កីឡាអន្តរជាតិ
អន្តរជាតិ
M5៖ ក្រោយឈ្នះជំនួបបើកឆាក See You Soon បន្តប៉ះក្រុមជើងឯក Triple Esports ពីអារ៉ាប៊ីសាអូឌីត
04, Dec 2023 , 12:29 pm        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក See You Soon តំណាងកម្ពុជានឹងត្រូវបន្តដំណើរការប្រកួតក្នុងពូល ​A សម្រាប់ពានរង្វាន់ M5 World Championship ដោយត្រូវប៉ះក្រុមជើងឯកមកពីអារ៉ាប៊ីសាអូឌីត Triple Esports ដែលធ្វើឡើងនៅវេលាម៉ោង ១រសៀល ថ្ងៃទី៤ ខែធ្នូ ក្នុងប្រទេសហ្វីលីពីន។



ក្រុមម្ចាស់ពាន MPL Cambodia រដូវកាលទី៥ លើវិញ្ញាសា Mobile Legends Bang Bang បានឈ្នះការប្រកួតលើក្រុម Bigetron Sons មកពីប្រេស៊ីល ក្នុងជំនួបពូល A លើកដំបូងរបស់ពួកគេ ដោយប្រើពេលវេលាសរុបត្រឹម ២២នាទី សម្រាប់យកលទ្ធផលវគ្គ ២-០ រាត្រីថ្ងៃទី៣ ខែធ្នូ។​ See You Soon រកបាន ១ពិន្ទុ ឈរលេខ ២ ក្នុងពូលបណ្តោះអាសន្ត។ 
 
វិលមកការប្រកួតបន្ត See You Soon នឹងត្រូវប៉ះក្រុមជើងឯក MPL MENA ក្រុម Triple Esports មកពីប្រទេសអារ៉ាប៊ីសាអូឌីតដែលជាក្រុមខ្លាំងមួយមកពីប្រទេសតំបន់មជ្ឈិមបូព៌ា ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ១រសៀល (ម៉ោងនៅកម្ពុជា)។ Triple Esports ទើបតែជាការប្រកួតក្នុងពូលដំបូងរបស់ពួកគេ។
  


ពូល A ដែលក្រុមរបស់កម្ពុជាកំពុងស្ថិតនៅ មានក្រុមខ្លាំងដូចជា ONIC Esports ដែលកំពុងឈរនៅកំពូលតារាងបណ្តោះអាសន្ន ក្រោយពួកគេបានយកឈ្នះលើក្រុម Bigetron Sons លទ្ធផល ២-០ ដូចគ្នាកាលពីថ្ងៃទី២ ខែធ្នូ។ រវាង See You Soon នឹង ONIC នឹងត្រូវប៉ះគ្នានៅការប្រកួតក្នុងពូលចុងក្រោយរបស់ខ្លួន ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ។ 
 
M5 World Championship ជាពានរង្វាន់ពិភពលោកដែលប្រមូលផ្តុំក្រុមជើងឯកកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends ខ្លាំងៗតាមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងក្រុមជើងឯកមកពីទ្វីបនានាជុំវិញពិភពលោកដើម្បីប្រកួតប្រជែងស្វែងរកក្រុមដែលខ្លាំងជាងគេបង្អស់សម្រាប់តំណែងម្ចាស់ពានពិភពលោក M5៕
 

Tag:
 See You Soon
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com