើងធំបានជួបបញ្ហាបន្តបន្ទាប់ ធ្វើឱ្យរបូតឱកាសឈ្នះពានរង្វាន់ Premier League ដែលក្រុមបានរង់ចាំជិត ២០ឆ្នាំ។ Man City រដូវកាលមុនប្រដេញតាមក្រុម Arsenal រហូតក្លាយជាក្រុមជើងឯក។
 
ដោយឡែកក្រុម Manchester United បន្តជួបរឿងខកចិត្តបន្ទាប់ពីពួកគេបានប្រកួតស្មើ ៣-៣ ជាមួយនឹងក្រុម Galatasaray ក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីសប្តាហ៍មុន ធ្វើឱ្យឱកាសឆ្លងទៅវគ្គជម្រុះ ១៦ក្រុម កាន់តែខើចឆ្ងាយ។ យ៉ាងណាវិលមកការប្រកួតក្នុងក្របខណ្ឌ Premier League បិសាចក្រហមបានប្រកួតចាញ់ក្រុម Newcastle United ដោយលទ្ធផល ១-០ បង្កជាបញ្ហាជាថ្មីបន្ថែមទៀតធ្លាក់លើក្រុម ដែលមានអ្នកចាត់ការជាលោក Erik ten Hag។ 
 
នេះជាការចាញ់ Newcastle United លើកទីពីរហើយ ក្នុងរដូវកាលនេះ ដែលក្រុមទាំងពីរបានប៉ះគ្នា ។ លើកទីមួយ ក្រុមបុិសាចក្រហម ចាញ់ក្នុងលទ្ធផល ៣-០ ក្នុងពានរង្វាន់ EFL Cup ជុំទី៤៕
 

Tag:
 Premier League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com