អន្តរជាតិ
លោកស្រីTsai ប្រាប់អ្នកបោះឆ្នោតឱ្យគិតអនាគតតៃវ៉ាន់ដោយមើលហុងកុងជាគំរូ មុនដាក់សន្លឹកឆ្នោតក្នុងប្រអប់
04, Dec 2023 , 10:35 am        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅក្នុងវេទិកាធុរកិច្ចមួយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាព X_Tsai Ing-wen
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅក្នុងវេទិកាធុរកិច្ចមួយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាព X_Tsai Ing-wen
ប្រធានាធិបតីជិតផុតអាណត្តិតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី៣ ខែធ្នូ បានប្រាប់អ្នកគាំទ្របក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ឱ្យមើលស្ថានភាពហុងកុងជាគំរូ មុននឹងសម្រេចចិត្តបោះឆ្នោតគាំទ្របក្សប្រឆាំង។ បក្សគូមិញតាង ដែលគាំទ្រចិន ជាបក្សប្រឆាំងដ៏សំខាន់មួយ នៅក្នុងការបោះឆ្នោតប្រធានាធិបតី និងសភា នៅខែមករា ឆ្នាំ២០២៤។

 
បាំងតែជាង ១ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតី និងសភាតៃវ៉ាន់ នឹងមកដល់ ខណៈអ្នកនយោបាយដែនកោះមួយនេះ បានទាញប្រធានបទចិន ដើម្បីបង្កើនប្រជាប្រិយភាព និងការគាំទ្រ។ ក្នុងការស្វែងរកការគាំទ្រ បក្សគូមិញតាងកន្លងមក បានប្រាប់ប្រជាជនថា ការបោះឆ្នោតឱ្យបក្សប្រជាធិបតេយ្យជឿនលឿន គឺស្មើនឹងការបញ្ជូនមនុស្សទៅធ្វើសង្រ្គាម ដោយសារបក្សនយោបាយមួយនេះ គាំទ្រឯករាជ្យភាព។ ចិនបដិសេធដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ ហើយថែមទាំងព្រមានប្រើកម្លាំងទ័ពវាយប្រហារថែមទៀត។ 
 
តបនឹងបក្សគូមិញតាង លោកស្រី Tsai Ing-wen ប្រធានាធិបតីជិតផុតអាណត្តិ បានទទូចឱ្យអ្នកគាំទ្ររបស់បក្សខ្លួន គិតគូរពីអនាគតតៃវ៉ាន់ ដោយមើលស្ថានភាពហុងកុងជាគំរូ។ 
 
«សូមមើលហុងកុង ហើយគិតពីអនាគតរបស់តៃវ៉ាន់។ យើងមិនចង់បានសន្តិភាពបែបហុងកុងឡើយ។ យើងចង់បានសន្តិភាពពេញលេញ»។ លោកស្រីប្រធានាធិបតី បានសង្កត់ធ្ងន់បែបនេះ ក្នុងយុទ្ធនាការស្វែងរកការគាំទ្រចំពោះលោក William Lai បេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យជឿនលឿន ក្នុងក្រុងតៃប៉ិ នៅថ្ងៃទី៣ ខែធ្នូ។
 
ការលើកឡើងរបស់លោកស្រី Tsai ទំនងសំដៅដល់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» នៅហុងកុង ដែលរដ្ឋាភិបាលក្រុងប៉េកាំង ធ្លាប់ស្នើចំពោះក្រុងតៃប៉ិផងដែរ។ នៅក្នុងឆ្នាំ២០២០ ប្រជាជនហុងកុង ជាច្រើននាក់ បានធ្វើបាតុកម្មប្រឆាំងនឹងការអនុម័តច្បាប់សន្តិសុខជាតិ ដែលត្រូវបានប្រទេសលោកខាងលិច ចាត់ទុកជាការបង្កើនដែនគ្រប់គ្រងរបស់ចិនលើហុងកុងបន្ថែម។ យ៉ាងណាមិញ ក្រុងប៉េកាំង បានចេញមុខការពារថា ច្បាប់សន្តិសុខជាតិ ជាការរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់លើហុងកុង។ 
 
មិនតែប៉ុណ្ណោះ លោកស្រីមេដឹកនាំ បានបន្ថែមថា ដើម្បីធានាលើសន្តិភាព តៃវ៉ាន់ចាំបាច់ណាស់ ក្នុងការពង្រឹងសមត្ថភាពការពារ ប៉ុន្តែរដ្ឋាភិបាលក្រុងតៃប៉ិក៏មិនបង្ករឿងដាក់ប្រទេសជិតខាងដែរ។ 
 
ការលើកឡើងរបស់លោកស្រី Tsai ធ្វើឡើងក្រោយពេល ២ថ្ងៃប៉ុណ្ណោះ នៅពេលតៃវ៉ាន់ និងអាម៉េរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលសម្រាប់បំពាក់លើយន្តហោះចម្បាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥៤៧លានដុល្លារ។ មីស៊ីលទាំងនោះ នឹងជួយបង្កើនសមត្ថភាពការពារ និងវាយប្រហាររបស់យន្តហោះចម្បាំង F-16V តៃវ៉ាន់បន្ថែមទៀត។ 
 
កន្លងមក ក្រសួងការបរទេសអាម៉េរិក បានផ្តល់ភ្លើងបៃតងក្នុងការលក់អាវុធឱ្យតៃវ៉ាន់ ជាញឹកញាប់ ដើម្បីជួយតៃវ៉ាន់អាចមានសមត្ថភាពស្វ័យការពារបាន ក្នុងករណីមានសត្រូវ ជាពិសេសចិន វាយប្រហារ។ 
 
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតនៅខែមករា ឆ្នាំ២០២៤ បក្សប្រជាធិបតេយ្យជឿនលឿន បានជ្រើសលោក William Lai ជាបេក្ខជនប្រធានាធិបតី និងលោកស្រី Hsiao Bi-khim ជាបេក្ខជនអនុប្រធានាធិបតី។ ចំណែកបក្សគូមិញតាង ដែលជាបក្សប្រឆាំងដ៏សំខាន់ និងទំនោរទៅរកចិន បានជ្រើសលោក Hou Yu-ih ជាបេក្ខជនប្រធានាធិបតី និងលោក Jaw Shaw-kong ជាអនុប្រធានាធិបតី។ ដោយឡែកបក្សប្រជាជនតៃវ៉ាន់ បានជ្រើសលោក Ko Wen-je ជាបេក្ខជនប្រធានាធិបតី​ និងលោកស្រី Cynthia Wu ជាបេក្ខជនអនុប្រធានាធិបតី៕ 

Tag:
 តៃវ៉ាន់
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com