RFI
អន្តរជាតិ
សន្និសីទ​អាកាសធាតុ​ក្នុង​​ប្រទេស​ផលិតប្រេង ជា​ឱកាស​និយាយ​ពី​​វិបត្តិ​ថាមពលផូស៊ីល?
03, Dec 2023 , 6:59 pm        
រូបភាព
សន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុចាប់បើកនៅក្រុងឌូបៃ ពីថ្ងៃទី ៣០វិច្ឆិកាដល់ថ្ងៃទី១២ធ្នូ២០២៣ AP - Peter Dejong (1)
សន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុចាប់បើកនៅក្រុងឌូបៃ ពីថ្ងៃទី ៣០វិច្ឆិកាដល់ថ្ងៃទី១២ធ្នូ២០២៣ AP - Peter Dejong (1)
ដោយ៖អៀង សុខម៉ិញ/RFI
សន្និសីទ​អាកាសធាតុ​COP28 ចាប់​បើក​នៅ​​ថ្ងៃ​ទី ៣០​វិច្ឆិកា​ដល់​ថ្ងៃទី ១២​ធ្នូនៅ​ក្រុង​ឌូបៃ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម។ សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​អាកាសធាតុ​ត្រូវ​​បន្ត​ជជែក​អំពី​ប្រធានបទ​ចម្រូង​ចម្រាស​ជា​ច្រើន​មាន​ជាអាទិ៍​ការ​បោះបង់​ថាមពល​ផូស៊ីល​​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ធ្វើ​អន្តរកាល​ថាមពល​ស្អាត​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ប៉ុន្តែ​ដូច​ជា​រៀង​រាល់​លើក​​ មានសំណួរដដែលៗ​តែង​ផុស​ឡើង​ទាក់ទង​នឹង​សន្និសីទ​អាកាស​ធាតុ ថា តើ​មាន​ប្រយោជន៍​យ៉ាងណា? និង​អាច​សង្ឃឹម​បាន​លទ្ធផល​អ្វី បើ​សន្និសីទស្តីពី​អាកាសធាតុ​ធ្វើ​នៅ​ក្នុង​ប្រទេស​ផលិត​ប្រេង​នោះ?

រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​១៩៧ប្រទេស និង​សហភាព​អឺរ៉ុប ​ បាន​មក​ជួប​ជុំ​គ្នានៅក្រុង​ឌូបៃ ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះរហូត​ដល់​ថ្ងៃទី ១២​ធ្នូ​២០២៣ ដើម្បី​បើក​សន្និសីទប្រចាំ​ឆ្នាំ​ស្តីពី​អាកាសធាតុ​ លើក​ទី​ ២៨ COP28។ ​សន្និសីទ​​នេះ​ជា​ឱកាស​​ជជែក​អំពីការ​ប្រយុទ្ធប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ រួម​គ្នា​តែ​មួយ​គត់​ក្នុង​កំរិត​ពិភពលោក​។
ហេតុអ្វី​COP28 ​ជា​ជំនួប​ដ៏សំខាន់​ខ្លាំង?
 
ថ្វីបើឥស្សរជន​សំខាន់ៗ ដូច​យ៉ាង​ប្រធានាធិបតី​អាមេរិក ចិន មិន​បាន​អញ្ជើញ​មក​ចូល​រួមដោយ​ផ្ទាល់​ក៏​ដោយ ក៏​​COP28 ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំនួប​ដ៏​ធំ ដែល​ប្រមូល​ផ្តុំ​អ្នក​ចូល​រួម​ដល់​ទៅ​​ប្រមាណ​៧ម៉ឺន​នាក់ និង​ជាសន្និសីទ​ដ៏​​សំខាន់​បំផុត​។
 
តាំងពី​មាន​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ក្នុង​COP21មក​ សន្និសីទអាកាសធាតុ​ឆ្នាំ​បន្ត​បន្ទាប់​ជា​ការ​បន្ត​ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវត្ថុ​គោល​ គឺ​ទប់​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភព​ផែន​ដី​ឱ្យ​នៅក្រោម​ពីរ​អង្សានៅ​ដំណាច់​សតវត្សរ៍ និង​បើ​អាច​ឱ្យ​ឡើង​ត្រឹម​តែ​១អង្សា​កន្លះ​បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម។
 
COP24 ឬ​COP26 បាន​លម្អិត​ពី​ផែនការ​នៃ​កិច្ចព្រមព្រៀងអាកាសធាតុ​​ក្រុង​ប៉ារីស២០១៥។ តែ​​ឆ្នាំ​នេះ COP28បាន​ដើរ​មក​ដល់​​របត់​ថ្មី។ រដ្ឋ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស មិន​ត្រឹម​តែ​ត្រូវ​ព្រមព្រៀង​អំពី​លើ​វិធានការ​ត្រូវ​ធ្វើ​ដើម្បី​អាកាសធាតុ​ទេ តែ​ត្រូវ​បញ្ជាក់​ថា​តើ​ចាត់​វិធានការ​នោះ​យ៉ាង​ដូចម្តេច​ទៀត។
 
ពោល​គឺ​ក្នុង​រយៈ​ពេលពីរ​សប្តាហ៍​នេះ ​​​សន្និសីទ​មាន​បេសកកម្មដ៏ធំ​មួយ គឺបញ្ចេញ​​តុល្យការពិភពលោក​​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ​​តាំងពី​មានកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស COP21 ឆ្នាំ​២០១៥។ ​គេ​បាន​ដឹង​ជា​ស្រេច​ហើយ​ថា​តុល្យការ​មិន​សូវ​ល្អ​ទេ ​បើយោង​តាម​របាយការណ៍​កាលពី​ខែ​តុលា។ នៅក្នុង​ការ​សិក្សា​​ចុងក្រោយ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពីអាកាសធាតុ ផែនដី​កំពុង​ឡើង​កម្តៅ​ក្នុង​ទិសដៅ​ ២,៥​ទៅ​២,៩​អង្សា​នៅ​ដំណាច់​សតវត្សរ៍​ ពោល​គឺ​ឆ្ងាយ​ពី​កម្មវត្ថុ​ក្រុង​ប៉ារីស​ឆ្ងាយណាស់។ ប៉ុន្តែ​ ​មនុស្សជាតិ​​នៅ​តែ​អាច​កំរិត​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ផែន​ដី​បាន​នៅ​ឡើយ ប្រសិន​បើ​មាន​សកម្មភាព​ភ្លាម​និង​ខ្លាំងក្លា។
 
ដូច្នេះ​ទោះ​ល្អ​ឬ​មិន​ល្អ​​​​ក៏​ដោយ ក៏​​​​​​តុល្យការសរុប​បាននៅក្នុង​សន្និសីទ​លើក​នេះ​នឹង​អាច​ជួយ​ចង្អុល​បង្ហាញ​ឱ្យ​ឃើញ​អំពី​ចំណុច​ខ្វះ​ខាត​ ហើយ​​COP28ត្រូវ​កំណត់​អំពី​កម្មវត្ថុ​ដែល​ត្រូវ​ធ្វើ​នៅ​ដំណាក់កាល​បន្ទាប់​ ពី​ពេល​នេះ​ដល់ឆ្នាំ​២០៣០ ដើម្បី​តម្រែតម្រង់​ទិស​។
 
កម្មវត្ថុនេះ ត្រូវ​សម្រេច​ព្រមព្រៀង​ដោយ​​រដ្ឋជា​សមាជិក​ទាំង​អស់ ប៉ុន្តែ​សន្និសីទ​កំពុង​ខ្វែង​គ្នា​លើ​បី​ចំណុច​ធំៗ។
 
COP28នឹង​សម្រេច​ដើរ​ចេញ​ពី​ថាមពលផូស៊ីល​?
 
ទីមួយ​គឺអនាគត​ថាមពល​ផូស៊ីល។ ថាមពល​ផូស៊ីលដែល​​រួម​​មាន ថាមពល​ធ្យូងថ្ម ប្រេងកាត​ ប្រេងសាំង និង​ឧស្ម័ន​ហ្កាស ជា​ដើមហេតុ​នាំចម្បងនាំ​​មាន​ឧស្ម័នផ្ទះកញ្ចក់និង​ការ​ឡើង​កម្តៅ​នៃភពផែន​ដី​។ នៅក្នុង​COP26 រដ្ឋ​ជា​ច្រើន​បាន​ប្តេជ្ញា​បោះបង់​ថាមពលធ្យូងថ្ម​ជា​បណ្តើរៗ​​បន្តិចម្តងៗ​។ តែ​​ថាមពល​ផូស៊ីលផ្សេងទៀត​មិន​ត្រូវ​បាន​លើក​មក​និយាយ​ទេ។ ​អ៊ីចឹង​ហើយ​បាន​ជា​​រដ្ឋខ្លះ​ព្រមទាំង​អង្គការក្រៅ​រដ្ឋាភិបាល​ចង់​លើ​យក​បញ្ហាចំហេះ​ផូស៊ីល​ទាំងអស់​​មក​លាត​ត្រដាង​នៅលើ​តុ​សន្និសីទCOP28នេះ។
 
ត្រូវ​និយាយ​អំពី​ថាមពល​ផូស៊ីល​ដែល​ជា​ប្រធានបទ​ដ៏​រសើប​បំផុតហើយ ​សន្និសីទត្រូវ​ប្រព្រឹត្ត​ទៅនៅក្នុង​ប្រទេស​ផលិត​ថាមពល​ផូស៊ីលទៀត។ ​ម្ចាស់​ផ្ទះ​អ្នក​រៀប​ចំសន្និសីទអេមីរ៉ាតអារ៉ាប់រួមជា​ប្រទេស​ផលិត​ប្រេង​(ថាមពលផូស៊ីល) លំដាប់​ទី​៧​នៅលើ​ពិភពលោក​។ អេមីរ៉ាតអារ៉ាប់រួម​និង​បណ្តាប្រទេសដែល​​រំពឹង​ខ្លាំង​លើ​ថាមពល​ផូស៊ីល​ ចង់​ឱ្យ​COP28​ផ្ចង់​គិត​គូរលើ​បច្ចេកវិទ្យាទំនើប​ជាន់​ក្រោយ​សម្រាប់​ចាប់​និង​ស្តុក​ទុក​ឧស្ម័ន​កាបូនិក​ មិន​ឱ្យ​សាយភាយបំពុល​​បរិយាកាស ដែល​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ក៏យល់​ថា​ជា​បច្ចេកវិទ្យា​អាច​ជួយ​សម្រេច​កម្មវត្ថុ​អាកាសធាតុ​បាន និងចង់​ផ្តោត​ការ​​គិត​គូរ​ខ្លាំង​ដល់​​ថាមពល​កើត​ឡើង​វិញ។
 
ថាមពល​កើត​ឡើង​វិញ​ ជា​ចំណុច​ខ្ទាស់ទីពីរ។  សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អេមីរ៉ាត​ស្នើ​កំណត់​កម្មវត្ថុ​ បង្កើនសមត្ថភាព​​ប្រើប្រាស់​ថាមពល​ស្អាតបីដង​។ គ្រប់​គ្នា​ពេញ​ចិត្ត​នឹង​​គំនិតផ្តួចផ្តើម​នេះ​តែ​អង្គការ​ការពារបរិស្ថាន​ខ្លាច​ថា​COP28ជា​ការ​បង្វែរ​ចំណាប់​អារម្មណ៍​ចេញ​ពី​ការ​គិត​គូរ​បញ្ចប់​ការ​ប្រើប្រាស់​ថាមពល​ផូស៊ីល។ ​ថាមពល​កើត​ឡើង​វិញ​ក៏ពិត​ជា​​សំខាន់​ខ្លាំងមែន​ហើយ​ គ្រាន់​តែ​ថា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ពួកគេ​ត្រូវ​ការ​ហិរញ្ញវត្ថុសម្រាប់​ធ្វើ​វិនិយោគថាមពលស្អាត។ តើ​បាន​ថវិកា​មកពីណា?
 
តើ​នរណា​ជា​អ្នក​ផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ?
 
នេះ​ចំណោទ​ទីបី ដែល​នឹង​មាន​តស៊ូ​មតិ​យ៉ាង​ផុសផុស​ក្នុងរយៈ​ពេល​១៤​ថ្ងៃ​នៃ​សន្និសីទ។ កាលពី​COP27 បាន​សម្រេច​បង្កើត​មូលនិធិ​ ប៉ះប៉ូវ​ការ​ខូចខាត សម្រាប់ជួយប្រទេស​ក្រីក្រ​និ​ងកំពុង​អភិវឌ្ឍន៍ដែល​​ជា​ជនរងគ្រោះ​មហន្តរាយ​អាកាសធាតុ​បណ្តាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ។ បើ​តាម​របាយការណ៍​របស់​សាកលវិទ្យាល័យ​Delaware ក្នុងមួយ​ឆ្នាំ​២០២២ ការប្រែប្រួលអាកាសធាតុ​បាន​ធ្វើ​ឱ្យ​ពិភពលោក​ខាង​បង់​អស់​ដល់​៦,៣%​នៃ​ផលិតផលសរុប​របស់​ពលរដ្ឋសកម្ម​​នៅលើ​ផែន​ដី​។ ជា​ការ​ខាត​បង់​ដោយ​ផ្ទាល់​ ដោយ​ការ​ខាត​បង់​ផលិតកម្ម​ក្នុង​ស្រុក ទិន្និផលកសិកម្ម​ និង​ថាមពល ព្រមទាំង​ជា​ការ​ខាត​បង់​ក្នុង​វិស័យ​វិនិយោគ។ ហើយ​ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល គឺ​ប្រទេស​ដែល​មិន​ជឿន​លឿន​ កំពុង​​អភិវឌ្ឍន៍​ដែល​រងគ្រោះ​និង​បន្ទុក​ធ្ងន់ជាងគេ។
 
ក្រុមប្រទេសអ្នក​មាន​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ប្រទេស​ក្រីក្រី​ចំនួន ១០០ពាន់​លាន​។​ ពាក្យ​សន្យា​ត្រូវ​សម្រេច​ឱ្យ​បាន​ជាក់​ស្តែង​នៅ​ឆ្នាំ​នេះ។ តែ​សេចក្តី ត្រូវការ​ មានទំហំ​ដល់​ទៅ​២ទ្រី​លាន(២០០០ពាន់​លាន)​ឯណោះ​ក្នុង​មួយ​ឆ្នាំៗ។
 
ក្រៅ​អំពី​ខ្លឹម​សារ​នៃ​​ប្រធានបទ​ខ្វែង​គ្នា​នេះ ជោគវាសនា​និង​ជំនឿ​ទុក​ចិត្ត​លើ​​COPកំពុង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង។ ប្រសិន​បើ​COP28 មិន​អាច​សម្រេច​លទ្ធផល​អ្វី​ដោយ​ជាក់លាក់​និង​ប្រកប​ដោយ​មហិច្ឆតា​ទេ នៅ​​៨​ឆ្នាំក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ក្នុង​ពេល​ដែល​ឧស្ម័ន​ផ្ទះ​កញ្ចក់​ កាបូន បន្ត​កើន​ឡើង​ជា​លំដាប់ ហើយ​ប្រមុខ​ដឹកនាំ​សន្និសីទ​ជា​ប្រទេស​ផលិតប្រេង​ទៀត នោះពិភពលោក​ច្បាស់​ជា​អស់​ជំនឿ និង​បន្ទោស​​COPជា​មិន​ខាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com