សេដ្ឋកិច្ច
អន្តរជាតិ
សិង្ហបុរី ជាទីក្រុងដែលថ្លៃរស់នៅខ្ពស់បំផុតរបស់ពិភពលោក
03, Dec 2023 , 9:29 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
សិង្ហបុរី​បាន​រក្សា​តំណែង​ជា​ទីក្រុង​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​ជា​លើក​ទី​៩ ​ក្នុង​រយៈ​ពេល១១ឆ្នាំ​ចុងក្រោយ​នេះ ដោយនាំមុខ​ទីក្រុងហ្សូរីចរបស់ស្វីស  និងញូវយ៉ករបស់អាម៉េរិក។

យោងតាមចំណាត់ថ្នាក់ដែលបានចេញផ្សាយដោយទស្សនាវដ្តី The Economist នៅថ្ងៃទី៣០ ខែវិច្ឆិកា សិង្ហបុរី និងហ្សូរីចជាទីក្រុងថ្លៃបំផុតពីរនៅលើពិភពលោកក្នុងបរិបទការចំណាយថ្លៃរស់នៅប្រចាំថ្ងៃខ្ពស់។ ទន្ទឹមនេះ ទីក្រុងញូវយ៉ករបស់អាម៉េរិកបានធ្លាក់មកលេខ៣វិញនៅឆ្នាំនេះ។ 
 
ឈរលេខរៀងបន្ទាប់នៃបញ្ជីទីក្រុងដែលថ្លៃជាងគេបំផុតនៅលើពិភពលោករួមមានទីក្រុងហ្សឺណែវ (ស្វីស) តំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ឡូសអេនជឺលេស (អាម៉េរិក) ប៉ារីស (បារាំង) កូប៉ិនហាក (ស្វីស) និងទីក្រុងតែវអាវីវ (អ៊ីស្រាអែល)។ អាម៉េរិកក៏មានទីក្រុងមួយទៀតនៅក្នុងបញ្ជីកំពូលទាំង ១០ខាងលើគឺ សាន់ហ្វ្រាន់ស៊ីស្កូ។
 
បើតាមThe Economist's Economic Intelligence Unit (EIU) រយៈពេលមួយឆ្នាំកន្លងមកនេះ តម្លៃទំនិញប្រើប្រាស់បានកើនឡើងជាមធ្យម ៧,៤ភាគរយនៅក្នុងទីក្រុងធំៗចំនួន ១៧៣ ដែលទាបជាងបន្តិចពីឆ្នាំមុនចំនួន ៨,១ភាគរយ ។ ការគណនានេះគឺផ្អែកលើតម្លៃទំនិញ និងសេវាកម្មចំនួន២០០ប្រភេទ។
 
អ្នកទទួលបន្ទុកលើការស្ទង់មតិតម្លៃទំនិញ និងសេវាកម្មរបស់ The Economist លោកស្រី Upasana Duttare និយាយថា វិបត្តិការកើនតម្លៃនៃការរស់នៅអាចបន្តរយៈពេលយូរ។ បើតាមអ្នកជំនាញរូបនេះ អតិផរណាអាចនឹងថយចុះនៅឆ្នាំ ២០២៤ ដោយសារវិធានការរបស់ធនាគារកណ្តាលនៃបណ្តាប្រទេសនានាបង្កើនអត្រាការប្រាក់។
 
ចំណែកទីក្រុងដែលមានតម្លៃរស់នៅថោកបំផុតនៅលើពិភពលោកបានទៅលើរដ្ឋធានីដាម៉ាសរបស់ស៊ីរី បន្ទាប់មកគឺទីក្រុងតេហេរ៉ង់របស់អ៊ីរ៉ង់៕ 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com