ជាតិ
រដ្ឋមន្រ្តីទេសចរណ៍ លោក សុខ សូកេន ជាមនុស្សទី១ ដែលទទួលបានការសរសើរពីនាយករដ្ឋមន្រ្តី
03, Dec 2023 , 6:10 pm        
រូបភាព
ដំណើរការក្បាលម៉ាស៊ីន បានជាង៣ខែ សម្ដេច ហ៊ុន ម៉ាណែត បានពោលសរសើរលោក សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថា ជាមនុស្សដែលធ្វើការងារច្រើន នៅតាមមូលដ្ឋាន។ សម្ដេចនាយករដ្ឋមន្រ្តី សរសើរជាសាធារណៈបែបនេះ នៅក្នុងកម្មវិធីបិទជាផ្លូវការបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍" នៅថ្ងៃទី៣ ធ្នូ។

«ឯកឧត្តម សូ សុខកេន និយាយតិច តែធ្វើការងារច្រើន»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អាណត្តិទី៧រូបនេះ មិនមែនធ្វើការតែក្នុងការរិយាល័យនោះទេ។ បើតាមព័ត៌មានដែលសម្ដេច ទទួលបាននោះ គឺលោក សុខ សូកេន ចុះមូលដ្ឋានជាប្រចាំ នៅតំបន់ខេត្តសៀមរាប កំពត កែប និងតំបន់ទេសចរណ៍នានា។ ជាពិសេសចុះជួបជាមួយប្រតិបត្តិករសេវាទេសចរណ៍ផ្ទាល់ ដើម្បីរៀបចំគម្រោង និងផែនការអភិវឌ្ឍន៍ ដែលគាំទ្រដល់គោលនយោបាយរដ្ឋាភិបាល។
 


រដ្ឋមន្រ្តីបែបនេះ ជាបំណងដែលសម្ដេច ហ៊ុន ម៉ាណែត ចង់បាន។ ប្រមុខរដ្ឋាភិបាល បានរម្លឹកបែបនេះថា៖«សូមធ្វើជាមន្ត្រីជើង២ កុំធ្វើជាមន្ត្រីជើង១០»។ ពាក្យមន្ត្រីជើង២ គឺសំដៅលើមន្ត្រីដែលចុះបំពេញការងារផ្ទាល់នៅតាមមូលដ្ឋាន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា។ ចំណែកមន្ត្រីជើង១០ គឺសំដៅលើមន្រ្តី ដែលបម្រើការងារនៅតែក្នុងការិយាល័យ ហើយរង់ចាំតែរបាយការណ៍ ដោយមិនពិនិត្យមើលស្ថានភាពជាក់ស្ដែង។ 
 
១០០ថ្ងៃ នៃដំណើរការក្បាលម៉ាស៊ីនរដ្ឋាភិបាលអាណត្តិទី៧នេះ រដ្ឋមន្រ្តីទេសចរណ៍ លោក សុខ សូកេន ជាមនុស្សទី១ ដែលទទួលបានការសរសើរពីនាយករដ្ឋមន្រ្តី ជាសាធារណៈ។

Tag:
 ហ៊ុន ម៉ាណែត
  សុខ សុកេន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com