អន្តរជាតិ
អតិផរណានៅអឺរ៉ុបធ្លាក់ចុះលឿនជិតដល់គោលដៅ២ភាគរយ
04, Dec 2023 , 9:29 am        
រូបភាព
ផ្សារទំនើបលក់ផ្លែឈើមួយកន្លែងនៅបារាំង ។ រូបភាព ៖ Xinhua
ផ្សារទំនើបលក់ផ្លែឈើមួយកន្លែងនៅបារាំង ។ រូបភាព ៖ Xinhua
អតិផរណាតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះលឿនជាងការរំពឹងទុក ដោយខិតជិតដល់គោលដៅបានកំណត់នៅអត្រ ២ភាគរយ។ ឯសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅខែវិច្ឆិកាបានធ្លាក់មកត្រឹម២,៤ភាគរយ។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់តំបន់ចាយប្រាក់អឺរ៉ូបានកើនត្រឹមតែ ២,៤ភាគរយនៅខែវិច្ឆិកាបើធៀបគ្រាដូចគ្នាឆ្នាំមុន។ សម្រាប់ខែតុលាសន្ទស្សន៍ CPI នៅតំបន់នេះបានកើនដល់ ២,៩ភាគរយ។ 
 
ចំណែកសន្ទស្សន៍ CPI ស្នូលដោយមិនរាប់បញ្ចូលតម្លៃប្រេងឥន្ធនៈ និងអាហារបានធ្លាក់មកត្រឹម ៣,៦ភាគរយក្នុងខែវិច្ឆិកា បើធៀបនឹងអត្រា៤,២ភាគរយក្នុងខែតុលា។ ដូចនេះ សម្ពាធតម្លៃទំនិញប្រើប្រាស់នៅអឺរ៉ុបហាក់មើលឃើញនូវការធ្លាក់ថ្លៃបន្តិចនៅរយៈពេល ២ខែចុងក្រោយនេះ។
 
យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះកម្រិតទាប។ ផលិតផលក្នុងស្រុកសរុប ( GDP) នៅត្រីមាសទី៣ ស្ថិតក្នុងអត្រា ០,១ភាគរយដែលធ្វើឱ្យតំបន់នេះស្ថិតនៅលើគែមនៃវិបត្តិសេដ្ឋកិច្ច។
 
ដោយមើលឃើញពីសន្ទស្សន៍ CPI និង GDP ធ្លាក់ចុះបែបនេះអ្នកជំនាញយល់ថា ធនាគារកណ្តាលអឺរ៉ុប (ECB) នឹងកាត់បន្ថយអត្រាការប្រាក់ប្រមាណ ០,២៥ភាគរយក្នុងខែមេសា ឆ្នាំ២០២៤។ 
 
«តួលេខអតិផរណាបានកំពុងតែមាននិន្នាធ្លាក់ចុះ  ដូច្នេះ ECB នឹងមិនដំឡើងអត្រាការប្រាក់ម្តងទៀតទេ»។ នេះបើតាមលោកស្រី​ Maeva Cousin សេដ្ឋវិទូជាន់ខ្ពស់នៅ Bloomberg Economics ។
 
យ៉ាងណាមិញ មន្ត្រី ECB នៅតែអះអាងថា គោលនយោបាយរូបិយវត្ថុត្រូវតែរឹតបន្តឹង ដើម្បីធានាបាននូវកម្រិតអតិផរណាគោលដៅត្រឡប់មកគោលដៅ២ភាគរយ ហើយតាមដានយ៉ាងដិតដល់នូវសម្ពាធតម្លៃពីការកើនឡើងប្រាក់ឈ្នួល និងទីផ្សារថាមពល។
 
បន្ថែមពីនេះ ប្រធានធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Lagarde បានព្រមានថា  អតិផរណាតំបន់ចាយប្រាក់អឺរ៉ូទំនងជានឹងកើនឡើងខ្ពស់មុនពេលត្រលប់ទៅគោលដៅវិញ ដោយសារការដកចេញនូវវិធានការនានាបន្តិចម្តងៗរបស់រដ្ឋាភិបាលក្នុងតំបន់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពល៕  
 
 

Tag:
 អឺរ៉ុប
  អតិផរណា
  ធនាគារកណ្តាល
  ECB
© រក្សាសិទ្ធិដោយ thmeythmey.com