កីឡាជាតិ
ជាតិ
CPL៖ ណាហ្គាវើលដ៍ ផ្តល់បរាជ័យដំបូងឱ្យ ស្វាយរៀង នៅសប្តាហ៍ទី១២
04, Dec 2023 , 2:29 pm        
រូបភាព
រូបភាព៖ CPL
រូបភាព៖ CPL
ព្រះខ័នរាជស្វាយរៀង ស្គាល់បរាជ័យលើកដំបូងក្នុងលីគកីឡាបាល់ទាត់កំពូលកម្ពុជាខេមបូឌានព្រីមៀលីគរដូវកាលនេះ ក្រោយចាញ់ណាហ្គាវើលដ៍ ១-០ ក្នុងជំនួបសប្តាហ៍ទី១២។ ស្គាល់ចាញ់ដំបូង តែស្វាយរៀងនៅតែមានពិន្ទុនាំមុខដាច់ក្នុងតារាង CPL។



កីឡាករ ឡេង មករា ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមណាហ្គាវើលដ៍ នៅកីឡដ្ឋានកំពង់ស្ពឺនៅថ្ងៃទី៣ ខែធ្នូ។ ជាគ្រាប់បាល់ដំបូងសម្រាប់ក្រុមទទួលបាន៣ពិន្ទុផង និងជាគ្រាប់បាល់ដែលធ្វើឱ្យស្វាយរៀងបញ្ចប់កំណត់ត្រាមិនចាញ់សោះក្នុងលីគផង។
 
យ៉ាងណាក៏ដោយ ជ័យជម្នះដ៏សំខាន់នេះមានការជ្រោមជ្រែងសង្គ្រោះបាល់យ៉ាងច្រើនពីនាក់ចាំទី សូ យ៉ាទី ដោយអតីតអ្នកចាំទីជម្រើសជាតិកម្ពុជារូបនេះ ជាប់ជាកីឡាករល្អ (Man of the match) ប្រចាំការប្រកួតនេះ។
  


តាមរយៈជ័យជម្នះទី៣ ចំណោម១២ប្រកួត ក្នុងលីគរដូវកាល ២០២៣-២៤ នេះ ណាហ្គាវើលដ៍ ឈរចំណាត់ថ្នាក់ទី៨ មាន១៣ពិន្ទុ​ ស្របពេលព្រះខ័នរាជស្វាយរៀងនៅរក្សាកំពូលតារាងដដែល ដោយរកបាន៣១ពិន្ទុ។
 
ជំនួបគូដទៃទៀត បឹងកេតស្មើព្រៃវែង ២-២ ឯ អាយ អេស អាយ ដង្កោសែនជ័យ ស្មើវិសាខា ១-១។ គិរីវង់សុខសែនជ័យ ចាញ់អង្គរថាយហ្គឺរ ៣-១។ 
 
វិសាខា ឈរលេខ២បណ្តោះអាសន្នមាន២៣ពិន្ទុ ស្មើម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោនដែលស្ថិតនៅលេខ៣ តាមនៅសល់១ប្រកួតក្នុងដៃ។ ដង្កោ នៅលេខ៤មាន១៧ពិន្ទុ តាមពីក្រោយដោយបឹងកេតមាន១៦ពិន្ទុ និង ព្រៃវែងមាន១៤ពិន្ទុ។ ទ័ព (Tiffy Army Fc) ដែលនឹងត្រូវជួបភ្នំពេញក្រោននៅថ្ងៃនេះ នៅចំណាត់ថ្នាក់ទី៧ មាន១៣ពិន្ទុ ស្មើណាហ្គាវើលដ៍។

អង្គរថាយហ្គឺរ នៅលេខ៩មាន១១ពិន្ទុ ខណៈគិរីវង់នៅបាតតារាងមាន៥ពិន្ទុ៕

Tag:
 Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com