អន្តរជាតិ
ហ្វីលីពីន ចង់ចរចាជាមួយបារាំងដើម្បីពង្រាយទ័ពលើទឹកដីគ្នាទៅវិញទៅមក
03, Dec 2023 , 5:59 pm        
រូបភាព
ហ្វីលីពីន និងបារាំងបានព្រមព្រៀងពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែប្រសើរ។ ប្រទេសទាំង២ ក៏នឹងជជែកពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យទាហានមកពីប្រទេសនីមួយៗចូលទឹកដីគ្នាទៅវិញទៅមកថែមទៀត ស្របពេលដែលទីក្រុងម៉ានីលស្វែងរងការពង្រីកទំនាក់ទំនងជាមួយមហាអំណាចឯទៀតក្នុងពេលប្រឈមមុខជាមួយចិនលើជម្លោះសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu និងសមភាគីហ្វីលីពីន Gilberto Teodoro នៅថ្ងៃទី២ ខែធ្នូ បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ លោក Lecornu កំពុងធ្វើទស្សនកិច្ចនៅម៉ានីល។
 
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក Teodoro និយាយថា ហ្វីលីពីន និងបារាំងមានបំណងចាត់វិធានការជាក់ស្តែងក្នុងការបង្កើនកម្រិតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែទូលំទូលាយ។ លោក​បាន​បន្ត​ថា សកម្មភាពមួយដែលនឹងត្រូវអនុវត្តក៏​មាន​ការ​ស្វែង​រក​ការយល់ព្រម​ពី​ថ្នាក់​ដឹក​នាំ​ដើម្បី​ចរចា​ពីកិច្ច​ព្រម​ព្រៀង​ទស្សនកិច្ចកងកម្លាំង​។
 
ហ្វីលីពីនមានកិច្ចព្រមព្រៀងទទួលយកទ័ពបរទេសជាមួយអាម៉េរិកដែលជាសម្ព័ន្ធចងភ្ជាប់ដោយកាត្វកិច្ចជួយគ្នាទៅវិញទៅមកក្នុងពេលមានការប្រហារណាមួយ និងអូស្ត្រាលីផង។ ថ្មីៗនេះ ទីក្រុងម៉ានីលបានផ្តួចផ្តើមការពិភាក្សាជាមួយក្រុងតូក្យូសម្រាប់កិច្ចព្រមព្រៀងនេះដែរ។
 
ហ្វីលីពីន ជាគោលដៅទី១ ​របស់​លោក Lecornu ​នៃ​ដំណើរ​ទស្សនកិច្ច​​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ លោកបាន​ឈប់​សម្រាក​នៅ​ក្នុង​ទឹកដី​នាយសមុទ្រ New Caledonia មុនបន្តដំណើរទៅ​ម៉ាឡេស៊ី។ ក្នុងសន្និសីទដដែល លោក Lecornu បាននិយាយថា បារាំងកំពុងធ្វើការដើម្បីពង្រឹងវត្តមាននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
 
ទោះអឺរ៉ុបក្ដី បារាំងបានចាត់ទុកខ្លួនឯងថាជាមហាអំណាចឥណ្ឌូប៉ាស៊ីហ្វិក ដោយមានកងទ័ពជាង៧ពាន់នាក់ឈរជើងនៅក្នុងទឹកដីនាយសមុទ្ររបស់ខ្លួនក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាទៀតផង។
 
ដោយសារជម្លោះជាមួយចិន ហ្វីលីពីនកំពុងបង្កើនទំនាក់ទំនងយោធាជាមួយប្រទេសមហាអំណាចនានាដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ ការទាមទាររបស់ទីក្រុងម៉ានីល ទទួលបានការគាំទ្រច្រើន ពិសេសសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ២០១៦ ដែលបានច្រានចោលការទាមទាររបស់ចិន តែចិនមិនទទួលស្គាល់៕
 

Tag:
 ហ្វីលីពីន
  ចិន
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com