កីឡាអន្តរជាតិ
អន្តរជាតិ
Man City ស្មើ Spurs ធ្លាក់ទៅលខ៣ ខណៈ Liverpool ឡើងលេង២
04, Dec 2023 , 11:59 am        
រូបភាព
ក្រុម Manchester City រងការខកចិត្តសារជាថ្មីនៅក្នុងការប្រកួតស្មើ ៣-៣ ទល់ក្រុមភ្ញៀវ Tottenham Hotspur នារាត្រីថ្ងៃទី៣ ខែធ្នូ ក្នុងកីឡដ្ឋាន Etihad ដែលជាការប្រកួតស្មើលើកទី៣ នៅក្នុងក្របខណ្ឌ Premier League របស់ពួកគេ។



ក្រុមម្ចាស់ផ្ទះដែលជាក្រុមការពារតំណែងជើងឯក ត្រូវបានក្រុម Spurs ស៊ុតបើកការនាំមុខតាំងតែនាទី៦ ដោយកីឡាករប្រធានក្រុម Heung-Min Son ប៉ុន្តែប្រធានក្រុមសញ្ជាតិកូរ៉េខាងត្បូង បែរជារបូតភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯងវិញនៅ៣នាទីបន្ទាប់ ដែលផ្តល់ឱកាសដល់ Man City តាមស្មើ ១-១ ត្រឹម។ Man City បានវាយបក ដោយកីឡាករ Phil Foden ស៊ុតរកបានគ្រាប់ទី២ នៅនាទី៣១ ប៉ុន្តែត្រូវបានកីឡាករ Giovani Lo Celso របស់ Spurs ស៊ុតតាមស្មើ ២-២ នៅនាទី៦៩ ក្នុងវគ្គទីពីរ។ 
 
យ៉ាងណាក្រុមម្ចាស់ផ្ទះនៅតែអាចរកបានគ្រាប់ទី៣ ដោយខ្សែប្រយុទ្ធ Jack Grealish នៅនាទី៨១ ប៉ុន្តែសំណាងមិនផ្តល់ឱ្យក្រុមដែលដឹកនាំដោយលោក Pep Guardiola ឡើយ ដោយកីឡាករ Dejan Kulusevski រកបានគ្រាប់បាល់តាមស្មើ ៣-៣ សម្រាប់ក្រុមមកពីទីក្រុងឡុងដ៍នៅនាទី ៩០ចុងបញ្ចប់នៃវគ្គទៅហើយ។​
 
Man City ស្មើ ៣លើកជាប់គ្នាក្នុងលីគកំពូលអង់គ្លេស ធ្វើឱ្យពួកគេធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយមាន ៣០ពិន្ទុ មានគម្លាត ៣ពិន្ទុពីក្រុម Arsenal ដែលឈរនៅកំពូលតារាង។ ចំណែក Spurs បន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៥ មាន ២៧ពិន្ទុក្នុងដៃពីការប្រកួតចំនួន ១៤លើក។
 
ស្មើ ៣ប្រកួតមិនដែលឈ្នះ បានក្លាយជាកំណត់ត្រាលើកដំបូងរបស់ក្រុម Man City ក្នុងរយៈពេល ៦ រដូវកាលចុងក្រោយ​។​
 
Liverpool ឡើងឈរ ២ លើក្រុម Man City ដោយមានគម្លាត ១ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Fulham ដោយលទ្ធផលយ៉ាងតានតឹង ៤-៣។ ជ័យជម្នះរបស់ក្រុមរហស្សនាមហង្សក្រហមអរគុណដល់ការស៊ុតបាល់ចុងម៉ោងពីសំណាក់កីឡាករ Trent Alexander-Arnold។ 
 
ដោយលែកក្រុម Chelsea ដែលមានគ្នាត្រឹម ១០នាក់ បានឈ្នះ Brighton & Hove Albion ក្នុងកីឡដ្ឋាន Stamford Bridge ដោយលទ្ធផល ៣-២ ដើម្បីបន្តប្រជែងចំណាត់ថ្នាក់ឱ្យខិតកាន់តែជិតសម្រាប់កៅអីប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុប។ Brighton បន្តឈរនៅចំណាត់ថ្នាក់លេខ ៨ ពីក្រោមក្រុម Manchester United។
 
ក្រុមចំណាត់ថ្នាក់លេខ ៤ Aston Villa ជួបប្រទះលទ្ធផលស្មើ ២-២ ទល់នឹងក្រុម AFC Bournemouth ខណៈដែល West Ham United ក៏ស្មើ ១-១ ក្នុងទឹកដីទល់នឹងក្រុមភ្ញៀវ Crystal Palace៕

Tag:
 Manchester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com