សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុនកម្ទេចទុរេន និងម្ទេសវៀតណាម ក្រោយរកឃើញសារធាតុគីមីលើសលុប
04, Dec 2023 , 2:59 pm        
រូបភាព
ទុរេន និងម្ទេសដែលនាំចូលពីវៀតណាម ២កុងតឺន័រត្រូវបានអាជ្ញាធរជប៉ុនបំផ្លាញចោលកាលពីខែតុលា ដោយសាររកឃើញសារធាតុគីមីលើសស្តង់ដារនៃការនាំចូល។

 
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅជប៉ុនបានប្រាប់សារព័ត៌មាន VnExpress ថា ថ្មីៗនេះទុរេន និងម្ទេសដែលនាំចេញពីវៀតណាមត្រូវបានទីភ្នាក់ត្រួតពិនិត្យជំងឺរបស់ជប៉ុនរកឃើញសារធាតុគីមីលើសកម្រិតស្តង់ដារ។ 
 
ក្នុងនោះទុរេនវៀតណាមប្រមាណ១,៤តោនដែលនាំចេញនៅថ្ងៃទី៥ ខែតុលា ត្រូវបានរកឃើញសារធាតុគីមី procymidone នៅកំហាប់០,០៣ppm ខណៈដែលស្តង់ដារអនុញ្ញាតឲ្យមានការនាំចូលរបស់ជប៉ុនមានត្រឹមតែ ០,០១ppm។ នេះជាសារធាតុគីមីនៅក្នុងថ្នាំសម្លាប់សត្វល្អិតដែលអាចសម្លាប់ពពួកផ្សិត ។
 
ទន្ទឹមនេះ ម្ទេសទម្ងន់ជាង៤តោនត្រូវបានរកឃើញសារធាតុគីមីចំនួន៤ប្រភេទ ក្នុងនោះសារធាតុគីមី២ប្រភេទលើសស្តង់ដារនៃការអនុញ្ញាតនាំចូលដូចជា tricyclazole ០,២ppm និង hexaconazole ០,០៣ppm ខណៈពេលដែលស្តង់ដារអនុញ្ញាតគឺ ០,០១ppm ។
 
ក្រោយរកឃើញសារធាតុគីមីទាំងនេះ អាជ្ញាធរជប៉ុនបានកម្ចេចចោលទំនិញទាំងនេះតែម្តង។ 
 
លោក  តាក់ ឌឹក មិញ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅជប៉ុនបាននិយាយថា ខ្លួនបានរាយការណ៍ព័ត៌មាននេះទៅអាជ្ញាធរវៀតណាមហើយ ដើម្បីព្រមានអំពីស្ថានភាពទំនិញដែលបំពានលើបទប្បញ្ញត្តិនៅក្នុងប្រទេសនាំចូល។
 
បើតាមលោក ឌឹក មិញ ការបំពានស្រដៀងគ្នានេះមិនមែនមានតែវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានការនាំចេញផ្លែឈើជាច្រើនពីប្រទេសជឿនលឿនផ្សេងទៀតដែរ។ យ៉ាងណាមិញ ជប៉ុនជាទីផ្សារដែលមានតម្រូវការនាំចូលផ្លែឈើខ្ពស់។ ដើម្បីមានការនាំចេញប្រកបដោយស្ថិរភាព អាជីវកម្មវៀតណាមត្រូវតែធានាគុណភាពផលិតផល តម្លៃលក់ និងទិន្នផលផ្គត់ផ្គង់។
 
យោងតាមអគ្គនាយកដ្ឋានគយវៀតណាម រយៈពេល ១០ខែឆ្នាំនេះ ជប៉ុនជាទីផ្សារនាំចេញធំជាងគេទីបីសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ដែលស្មើនឹង ៧,៤ភាគរយនៃតម្លៃនាំចេញសរុប។ ក្នុង​នោះ​​បន្លែ និង​ផ្លែឈើ​ដែល​នាំ​ចេញ​ទៅ​ជប៉ុន​សម្រេច​បាន​ជាង ​១៥០​លាន​ដុល្លារ កើនឡើង​៦,៦ភាគរយ​ធៀប​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​មុន៕ 

Tag:
 ទុរេន
  ម្ទេស
 ​ ជប៉ុន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com