កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Nantes ម្នាក់ត្រូវបានចាក់សម្លាប់មុនការប្រកួតទល់ក្រុម OGC Nice
03, Dec 2023 , 4:59 pm        
រូបភាព
ក្លិប Nantes របស់បារាំងបានប្រកាសថាអ្នកគាំទ្រខ្លួន ១រូប បានស្លាប់បន្ទាប់ពីការវាយដំនៅក្បែរកីឡដ្ឋាន ដែលបានកើតឡើងនៅមុនពេលក្លិប បានប្រកួតឈ្នះដោយលទ្ធផល​ ១-០ លើក្រុម OGC Nice ក្នុងជំនួបក្របខណ្ឌ Ligue 1 នាថ្ងៃទី២ ខែធ្នូ។ បើតាមរបាយការណ៍ដែលបានចុះផ្សាយ អ្នកគាំទ្រក្លិប Nantes ត្រូវបានគេចាក់សម្លាប់។

បើតាមការអះអាងរបស់ក្លិប Nantes រឿងហេតុកើតឡើងនៅក្បែកីឡដ្ឋានរបស់ក្លិបផ្ទាល់ ហើយភ្លាមៗអ្នកគាំទ្រម្នាក់នោះបានរងរបួសធ្ងន់ធ្ងរ មុនពេលគេបានបាត់បង់ជីវិត។ 
យោងតាមកាសែត L’Equipe ដ៏ល្បីរបស់បារាំង អ្នកគាំទ្រម្នាក់នោះ គឺជាសមាជិកនៃក្រុមអ្នកគាំទ្រប្រចាំក្លិបផ្ទាល់ (Brigade Loire) និងត្រូវបានគេដឹងថា ជាអ្នកគាំទ្រដ៏ងប់ងល់មួយរូបរបស់ក្លិប Nantes។
 
«ក្នុងកាលៈទេសៈដែលជាកម្មវត្ថុនៃការស៊ើប​អង្កេត​របស់តុលាការដែលកំពុងបន្តស្វែងរកជនបង្ក ជនជាតិបារាំងវ័យ ៣១ឆ្នាំ រូបនេះបានដួលរងរបួសចំខ្នង។ បើទោះបីជាមានការអន្តរាគមន៍ពីសេវាសង្គ្រោះបន្ទាន់ក៏ដោយ ក៏អ្នកគាំទ្រម្នាក់នេះមិនអាចសង្គ្រោះបានឡើយ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Nantes។
 
ក្លិប Nantes បានអះអាងបន្ថែមទៀតថា រដ្ឋអាជ្ញាសាធារណៈ នឹងបើកការស៊ើប​អង្កេត​ទៅលើករណីឃាតកម្មលើអ្នកគាំទ្រនេះថែមទៀត។
 
យ៉ាងណាតាមការដងស្រង់សម្តីរបស់រដ្ឋអាជ្ញាសាធារណៈដោយកាសែត L’Equipe បានឱ្យដឹងថា មុនពេលអ្នកគាំទ្រក្រុម Nantes ត្រូវបានធ្វើឃាតនោះ រថយន្តដឹកអ្នកគាំទ្រ Nice ទៅកាន់កីឡដ្ឋាន Beaujoire ត្រូវបានវាយប្រហារពីសំណាក់ក្រុមអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ៕
 

Tag:
 Ligue 1
  Nantes
© រក្សាសិទ្ធិដោយ thmeythmey.com