កីឡាអន្តរជាតិ
អន្តរជាតិ
Messi ៖ ការឈ្នះ World Cup ធ្វើឱ្យប្រជាជនអាហ្សង់ទីនស្រលាញ់ខ្ញុំ
03, Dec 2023 , 8:19 pm        
រូបភាព
 
ខ្សែប្រយុទ្ធ Lionel Messi និយាយថា ប្រជាជនអាហ្សង់ទីន ស្រលាញ់រូបគេយ៉ាងខ្លាំង ក្រោយពេលរូបគេ បានសម្រេចក្តីបំណងឈ្នះពានរង្វាន់ World Cup នៅក្នុងប្រទេសកាតា កាលពីឆ្នាំ ២០២២ ។

ក្រុមអាហ្សង់ទីនក្លាយជាក្រុមជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ជាលើកទី៣ ក្រោយពួកគេបានយកឈ្នះលើក្រុមការពារជើងឯកបារាំង ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៤-២ ក្រោយការប្រកួត ១២០នាទី ស្មើ ៣-៣។ 
 
នៅក្នុងកិច្ចសម្ភាសដ៏ពិសេសមួយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ Disney Star+ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បាននិយាយថា ការឈ្នះពានរង្វាន់កំពូលៗដូចជា World Cup និង Copa America ជាមួយនឹងអាហ្សង់ទីន គឺជាអារម្មណ៍មួយដ៏ស្រស់ស្រាយ និងស្រស់ស្អាតបំផុត។ អតីតកីឡាករក្រុម Barcelona និង PSG អះអាងថា ឥឡូវនេះ រូបគេទទួលបានក្តីស្រលាញ់ពីប្រជាជនអាហ្សង់ទីន ៩៥ភាគរយ ឬ ១០០ភាគរយទៅហើយ។
 
«ខ្ញុំបានឆ្លងកាត់ពេលវេលាដ៏អាក្រក់ ក្រុមគ្រួសារខ្ញុំ និងមនុស្សដែលស្រលាញ់ខ្ញុំដូចគ្នា រកការរិះគន់ខ្លាំងក្នុងប្រទេសអាហ្សង់ទីន វាពិតជាអយុត្តិធម៍ណាស់ចំពោះកីឡាករមួយជំនាន់ ហើយពួកគេបាននិយាយរឿងមិនល្អជាច្រើនអំពីខ្ញុំ ខ្ញុំមិនខឹងទេ។ ខ្ញុំមានអារម្មណ៍ថាវាដូចជាជ័យជម្នះសម្រាប់ខ្ញុំក្នុងការផ្លាស់ប្តូរស្ថានភាពនោះ ហើយបានឈ្នះលើប្រជាជនអាហ្សង់ទីនទាំងអស់ ពេលនេះ ៩៥ភាគរយ ឬ ១០០ភាគរយ នៃជនជាតិអាហ្សង់ទីនស្រលាញ់ខ្ញុំ ហើយនោះជាអារម្មណ៍ដ៏ស្រស់ស្អាតមួយ។»។ នេះជាសម្តីបង្ហាញពីអារម្មណ៍របស់ Messi។
 
បង្ហាញខ្លួនដំបូងឆ្នាំ ២០០៥ ជាមួយក្រុមជម្រើសជាតិ តែMessi ជួយអាហ្សង់ទីន លើកពានដំបូង នៅឆ្នាំ២០២១ ក្រោយរូបគេ និងមិត្តរួមក្រុម បានបំបាក់ប្រេស៊ីល ក្នុងពានរង្វាន់ Copa America វគ្គផ្តាច់ព្រ័ត្រ។ Messi ធ្លាប់ខកចិត្តដោយចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០១១ ឆ្នាំ ២០១៥ និង ២០១៦ ហើយ ហើយខកចិត្តចាញ់វគ្គផ្តាច់ព្រ័ត្រ ​World Cup ឆ្នាំ ២០១៤ និងធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុម នៅ World Cup ឆ្នាំ ២០១៨។ 
 
រយៈពេល ១ឆ្នាំកន្លះ បន្ទាប់ពីជួយក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America ខ្សែប្រយុទ្ធ Messi បានជួយក្រុមបន្តយកឈ្នះពានរង្វាន់ Finalissima ដោយឈ្នះលើអ៊ីតាលីលទ្ធផល ៣-០ ក្នុងកីឡដ្ឋាន Wembley ពាក់កណ្តាលឆ្នាំ ២០២២ មុនឈ្នះការប្រកួត World Cup 2022 ក្នុងប្រទេសកាតា៕
 

Tag:
 Lionel Messi
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com