កីឡាអន្តរជាតិ
អន្តរជាតិ
លោក Southgate ៖ អង់គ្លេសត្រៀមខ្លួនរួចហើយ សម្រាប់ប្រជែង Euro 2024
04, Dec 2023 , 9:59 am        
រូបភាព
លោក ​Gareth Southgate អះអាងថា ក្រុមជម្រើសជាតិអង់គ្លេស បានត្រៀមខ្លួនរួចរាល់ សម្រាប់ដំណើរក្នុងការប្រកួតប្រជែង ក្នុងពានរង្វាន់ Euro 2024 ។ អ្នកចាត់ការក្រុមដដែល ថែមទាំងរំពឹងថា ក្រុមរហស្សនាមតោកំណាច នឹងក្លាយជាក្រុមចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមការប្រកួត ដែលចូលចិត្តទស្សនាបំផុត។

អង់គ្លេស ត្រូវបានចាប់ចូលក្នុងពូល C ដោយពួកគេបានគេចចេញផុតពីពូលដែលមានក្រុមខ្លាំងៗ។ ក្នុងពូល C នេះមានវត្តមានក្រុមស្លូវ៉េនី, ដាណឺម៉ាក និងស៊ែប៊ី។ ព្រឹត្តិការណ៍ Euro 2024 នឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ នាពាក់កណ្ដាលខែមិថុនា ឆ្នាំក្រោយ។
 
លោក Southgate ដែលបានចូលកាន់កាប់តំណែងនៅក្រុមជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ ២០១៦ បានជួយក្រុមតោកំណាច់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​World Cup 2018 និងវគ្គផ្តាច់ព្រ័ត្រ Euro 2020 ដែលធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស។ កាលនោះអង់គ្លេសជាក្រុមជើងឯករង ក្រោយចាញ់អ៊ីតាលីក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។ 
 
អង់គ្លេសជាក្រុមដែលឆ្លងកាត់ពីវគ្គជម្រុះមកដោយលទ្ធផលមិនដែលចាញ់ការប្រកួតម្តងឡើយ ក្នុងអំឡុងឆ្នាំ២០២៣នេះ។ ជាមួយលទ្ធផលដ៏ល្អរបស់ខ្លួនបែបនេះ បានធ្វើឱ្យអ្នកចាត់ការក្រុមលោក Southgate មានទំនុកចិត្តខ្លាំងសម្រាប់ការប្រជែងនៅជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024។
 
«ពួកគេធ្លាប់បានលេងការប្រកួតធំៗ និងបានបញ្ចេញនូវសមត្ថភាពយ៉ាងខ្លាំង ពួកគេបានលេងការប្រកួតធំៗរួមគ្នា និងដាច់ដោយឡែក ដូច្នេះយើងរីករាយក្នុងការសម្លឹងមើលទៅមុខចំពោះការប្រកួតនារដូវក្តៅដែលនឹងមកដល់ខាងមុខ។ យើងមានអារម្មណ៍ថាក្រុមកំពុងតែកសាងនូវទម្រង់លេងដ៏ល្អ ហើយប្រទេសអង់គ្លេសនឹងប្រកួតប្រជែងសម្រាប់អនាគតដ៏ខ្លីខាងមុខ ជាមួយនឹងកីឡាករវ័យក្មេងកំពុងមានសមត្ថភាពខ្លាំងៗរបស់យើង។»។ លោក Southgate បាននិយាយប្រាប់អ្នកកាសែត ក្នុងកិច្ចសម្ភាសអំឡុងកម្មវិធីចាប់ឆ្នោតព្រឹត្តិការណ៍ Euro 2024។
 
បច្ចុប្បន្នអង់គ្លេសមានខ្សែប្រយុទ្ធ Harry Kane ដែលជាប្រធានក្រុមកំពុងតែមានទម្រង់លេងល្អខ្លាំង ក្រោយរូបគេផ្លាស់ទៅកាន់ក្រុម Bayern Munich រួមទាំងការចូលរួមចំណែកយ៉ាងអស្ចារ្យពីសំណាក់ខ្សែបម្រើ Jude Bellingham ដែលកំពុងឡើងជើងខ្លាំងនៅក្នុងក្រុម Real Madrid បានរួមគ្នាធ្វើព្យុះភ្លៀង សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស៕
 

Tag:
 Euro 2024
  Gareth Southgate
© រក្សាសិទ្ធិដោយ thmeythmey.com