អន្តរជាតិ
អុីស្រាអែល បន្តវាយប្រហារកាហ្សាមិនប្រណីដៃ ក្រោមសម្រែកទាមទារឱ្យការពារជនស៊ីវិល
03, Dec 2023 , 3:59 pm        
រូបភាព
យោធាអ៊ីស្រាអែល បន្តវាយប្រហារដោយការបាញ់ទម្លាក់គ្រាប់បែកឥតឈប់ឈរនៅកាហ្សាកាលពីថ្ងៃទី៣ ខែធ្នូ ទោះមានការអំពាវនាវពីអន្តរជាតិដើម្បីការពារជនស៊ីវិលក្ដី។ សហគមន៍អន្តរជាតិ ក៏បន្តទទូចឱ្យមានបទឈប់បាញ់ជាថ្មីរវាងអ៊ីស្រាអែល និងហាម៉ាសដែរ។

ក្រោយបទឈប់បាញ់ជាមួយហាម៉ាសចប់នៅថ្ងៃទី១ ខែធ្នូ កងទ័ពអ៊ីស្រាអែលវាយប្រហារច្រើនជាង៤០០លើកនៅតំបន់កាហ្សា។ រដ្ឋាភិបាលហាម៉ាសនៅកាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្ស២៤០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ។
 
ក្នុងចំណោមការប្រហាររាប់រយលើកនេះ យោធាអ៊ីស្រាអែលក៏បានវាយប្រហារជំរំជនភៀសខ្លួន Nuseirat នៅកណ្តាលកាហ្សានៅល្ងាចថ្ងៃទី២ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៣នាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa ។ ជាមួយគ្នានេះ យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃទី៣ ខែធ្នូ នៅជិតព្រំដែនភាគខាងត្បូងជាមួយអេហ្ស៊ីប។
 
ក្រុមហាម៉ាស់ និងក្រុមជីហាត ក៏បានតបតវិញដែរ ដោយបានវាយប្រហារទីក្រុង និងទីប្រជុំជនជាច្រើនរបស់អ៊ីស្រាអែលរួមទាំងទីក្រុងតែលអាវីវផង។ អ៊ីស្រាអែលអះអាងថា ទាហានរបស់ខ្លួន២នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ ដែលជាលើកដំបូងចាប់តាំងពីការបញ្ចប់បទឈប់បាញ់មក។
 
អ៊ីស្រាអែល ហាក់ធ្វើមិនដឹងមិនឮចំពោះការអំពាវនាវឥតឈប់ឈររបស់សហគមន៍អន្តរជាតិលើការការពារជនស្លូតត្រង់នៅកាហ្សា។ អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស នៅថ្ងៃទី២ ខែធ្នូ បានរិះគន់ការកើនឡើងករណីស្លាប់ចំនួនជនស៊ីវិលនៅក្នុងជម្លោះប្រាំបីសប្តាហ៍នេះ។ ពីទីក្រុងឌូបៃ លោកស្រី ហារីស និយាយត្រង់ថា ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ច្រើនពេកហើយត្រូវបានសម្លាប់។
 
យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប្រមាណ១,៧លាននាក់លាននាក់ដែលច្រើនជាង២ភាគ៣ នៃចំនួនប្រជាជន បានផ្លាស់ទីលំនៅជាមួយការខ្វះខាតគ្រប់សព្វបែបនេះយ៉ាង។
 
ប្រតិបត្តិការរបស់អ៊ីស្រាអែលកើតមានក្រោយការបញ្ចប់បទឈប់បាញ់ដែលមានរយៈពេល១សប្ដាហ៍ ក្រោមការសម្របសម្រួលពីកាតា និងគាំទ្រដោយអេហ្ស៊ីប និងអាម៉េរិក។ បទឈប់បាញ់នេះ ក៏នាំឱ្យដល់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល៨០នាក់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន២៤០នាក់ដែរ។ ​បទ​ឈប់​បាញ់​នោះ​ ក៏​ដួលរលំ ដោយ​ភាគី​ទាំង​ពីរ​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​បំពាន​លក្ខខណ្ឌ​។
 
ជុំវិញប្រតិបត្តិការនេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant ប្រាប់អ្នកសារព័ត៌មានថា សកម្មភាពយោធាចុងក្រោយនេះជារឿងចាំបាច់ដើម្បីបង្កើតលក្ខខណ្ឌដែលជំរុញឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ។ ចំណែកលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ វិញ ក៏និយាយដែរថា សង្រ្គាមនឹងបន្តរហូតសម្រេចគោលបំណងទាំងអស់ រួមទាំងការលុបបំបាត់ចលនាហាម៉ាសដែរ៕
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com